រាជរដ្ឋាភិបាល​ចេញ​បញ្ជាឲ្យ​ បង្កើនប្រសិទ្ធភាព​ការ​ទប់ស្កាត់​ និង​បង្ក្រាប់​ការ​រត់ពន្ធ

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញលិខិត មួយច្បាប់ ដោយបញ្ជាឲ្យ មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវមានវិធានការបង្កើន ប្រសិទ្ធភាពក្នុងការទប់ស្កាត់ និង បង្ក្រាបអំពើរត់ពន្ធ តាមគ្រប់រូបភាព ដើម្បីបង្កើននូវចំណូល ដល់ថវិកាជាតិ។

យោងតាមលិខិត ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី១៦ តុលា បានឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានចេញជាបន្តបន្ទាប់នូវអនុក្រឹត្យ លិខិតបញ្ជា ឬសារាចរណែនាំនានាមួយចំនួន ក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងកែទម្រង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ជាពិសេសពាក់ព័ន្ធកិច្ចសហការទប់ស្កាត់ និងបង្ក្រាបអំពើ រត់គេចពន្ធ តាមគ្រប់រូបភាព។ ប៉ុន្តែរាជរដ្ឋាភិបាលបានសង្កេតឃើញថា ប្រសិទ្ធនៃការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ ពុំទាន់ត្រូវបានបង្កើនឲ្យ អស់លទ្ធភាព នៅឡើយ។

លិខិតដដែល បានបន្ថែមថា ក្រៅពីធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ចំណូចថវិការដ្ឋ អំពើរត់គេចពន្ធបានធ្វើឲ្យ មានអំពើអយុត្តិធម៌ ក្នុងការប្រកួតប្រជែង ពាណិជ្ជកម្ម ថែមទៀត។ ហេតុនេះ វាគឺជាកម្មវត្ថុដ៏ក្តៅគគុកក្នុងក្រសែភ្នែកមហាជន ធុរជន វិនិយោគិន ក៏ដូចជាសហគមន៍អ្នកផ្តល់ជំនួយ និងបណ្តាអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិនានាផងដែរ នាពេលបច្ចុប្បន្ននេះ។

លិខិតខាងលើបានបន្តថា ដើម្បីបង្កើតប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ រាជរដ្ឋាភិបាលបានសម្រេច ចេញបទបញ្ជាដូចតទៅ៖ ទី១. កងប្រដាប់ អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធ មានកាតព្វកិច្ចត្រូវគាំទ្រ និងចូលរួមយ៉ាងសកម្មបំផុតប្រកបដោយភាពស្មោះស្ម័គ្រ និងទាន់ពេលវេលា ជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ ក្នុងការអនុវត្តការងារស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ, ទី២. កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធផ្សេងទៀត ដែលបានពិនិត្យឃើញនូវបទល្មើសគយជាក់ស្តែងនានា ត្រូវជូនដំណឹងជាបន្ទាន់ដល់សមត្ថកិច្ចគយ និងរដ្ឋាករ ដែលកំពុងឈរជើងបំពេញភារកិច្ច នៅជិតកន្លែងកើតហេតុ, ទី៣. អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវទទួលបន្ទុក រ៉ាប់រងនូវការចំណាយចាំបាច់នានា ក្នុងប្រតិបត្តិការនីមួយៗ ក៏ដូចជាការចំណាយផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗ និងទី៤. បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយពីលិខិតបញ្ជានេះ ត្រូវចាត់ទុកជានិរាករណ៍៕

រាជរដ្ឋាភិបាល​ចេញ​បញ្ជាឲ្យ​ បង្កើនប្រសិទ្ធភាព​ការ​ទប់ស្កាត់​ និង​បង្ក្រាប់​ការ​រត់ពន្ធ