ឃាត់​ខ្លួន​ជន​ជួញ​ដូរ​ថ្នាំ​ញៀន​២នាក់ ដក​ហូត​ម៉ា​ទឹកកក​៣៨​កញ្ចប់លាក់ក្នុង​ខោ​លី​អូ

រាជ​ធានីភ្នំពេញ ៖ កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ពីរ​នាក់ ​កាលពី​វេលា​ម៉ោ​០១ ​និង​១៥​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ​តុលា ​​២០១៥ ​ខ​ណៈពេល​ពួក​គេ​កំពុង​តែ​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​កែង​ផ្លូវ​លេខ​១៤៤ ​និង​៥១​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ ។

មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា​ យោង​តាម​ការ​ចង្អុលបង្ហាញ​ពី​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ លុះដល់​ចំណុច​កែង​ផ្លូវ​លេខ​១៤៤​ និង​៥១ ​ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញបាន​​ប្រទះ​ឃើញ​ជនសង្ស័យ​ពីរ​នាក់​កំពុង​ចែកចាយ​ថ្នាំ​ញៀន​ ​ក៏​បានឃាត់ខ្លួន​ និង​ឆែកឆេរ​ស្រាប់តែ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​៣៧​កញ្ចប់​តូច​និង​មួយ​កញ្ចប់​ធំ​ ​​ដែល​​លាក់​ក្នុង​ខោ​ទ្រនាប់ ​ស៊ីរ៉ាំង​សម្រាប់​ចាក់​០៧​ដើម, ដែកកេះ​៣ , កូនកាំបិត​មួយ , ទួណឺវីស​មួយ , ទូរស័ព្ទ​២​គ្រឿង ​និង​ថ្នាំ​ទឹក​៤​ដប​តូច ។

ជនសង្ស័យ​ចែកចាយ​ថ្នាំ​ញៀន​ដែល​ឃាត់ខ្លួន​មានឈ្មោះ​ជា សុខសាន ភេទ​ប្រុស អាយុ​២៣ និង​ឈ្មោះ​សុខ សាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ ជន​ទាំង​ពីរ​នាក់​នេះ​មានមុខ​របរ​ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។  បន្ទាប់​ពី​សាកសួរ​រួច​ជនសង្ស័យ​ខាងលើ​ត្រូវ​បាន​បញ្ជូន​ទៅ​ទីបញ្ជាការ​កង​រាជ​អា​វុ​ហត្ថ​រាជធានី​ភ្នំពេញ ៕​