បុរស​វ័យ​ចំណាស់​ម្នាក់​ដើរ​ទៅ​បុណ្យ​៧​ថ្ងៃ​ត្រូវ​ឡាន​បុក​ស្លាប់

ខេត្តកំពត ៖ បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​បាន​រថយន្ត​មិន​ស្គាល់​ម៉ាក​បុក​ស្លាប់​កាលពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣១ ស្ថិត​ក្នុងភូមិ​ព្រៃ​តា​ព្រឹ​ត ឃុំ​ស្តេច​គង់​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត ខណៈ​ពេល​បុរស​វ័យ​ចំណាស់​រូប​នោះ​ដើរទៅ​បុណ្យសព​គម្រប់​៧​ថ្ងៃ​របស់​ក្មេង​ស្រី​ម្នាក់​ដែល​ស្លាប់​ដោយសារ​រថយន្តក្រុង​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​ភ្នំពេញ​សូ​រិ​យា​បុក​ស្លាប់​កាលពី​ថ្ងៃ​ទី​១១ តុលា ២០១៥ ។

បុរស​វ័យ​ចំណាស់​រង​គ្រោះ​ឈ្មោះ ឡុ​ង ទង អាយុ​៦៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ឮ​សំឡេង​បុក​ហើយ ម្នាក់​ៗ​រត់​ចេញពី​រោង​បុណ្យសព​មក​មើល ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដួល​ស្លាប់​ទៅ​ហើយ តែ​រថយន្ត​បង្ក​មិន​បាន​ឈប់​ទេ​គឺ​បន្ត​បើក​គេចខ្លួន​បាត់​បន្សល់​ទុក​តែ​កម្ទេចកម្ទី​កញ្ចក់​មុខ​ធ្លាក់​រាយ​ប៉ាយ​នៅ​លើ​ថ្នល់​ប៉ុណ្ណោះ ។

ប្រភព​ពី​អ្នក​ឃើញ​ហេតុការណ៍​នេះ​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​បើក​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បុក​មនុស្ស​ស្លាប់​នៅ​ខាងលិច​ថ្នល់ គឺ​នៅ​ខាងស្តាំ​ដៃ ។

លោក មិន ញ៉េ​ប មន្ត្រី​នគរបាល​សណ្តាប់ធ្នាប់​ស្រុក​បានឱ្យ​ដឹង​ថា រថយន្ត​បង្ក​ដែល​បុក​មនុស្ស​ស្លាប់​នេះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​នៅឡើយ​ទេ តែ​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​សមត្ថកិច្ច​ក៏​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ស្រុក​កំពង់ត្រាច​ឱ្យ​ជួយ​ស្ទាក់​រថយន្ត​ដែរ ហើយ​ក៏​មាន​សាក្សី​ជា​ច្រើន​បានឃើញ​រថយន្ត​បែក​កញ្ចក់​មុខ​មួយ​ផ្ទាំង​បាន​បើក​គេច​ចូល​ទៅ​ស្រុក​ដងទង់ ហើយ​បន្ត​បើក​គេច​ចូល​ស្រុក​ឈូក​ទៀត ។ ជា​ចុង​ក្រោយ​នេះ​គឺ​អាច​មាន​តម្រុយ​ខ្លះ​ៗ​ហើយ ព្រោះ​សាក្សី​បានឃើញ​រថយន្ត​សាំ​យ៉ុ​ង ពណ៌​ស មួយ​គ្រឿង​បែក​កញ្ចក់​មុខ នៅ​ស្រុក​កំពង់ត្រាច ពេល​នេះ​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ៕