​បងប្រុស​ដេក​មមើ​​ធ្លាក់​ពីលើបន្ទប់ឡៅតឿ​សង្កត់​ប្អូនស្រី​ដេក​នៅ​ខាងក្រោមសន្លប់​

​រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​សន្លប់​មួយសន្ទុះ​ ខណៈ​​​មមើ​​​​ដើរ​ធ្លាក់​ពីលើ​បន្ទប់​ឡៅតឿ​​ពេល​យប់សង្កត់​លើ​ប្អូនស្រី​ដែល​ចង​មុង​ដេក​នៅ​ខាងក្រោម​បណ្តាល​ឲ្យ​រង​របួស​ធ្វើ​ឲ្យ​មានការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​និង​១៥​​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៧​ តុលា ​ស្ថិត​នៅផ្ទះ​លេខ​47A ​ក្នុង​បុរី​សន្តិភាព២​ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​បុរស​រង​គ្រោះ​​ឈ្មោះ ចៅ សឺ​ន ​អាយុ​៣៥​​ឆ្នាំ ​​ជា​ជាងសំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ មានស្រុក​កំណើត​​នៅ​ខេត្តតាកែវ ។

តាម​ប្រភព​ព័ត​មាន​ពី​សាច់ញាតិ​ជន​រង​គ្រោះ ​បាន​និយាយ​ថា ជា​រៀង​រាល់​យប់​​បុរស​​រង​គ្រោះ​​តែង​តែដេក​នៅ​ខាងក្រោម​តែ​ម្នាក់ឯង ចំណែក​ប្រពន្ធ​កូន​នៅ​ដេក​ក្នុង​បន្ទប់​ឡៅតឿ ​នៅ​យប់​កើតហេតុ​ពេល​ហូប​បាយ​​បាន​ហូប​ស្រា​ដើម្បី​បាយ​ឆ្ងាញ់​ជាមួយ​បងប្អូន​នៅ​ក្នុងផ្ទះ​​ ​លុះដល់​ម៉ោង​១០​យប់​ទើប​ចូល​ដេក ហើយ​​​ប្រពន្ធ​បាន​ហៅ​ឲ្យ​ទៅ​ដេក​ក្នុង​បន្ទប់​ឡៅតឿ​ជាមួយ ។ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ​ ខណៈ​ពេល​អ្នក​នៅ​ក្នុងផ្ទះ​កំពុង​​​លង់លក់​អស់ហើយ ស្រាប់តែ​ប្រពន្ធ​គាត់​និង​ម្ដាយ​គាត់​បាន​​ឮ​​សូរ​សំឡេង​ស្រែ​ក «អូយៗ» រួច​​​គាត់​ក៍មក​មើលឃើញ​​បុរស​រង​គ្រោះ​ធ្លាក់​ពីលើ​​បន្ទប់​ឡៅតឿ​​សង្កត់លើ​ប្អូនស្រី​ដែល​ចងមុង​ដេក​នៅ​ខាងក្រោម​​បណ្ដាល​​ឱ្យ​រង​របួសស្រាល តែ​​បុរស​​រងគ្រោះ​​​សន្លប់​មួយសន្ទុះ​ទើប​ដឹងខ្លួន ។

បើ​តាម​សម្ដី​របស់​ម្ដាយ​​បុរស​​រង​គ្រោះ​គាត់​ បាន​និយាយ​​ថា ពី​មុន​​​កូនប្រុស​​​គាត់​គ្រោះថ្នាក់​ចរាចរណ៍​ធ្លាប់​​​វះកាត់​ក្បាល​ម្ដង​ហើយ ​​ស​ង្ស័យ​​អាច​វង្វេង​ដើរទៅ​រក​ទឹក​ផឹក​ហើយ​មើលទៅ ​ព្រោះ​ពី​ក្បាល​ព្រលប់​គេ​បាន​ហូប​ស្រា​ជាមួយ​​​បងប្អូន​លុះ​យប់​ឡើង​ឮ​ស្រែក​រក​ទឹក លុះ​ពេល​ដើរ​រក​ទឹក​វង្វេង​ស្មាន​តែ​នៅ​ខាងក្រោម​​ក៍​ដើរ​កន្លង​កញ្ចក់​ដែល​មាន​កម្ពស់​​ជិត​កន្លះ​ម៉ែត្រ​ ​បណ្តាល​ឱ្យ​ធ្លាក់​មក​ក្រោម​កម្ពស់​២​ម៉ែត្រ​ ​​រង​របួស​​​រហូត​សន្លប់​​តែម្តង ។

ក្រោយ​ពេល​កើតហេតុ​ ​បុរស​​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​​​សង្គ្រោះ​នៅ​​មន្ទីរពេទ្យ​ព្រះ​កុសុ​មៈ ​ ចំណែក​ប្អូនស្រី​​រង​របួស​ស្រាល​មិន​បាន​​ទៅ​​មន្ទីរពេទ្យព្យាបាល​ទេ ៕