ជញ្ជូន​​ឈើ​​គ្រញូង​​ឲ្យ​​ឈ្មួញ​​អស់ ​​ក្លាយជា​​ពលករ​​រង​គ្រោះ​​ត្រូវ​​សមត្ថ​កិច្ច​​ថៃ​​ចាប់​​ញាត់​​ទ្រុង

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ពលករ​ចាញ់បោក​មេខ្យល់​នាំ​ទៅ​កាប់​ឈើ​គ្រញូង​លើ​ខ្នងភ្នំ​នៅ​ទឹកដី​ថៃ​ចំនួន​២៩​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ព័ទ្ធ​ចាប់​ដឹក​បញ្ជូន​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោងជាង៥​ល្ងាច​ ថ្ងៃ​ទី១៦ តុលា​ ២០១៥​។

​ពលករ​ទាំងអស់​ខាងលើ​ មាន១៣​នាក់​ ជា​អ្នក​ខេត្ត​សៀ​បរាប​, ៨នាក់​ជា​អ្នកស្រុក​ត្រពាំង​ប្រាសាទ ​ខេត្តឧត្តរមានជ័យ ​និង៨នាក់​ជា​អ្នកស្រុក​ប្រាសាទ​បា​ល័​ង្គ​ ខេត្តកំពង់ធំ​។

ក្រុម​ពលករ​រង​គ្រោះ​និយាយ​ថា​ ពួក​ខ្លួន​ត្រូវ​បាន​គេ​នាំ​ចេញពី​កម្ពុជា​តាម​ច្រករបៀង​ក្នុងស្រុក​ស្វាយចេក​ទៅ​កាប់​ឈើ​គ្រញូង​លើ​ភ្នំ​មួយ​ក្នុង​ខេត្ត​ប្រា​ជី​ន​បូ​រី ​ប្រទេស​ថៃ​។ ក្រុម​ពលករ​បន្ត​ថា​ ពួក​ខ្លួន​មាន​គ្នា​សរុប៣៤​នាក់​កាប់​បាន​ឈើ​គ្រញូង​២៥ដុំ ​ហើយ​​ក្រោយ​ការ​ទម្លាក់​ឈើ​គ្រញូង​មក​ដល់​រថយន្ត​ឲ្យ​ឈ្មួញ​រួច​ដឹក​ចេញ​ទៅ​បាត់ ​ពួក​ខ្លួន​បាននាំ​គ្នា​ចុះ​ពី​ភ្នំ​ក្នុង​ខេត្ត​កើតហេតុ​ប្រុង​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញស្រាប់តែ​ត្រូវ​សមត្ថកិច្ច​ថៃ​ព័ទ្ធ​ចាប់​បាន២៩នាក់​ញាត់​គុក​អស់​រយៈ​ពេល១​យប់ ១ថ្ងៃ​ទើប​បញ្ជូន​តាម​រថយន្ត​ទ្រុង​មក​ប្រគល់​ឲ្យ​អាជ្ញាធរ​ និង​សមត្ថកិច្ច​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ដោយឡែក​ពលករ​មួយ​ចំនួន​ទៀត​ត្រូវ​ក្រុម​ពលករ​ខាងលើ​ប្រាប់​ថា ​បាន​រត់គេច​ខ្លួន​នៅ​ក្នុង​ព្រៃ​។ ក្រុម​ពលករ​បាន​លើក​ឡើង​ថា ​មុន​ការ​ចាប់ខ្លួន​សមត្ថកិច្ច​ថៃ​មិន​បាន​បំផ្ទុះ​អាវុធ​ទេ​ ប៉ុន្តែ​មាន​អាវុធ​ខ្លី​វែង​ច្រូងច្រាង​ខ្លះ​អា​មេ​កាំភ្លើង​ដើម្បី​គំរាម​ពួក​ខ្លួន​មិន​ឲ្យ​រត់​។ មិនតែប៉ុណ្ណោះ​ពលករ​ខ្លះ​ត្រូវ​បាន​គេ​វាយ​ទាត់​ធាត់​ក្រោយ​ការ​ចាប់ខ្លួន​ទៀត​ផង​។

ទោះជា​យ៉ាងណា​ក្រុម​ពលករ​ដែល​ចាញ់បោក​មេខ្យល់​នាំ​ទៅ​កាប់​ឈើ​គ្រញូង​លើ​ទឹកដី​ថៃ​ទាំង​ពេល​កន្លង​មក ​និង​ពេល​បច្ចុប្បន្ន​ពួក​គេ​តែងតែ​លាក់​ព័ត៌មាន​ថា​ មិន​ស្គាល់​មេខ្យល់ ​ឬ​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ជំនួញ​ឈើ​គ្រញូង​ទេ​៕ ​