សមត្ថកិច្ច​ចម្រុះ​ឆ្មក់​ត្រួតពិនិត្យ​២​ទីតាំង​រក​ឧក្រិដ្ឋជន​ជម្រិត​ទារប្រាក់​តាម​អ៊ី​ន​ធើ​ណេ​ត ចាប់​បាន​តែ​ខ្យល់

ខេត្ត​ត្បូងឃ្មុំ ៖ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១៦ និង​ទី​១៧ តុលា ២០១៥ កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្នុង​នោះ​មាន​ផែន​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​, នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការ​នគរបាល​ជាតិ​, ប៉ូលិស​អន្តរជាតិ ព្រមទាំង​មានការ​ចូលរួម​ពី​ព្រះរាជអាជ្ញា​អម​អយ្យការ​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ប្រកប​អាជីវកម្ម ដែល​មាន​ជនជាតិ​ចិន​ស្នាក់​នៅ និង​ធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត នៅ​ក្នុង​កាស៊ីណូ «​ហេង​ហេង​» និង​ភោជនីយដ្ឋាន​​«ត្រពាំង​ផ្លុង​១៦៨» ស្ថិត​នៅ​ច្រក​អន្តរជាតិ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក តែ​មិន​មាន​អ្នក​ប្រព្រឹត្ត​បទល្មើស​ណា​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ឡើយ ។

លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្នុង​ពេល​ដែល​ចុះ​ពិនិត្យ​នៅ​ថ្ងៃ​ដំបូង​ក្នុង​កាស៊ីណូ «​ហេង​ហេង​» បាន​ចំនួន​២៣​បន្ទប់ ក្នុង​នោះ​ឃើញ​មាន​ជនជាតិ​ចិន​ចំនួន​៧០​នាក់​ដែល​កំពុង​តែ​ស្នាក់​នៅ (​ស្ត្រី​៧​នាក់​) តែ​ពុំ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​នោះ​ទេ ។ ចំណែក​ភោជនីយដ្ឋាន​​«ត្រពាំង​ផ្លុង​១៦៨» រក​ឃើញ​មាន​ជនជាតិ​ចិន​៧២នាក់ (​ស្ត្រី​១៩​នាក់​)  កំពុង​ស្នាក់​នៅ​ក្នុង​បន្ទប់​ចំនួន​៣០ ត្រូវ​បាន​បិទ​ជា​បណ្តោះ​អាសន្ន ដើម្បី​រង់ចាំ​ការ​ត្រួតពិនិត្យ​នៅ​ថ្ងៃស្អែក​បន្ត​ទៀត ។

លោក​វរសេនីយ៍ឯក ហ៊ា​ង ហ៊​ត់ ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​សន្តិសុខ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ប្រតិបត្តិការ​របស់​ប៉ូលិស​អន្តរជាតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ​, ខេត្តសៀមរាប និង​ខេត្ត​ត្បូងឃ្មុំ ជាប់​ព្រំដែន​វៀតណាម ។ ក្នុង​រយៈពេល​ដែល​ចុះ​ប្រតិបត្តិការ​នៅ​ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​ច្រក​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ក្នុង​គោលបំណង​ដើម្បី​ស្វែងរក​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ចាប់ជំរិត​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ដោយ​មាន​ជនជាតិ​ចិន​រាប់រយ​នាក់  តែ​តាម​ការ​ចុះ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​នៅ​ទីតាំង​២​កន្លែង​ខាងលើ រក​មិនឃើញ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​មានទោស​នោះ​ទេ ហើយ​នៅ​ថ្ងៃ​ទី​១៧ តុលា រូប​លោក​បាន​បន្ត​ចុះ​ទៅ​ច្រក​ត្រ​ពាង​ផ្លុ​ង​ម្តងទៀត តែ​រក​មិនឃើញ​ជនជាតិ​ចិន​ដែល​ជាប់ពិរុទ្ធ​នោះ​ទេ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្នុង​ពេល​ដែល​​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួតពិនិត្យ​នៅ​កាស៊ីណូ «​ហេង​ហេង​» និង​ភោជនីយដ្ឋាន​«ត្រពាំង​ផ្លុង​១៦៨» លេចឮ​ថា​មាន​ជនជាតិ​ជិន និង​វៀតណាម​ជា​ច្រើន​នាក់​បាន​រត់គេច​ចូល​ទៅ​ក្នុង​ព្រៃ​ជាប់​ព្រំ​ដៃ​ន​វៀតណាម ៕