ប្រាក់​បាត​ថៃ​ចុះ​ខ្សោយ​ជំរុញ​តម្រូវការ​លក់​លំនៅ​ឋាន​នៅ​ក្នុង​ទីផ្សារ​អាស៊ាន

ប្រទេស​ថៃ ៖ បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ឈានមុខ​នានា​កំពុង​តែ​ជំរុញ​ការ​លក់​គម្រោង​ប្រណីត​ៗ​នៅ​ក្រៅប្រទេស តាម​រយៈ​ការ​ពពាយនាយ​លក់ និង​កម្មវិធី​លើកទឹកចិត្ត​ដទៃ​ទៀត ជា​ពិសេស​ក្នុង​ទីផ្សារ​អាស៊ាន​ដូច​ជា ៖ ចិន ហុងកុង សិង្ហ​បុរី ជប៉ុន និង​កោះ​តៃវ៉ាន់ ដោយសារ​តែ​ការ​ចុះថ្លៃ​នៃ​ប្រាក់​បាត​ថៃ​ក្នុង​ឆ្នាំ​២០១៥ ។ ប្រាក់​បាត​ថៃ​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ពី​អត្រា​ហាងឆេង​៣២,៩៥​បាត​ក្នុង​មួយ​ដុល្លារ​កាលពីដើម​ខែមករា ទៅ​៣៦,៤៣​បាត​ក្នុង​មួយ​ដុល្លារ​កាលពី​ស​ប្តា​ហ៍​មុន ។

អនុប្រធាន​ប្រតិបត្តិ​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​គម្រោង​របស់​ក្រុមហ៊ុន Sansiri លោក Uthai-Uthai-sangsuk ថ្លែង​ថា ៖ «​យើង​បាន​លក់​ចេញ​នូវ​យូ​នី​ត​ក្នុង​គម្រោង​ខុន​ដូ​ចំនួន​ពីរ​ដែល​ជ្រក​ក្រោម​ស្លាក​យីហោ​នេះ​នៅ​តំបន់ Chatuchak និង Sukhumvit71 ដែល​មាន​ទំហំ​ទឹកប្រាក់​សរុប​ទាំងអស់​១,៩​ប៊ី​លាន​បាត​ក្នុងអំឡុងពេល​៩​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ព្រោះ​ការ​ចុះ​ខ្សោយ​នៃ​ប្រាក់​បាត​ថៃ​» ។

អតិថិជន​បរទេស​របស់​ក្រុមហ៊ុន​ភាគច្រើន​មក​ពី​ប្រទេស​សិង្ហ​បុរី ហុងកុង និង​កោះ​តៃវ៉ាន់ រួម​នឹង​ការ​ប្រកប​មុខ​ជំនួញ​បន្ថែម​ដែល​នឹង​ជួយ​គាំទ្រ តាម​រយៈ​ការ​បង្ហាញផ្លូវ​លក់​ក្នុង​ទីផ្សារ​សំខាន់​ៗ ។

លោក​បន្ត​ថា ៖ «​ជាង​នេះ​ទៅ​ទៀត អ្នកទិញ​ទាំងអស់​យល់​ស្រប​នឹង​គម្រោង​នៃ​ការ​ឈាន​ជើង​ចូល​ទីផ្សារ​ចិន​នៅ​ចុងឆ្នាំ​នេះ ដែល​ត្រូវ​គេ​រំពឹង​ថា នឹង​ជំរុញ​ការ​ត្រៀម​លក់​នៅ​បរទេស​ពេញ​មួយ​ឆ្នាំ ក្នុង​ទំហំ​ទឹកប្រាក់​៣​ប៊ី​លាន​បាត​» ។

ចំណែក​ក្រុមហ៊ុន Eastern Star Real Estate កំពុង​តែ​បង្ហាញ​នូវ​គម្រោង​ខុន​ដូ​ចំនួន​ពីរ​ដែរ​ដូច​ជា The Starview ស្ថិត​នៅ​លើ​ដង​វិ​ថី Rama 3 និង The Nara 9 លើ​ផ្លូវ Narathiwat Road តាម​រយៈ​ការ​តាំងពិព័រណ៍ China Real Estate Business Exhibition ប្រចាំឆ្នាំ​២០១៥ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ទីក្រុង​ចឹ​ង​ទូ Chongjin Kunming និង Gulyang ក្នុងអំឡុងពេល​នៅ​សេសសល់​នៃ​ឆ្នាំ​២០១៥ ។

សមាជិក​ក្រុមហ៊ុន​ឱ្យ​ដឹង​ថា ៖ «​នេះ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ជំរុញ​ការ​លក់​នៅ​ក្នុង​ត្រីមាស​ចុង​ក្រោយ ដែល​គេ​សង្កេត​ឃើញ​មាន​តម្រូវការ​ខ្លាំង​ពី​សំណាក់​អ្នកទិញ​បរទេស ដោយ​ផ្អែក​តាម​ភាព​ចុះ​ខ្សោយ​នៃ​ប្រាក់​បាត​របស់​ថៃ​» ។

ចំណែក​លោក Nuttaphong Kunakornwong នាយក​ប្រតិបត្តិ​របស់ SC Asset Corp ថ្លែង​ថា ៖ «​នៅ​ពេល​ប្រាក់​បាត​ថៃ​ចាប់ផ្តើម​ចុះថោក វា​បាន​ប្រកួតប្រជែង​ចំពោះ​អ្នកទិញ​បរទេស​ក្នុង​ការ​ពង្រីក​ការ​វិនិយោគ​របស់​ពួក​គេ​ក្នុង​គម្រោង​លំនៅ​ឋាន​របស់​ប្រទេស​ថៃ​» ។

ជាក់ស្ដែង ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​លក់​យូ​នី​ត​ជា​ច្រើន​ដែល​មាន​ទំហំ​ទឹកប្រាក់​៩០០​លាន​បាត​នៃ​គម្រោង Saladaeng One បន្ទាប់​ពី​ការ​ណែនាំ​គម្រោង​នោះ​ដល់​អតិថិជន​កាលពី​ស​ប្តា​ហ៍​មុន ។ គម្រោង​ខុន​ដូ​នេះ​មិន​ទទួល​ការ​កក់​ជា​សាធារណៈ​ឡើយ រហូត​មក​ដល់​ថ្ងៃ​ទី​២៣ ឧសភា ។

ការ​ចាប់អារម្មណ៍​កាលពី​ស​ប្តា​ហ៍​មុន​ក្នុង​ការ​ផ្តល់​ជូន​ថ្មី​របស់​ក្រុមហ៊ុន​បង្ហាញ​ថា តម្រូវការ​ផ្ទះ​ប្រណីត គឺ​នៅ​តែ​ខ្លាំងក្លា​ដដែល​ពី​សំណាក់​អ្នកទិញ​ក្នុងស្រុក និង​ក្រៅ​ស្រុក ។
នាយក​ប្រតិបត្តិ​ខាងលើ​បន្ថែម​ថា ៖ «​ប្រមាណ​ជា​៣០% នៃ​ទិស​ដៅ​របស់​អតិថិជន​របស់​ខ្លួន​សម្រាប់​គម្រោង Saladaeng One ដែល​ផ្តល់​នូវ​យូ​នី​ត​ចន្លោះ​ពី​១៣​លាន​បាត ឬ​៣១០.០០០​បាត​ក្នុង​មួយ​ម៉ែត្រការ៉េ គឺជា​ទីផ្សារ​បរទេស​» ។

ជាមួយនឹង​អតិថិ​ជនបរទេស​ទាំងអស់​ដែល​មក​ពី​ប្រទេស​ចិន ហុងកុង សិង្ហ​បុរី និង​កោះ​តៃវ៉ាន់ ក្រុមហ៊ុន SC Asset កំពុង​នាំ​មក​នូវ​គម្រោង Saladaeng One ដែល​ជា​ការ​បើកផ្លូវ​ដល់​អតិថិជន​សិង្ហ​បុរី និង​ហុងកុង នៅ​ត្រីមាស​ក្រោយ​នេះ ។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន Fulcrum Capital មាន​មូលដ្ឋាន​នៅ​ក្រុង​ហុងកុង ក៏​កំពុង​វិនិយោគ​ទឹកប្រាក់​ប្រមាណ​ជា​២,៣​ប៊ី​លាន​បាត​លើ​គម្រោង​ខុន​ដូ Park 24 ប្រមាណ​៣០៦​យូ​នី​ត​ពី​គម្រោង Proud Residence ផង​ដែរ ។

លោក Frank Leung នាយក​គ្រប់គ្រង​ក្រុមហ៊ុន Fulcrum Capital ថ្លែង​ថា ៖ «​ថៃ​គឺជា​ប្រទេស​ដំបូង​របស់​អាស៊ាន ដែល​ក្រុមហ៊ុន​នេះ​កំពុង​ពង្រីក​ការ​វិនិយោគ​របស់​ខ្លួន​បន្ទាប់​ពី​សម្លឹង​ឃើញ​ឱកាស​ពិសេស​នៃ​គម្រោង​លំនៅ​ឋាន​ទាំងឡាយ ដែល​នៅ​តែ​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​មុន​នៅ​ពេល​លើកយក​មក​ប្រៀបធៀប​នឹង​ទីផ្សារ​អាស៊ាន​ដូច​ជា ហុងកុង សិង្ហ​បុរី និង​ចិន​ជាដើម​» ។

លោក​បន្ត​ថា ៖ «​ភាព​ចុះ​ខ្សោយ​នៃ​ប្រាក់​បាត​ថៃ ក៏​ហុច​ប្រយោជន៍​ដល់​បណ្តា​អ្នក​វិនិយោគ​របស់​ខ្លួន​ផង​ដែរ​ក្នុង​ទីផ្សារ​អ​លន​ទ្រព្យ​របស់​ថៃ​» ។

ក្រុមហ៊ុន Fulcrum Capital បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០០៩ ដើម្បី​គ្រប់គ្រង​មូលនិធិ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ឯកជន ដែល​មាន​ទំហំ​ទឹកប្រាក់​៥០០​លាន​ដុល្លារ (១៨,១៦​ប៊ី​លាន​បាត​) ។

ក្រុមហ៊ុន​បាន​វិនិយោគ​នូវ​ទឹកប្រាក់​ចំនួន​១៦,៥​ប៊ី​លាន​បាត​ក្នុង​គម្រោង​លំនៅ​ឋាន​ក្នុង​ចក្រភព​អង់គ្លេស ដែល​មាន​ជាង​១​ពាន់​យូ​នី​ត ៕