ភ្លើង​ឆេះ​ទូក​ផ្ទុក​សម្ភារ​ចម្រុះ​របស់​វៀត​ណាម​៤​គ្រឿង​នៅ​កណ្តាល​ទន្លេ​ក្នុងខេត្ត​អាន​យ៉ាង​

ស្រុក​កោះ​ធំ ៖ ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ទូក​​​ចង​ផ្អោប​គ្នា​ចំនួន​៤​​គ្រឿង​ ដែល​មួយ​គ្រឿងៗមាន​ចំណុះ​ពី​៥០​តោន​ឡើង​ទៅ​ផ្ទុក​ដោយ​សម្ភារ​ចម្រុះត្រូវ​អគ្គិ​ភ័យ​ឆេះ​អស់​​ស្ទើរ​ទាំង​ស្រុង​ កាល​ពី​វេលា​ម៉ោង​៤ និង​៤៥​នាទី​​​​​​​ល្ងាច​ ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​ចំណុច​ភូមិ​ថាន់​ភូ ឃុំ​ឃិន​អាង ស្រុក​អាន​ភូ ខេត្ត​អាន​យ៉ាង ប្រទេស​វៀត​ណាម​ជាប់​ព្រំ​ប្រទល់​​នៅ​ទល់​មុខ​ប៉ុស្តិ៍​នគរ​បាល​ការ​ពារ​ព្រំ​ដែនបាក់​ណាម​ ក្នុង​ដែន​ទឹក​វៀត​ណាម​។

បន្ទាប់ពី​មាន​ភ្លើង​ឆាប​ឆេះ​​​ ម្ចាស់​ទូក​បាន​កាត់​ខ្សែ​ពួរ​ផ្តាច់​ចេញ​ពី​គ្នា​ ធ្វើ​ឱ្យ​ទូក​អណ្តែត​ទាំង​ភ្លើង​ឆាប​ឆេះ​តាម​ខ្សែ​ទឹក​ហូរ​ទៅ​ខាង​ក្រោម​។

មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យឆេះ​ទូក​នេះគេ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ។

តាម​ការ​ជូន​ដំណឹង​មិន​ទាន់​ច្បាស់​ការណ៍​មួយ​បាន​ឱ្យ​ដឹង​ថា ទូក​នេះ​មាន​ម្ចាស់​ឈ្មោះ​ហ៊ូ វ៉ាង ភេទ​ប្រុស ជា​ជន​ជាតិ​វៀត​ណាម មាន​ទី​លំនៅ​ភូមិ​ដុង​គី ឃុំ​វឹក​ថៃ ស្រុក​អាន​ភូ ខេត្ត​អាន​យ៉ាង ប្រទេស​វៀត​ណាម​ ៕