ពុធ ហ៊ុច​ ធ្វើ​សន្លប់​បាន​សម្រេច​ តែ​ជ័យជម្នះ​បាន​ទៅ​កីឡាករ​ថៃ​


ពុធ ហ៊ុច​ ធ្វើ​សន្លប់​បាន​សម្រេច​ តែ​ជ័យជម្នះ​បាន​ទៅ​កីឡាករ​ថៃ​

អ្នក​ប្រដាល់​កម្ពុជា​មឿន សុខហ៊ុច​ ដែល​​ត្រូវ​បាន​គេ​ស្គាល់​ ពុធ ហ៊ុច​ នោះ​ត្រូវ​បាន​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ប្រកាស​ឲ្យ​ចាញ់​កីឡាករ​ថៃ​ ភេច អារុណ បន្ទាប់​ពី​កីឡាករ​កម្ពុជា​ម្នាក់​នេះ​បាន​សន្លប់​ដោយ​សារ​កីឡាករ​ថៃ​ទាត់​ចំ​ក្បាល​ពេល​រូប​គេ​ដួល​ទៅ​ហើយ។

 

ពុធ ហ៊ុច​ ធ្វើ​សន្លប់​បាន​សម្រេច​ តែ​ជ័យជម្នះ​បាន​ទៅ​កីឡាករ​ថៃ​ អ្នក​គាំទ្រ​ថត​ជា​មួយ ពុធ ហ៊ុច

 

ការ​ប្រកួត​រវាង​ពួក​គេ​ទាំង​ពីរ​នាក់​នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍​​នៅ​​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ប្រព្រឹត្ត​ទៅ​បាន​តែ​២​ទឹក​ប៉ុណ្ណោះ​ក៏​ត្រូវ​បាន​បញ្ឈប់​ បន្ទាប់​ពី​ ពុធ ហ៊ុច បាន​ទាត់​លើ​កីឡាករ​ថៃ​ និង​ភ្លាត់​ជើង​ដួល​នៅ​​មុខ​ដៃ​គូ​ដែល​បណ្តាល​ឲ្យ​កីឡាករ​ថៃ​ម្នាក់​នេះ​ទប់​ជើង​មិន​បាន​ក៏​ទាត់​ចំ​ក្បាល​របស់​កីឡាករ​កម្ពុជា​ឲ្យ​សន្លប់​តែ​ម្តង។

 

ទោះ​យ៉ាង​ណា​​លទ្ធផល​សន្លប់​នេះ​ត្រូវ​បាន​គេ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​ពិនិត្យ​ឃើញ​ថា ការ​ទាត់​របស់​កីឡាករ​ថៃ​មិន​មែន​ជា​ចេតនា​ទេ​​ដោយ​រូប​គេ​មិន​អាច​ទប់​ជំហរ​ទាត់​បាន​នៅ​ពេល​ ពុធ ហ៊ុច ដួល​​នៅ​មុខ​គេ​​ និង​ពិនិត្យ​ឃើញ​ថា ការ​ទាត់​របស់​កីឡាករ​ថៃ​ក៏​មិន​ពេញ​ទំហឹង​ដែរ។ លើស​ពី​នេះ​ទៀត​ គណៈកម្មការ​ប្រកួត​ពិនិត្យ​ឃើញ​ថា​ ពុធ ហ៊ុច​វិញ​ទេ​ដែល​ធ្វើ​ពុធ​ជា​សន្លប់​ដោយ​គ្រាន់​តែ​ត្រូវ​តិច​តូច​ដើម្បី​ទទួល​បាន​ជ័យជម្នះ។

 

ផ្ទុយ​ទៅ​វិញ​លទ្ធផល​មិន​ដូច​ការ​គិត​របស់​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ឡើយ​ ​គណៈកម្មការ​រៀប​ចំ​ការ​ប្រកួត​បាន​ប្រកាស​លទ្ធផល​ជ័យជម្នះ​ដល់​កីឡាករ​ថៃ​ ភេច អារុណ។

 

សូម​អ្នក​គាំទ្រ​ទស្សនា​វីដេអូ​នៃ​ការ​ប្រកួត​ និង​យល់​យ៉ាង​ណា​ដែរ​សម្រាប់​ការ​សម្រេច​នេះ?

អត្ថបទ៖ ជាន ចាន់រ៉ា​