ព្យាបាលថ្ម​ប្រាសាទ ​ដែល​មាន​ភាព​ពុក​ផុយ​ ដើម្បី​ឱ្យ​នៅ​ គង់​វង្សបាន​យូ​រ

ខេត្តសៀមរាប​ ៖ ​ថ្ម​ដែល​មាន​អាយុកាល​យូរដូច​ជា​ថ្ម​ប្រាសាទ​ជាដើម មាន​ភាព​ពុក​ផុយត្រូវការការ​ព្យាបាល​ដើម្បី​ពង្រឹង​សាច់​ថ្ម​ឡើង​វិញប្រៀប​ដូច​ជា​មនុស្ស​ឈឺអស់កម្លាំង ឬ​មនុស្ស​ចាស់​មាន​កម្លាំង​ខ្សោយ​ត្រូវការ​ថ្នាំ​ជំនួយ​កម្លាំង​ដូច្នោះ​ដែរ​។

នេះ​ជា​ការ​រៀប​រាប់​របស់​លោក ឡុ​ង ណា​រី ប្រធាន​ក្រុម​អភិរក្ស​ថ្ម​របស់​អាជ្ញាធរ​ជាតិ​អប្សរាក្នុង​ឱកាស​ដែល​លោក និង​ក្រុមការងារ​កំពុង​តែ​បាញ់ថ្នាំ​តាម​បំពង់​សេរ៉ូម​ចូល​ទៅ​ក្នុង​សាច់​ថ្ម​បង្កាន់ដៃ​នាគដែល​លោក​កំពុង​ជួសជុល​នៅ​ប្រាសាទ​បន្ទាយ​សំរែ​។​

លោក​រៀបរាប់​បន្ត​ថា ថ្នាំ​ដែល​បាញ់​បញ្ចូល​ទៅ​ព្យាបាល​ថ្ម​នេះផ្សំ​ឡើង​ពី​អាល់កុល និង​ជាតិ​ស៊ី​លី​កាតដូច​គ្នា​នឹង​សារជាតិ​ដែល​មាន​ស្រាប់​ក្នុង​ស្រទាប់ថ្ម​។ ក្រោយ​ពេល​បាញ់ថ្នាំ​បញ្ចូល​ទៅជាតិ​អាកុល​នឹង​រសាត់​អស់ នៅ​សល់​តែ​ជាតិ​ស៊ី​លី​កាត​ដែល​ចូល​ទៅ​ចាប់​គ្រាប់​ល្អិត​ៗ​នៃ​ថ្មធ្វើ​ឲ្យ​ថ្ម​រឹង​មាំ​ឡើង​វិញ​។

ការ​ចាក់​ថ្នាំ​បញ្ចូល​ថ្ម​នេះ បើ​ធ្វើ​ចំពោះ​ថ្ម​ប្រាសាទធំ​ៗ​ត្រូវ​ចំណាយពេល​យូរទើបត្រូវ​ព្យួរសេរ៉ូម​ទុក​ចោល​រាប់​ម៉ោង ដូច​ជា​ដាក់​សេរ៉ូម​ឲ្យ​មនុស្ស​ឈឺ​ដែរ​។  អ្នកជំនាញ​ជួសជុល​ថ្ម​រូប​នេះ​រៀបរាប់​ថា ក្នុង​ថ្ម​មាន​ជាតិ​សី​លី​កាត​ដែល​ភ្ជាប់​គ្រាប់​ល្អិត​ៗ​នៃ​ថ្ម​ឲ្យ​មាន​ភាពរឹងមាំ ប៉ុន្តែ​សារជាតិ​នេះ​នឹង​ថមថយ​បន្តិច​ម្តង​ៗ នៅ​ពេល​ដែល​មាន​អាយុកាល​កាន់តែ​ច្រើន​។

បើ​ពុំ​មាន​ថ្នាំ​ចូល​ទៅ​ពង្រឹង​ឡើង​វិញ​ទេ ថ្ម​ផុយ​នេះ​នឹង​ចាប់ផ្តើម​ផុយ​របេះ​បណ្តើរ​ៗ ហើយ​ធ្លាក់​បាក់​ដូចដែល​យើង​ធ្លាប់​ឃើញ​កន្លង​មក​។

ទាក់ទង​នឹង​គុណភាព​វិញ លោក​បញ្ជាក់​ថា បើ​នៅ​ស្រុក​គេ​ដែល​មាន​អាកាសធាតុ​ត្រជាក់ ដូច​ជា​ប្រទេស​អា​ល្លឺ​ម៉​ង់​ជាដើម ដែល​បាន​ប្រើប្រាស់​ថ្នាំ​ប្រភេទ​នេះ ចាក់​ម្តង​វា​អាច​ជួយ​ពង្រឹង​ថ្ម​បាន​ដល់​ទៅ​៣០​ឆ្នាំ តែ​ចំពោះ​ស្រុក​ខ្មែរ​វិញ ដែល​មាន​អាកាសធាតុ​ក្តៅ​ផង ត្រជាក់​ផង​ផ្លាស់​ប្តូរ​គ្នា​ខ្លាំង​ៗ​បែប​នេះ អាច​មិន​ដល់​៣០​ឆ្នាំ​ទេ​។

តែ​ទោះជា​យ៉ាងណា បើ​រូបចម្លាក់​ដែល​ស្ថិត​នៅ​ក្នុង​ទី​ម្លប់​ដូច​ជា​ក្នុង​សារមន្ទីរ​ជាដើម វា​អាច​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​៣០​ឆ្នាំទៅ​ទៀត​។​ អ្នកជំនាញ​ជួសជុល​ថ្ម ដែល​មានបទពិសោធន៍​ជិត​២០​ឆ្នាំ​រូប​នេះ រៀបរាប់​ថា ការ​អភិរក្ស​ថ្ម​មិន​ខុស​ពី​ការ​ថែរក្សា​មនុស្ស​ចាស់​នោះ​ទេ ពោល​គឺ​ឈឺ​មិន​ចេះ​ឈប់​​ តែ​ទោះជា​យ៉ាងណា​ក៏​យើង​នៅ​តែ​ព្យាយាម​បណ្តុះបណ្តាល​មនុស្ស​ក្មេង​ៗ​ជំនាន់​ក្រោយ​​​ទៀតដើម្បី​បន្តការងារ​ណា​ដែល​យើង​មិន​អាច​បញ្ចប់​បាន​៕​​

ព្យាបាលថ្ម​ប្រាសាទ ​ដែល​មាន​ភាព​ពុក​ផុយ​ ដើម្បី​ឱ្យ​នៅ​ គង់​វង្សបាន​យូ​រ
ព្យាបាលថ្ម​ប្រាសាទ ​ដែល​មាន​ភាព​ពុក​ផុយ​ ដើម្បី​ឱ្យ​នៅ​ គង់​វង្សបាន​យូ​រ
ព្យាបាលថ្ម​ប្រាសាទ ​ដែល​មាន​ភាព​ពុក​ផុយ​ ដើម្បី​ឱ្យ​នៅ​ គង់​វង្សបាន​យូ​រ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត