ក្រុង​យ៉ាំ​ង​ហ្គូ​ន​ត្រូវការ​ផ្ទះ​ប្រមាណ​75.000​ល្វែង​ក្នុង​មួយ​ឆ្នាំ​ដើម្បី​បំពេញតម្រូវការ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ អតីត​រដ្ឋធានី​មី​យ៉ា​ន់​ម៉ា ក្រុង​យ៉ាំ​ង​ហ្គូ​ន នឹង​ត្រូវការ​លំនៅ​ឋាន​ថ្មី​ៗ​ក្នុង​រង្វង់​៧៥.០០០​ល្វែង​ក្នុង​មួយ​ឆ្នាំ ដើម្បី​បំពេញ​តាម​កំណើន​នៃ​អត្រា​ប្រជាជន​ក្នុង​ទីក្រុង ហើយ​បណ្តា​ក្រុមហ៊ុន​ម៉ៅ​ការ​សំណង់​នានា ក៏​កំពុង​ពុះពារ​សម្រេច​ឲ្យ​បាន​ប្រហាក់ប្រហែល​នឹង​ទិស​ដៅ​នេះ​ដែរ ។

លោក Kyaw Kyaw Soe អនុ​លេខាធិការ​សមាគម​សហគ្រិន​សំណង់​មី​យ៉ា​ន់​ម៉ា (MCEA) បាន​ប្រាប់​កាសែត​មី​យ៉ា​ន់​ម៉ា​ថែម​ស៍​ថា ៖ «​ក្នុង​មួយ​ឆ្នាំ​ៗ មាន​អ្នក​ចំណាកស្រុក​ជាង​៣៣​ម៉ឺន​នាក់​មក​ពី​តំបន់​ផ្សេង​គ្នា​ក្នុង​ប្រទេស បាន​មក​ស្នាក់​នៅ​ក្នុង​ក្រុង​យ៉ាំ​ង​ហ្គូ​ន​នេះ ប៉ុន្តែ​នៅ​តែ​មានការ​ប្រកួតប្រជែង​ហួសប្រមាណ​ក្នុង​ការ​សាងសង់​លំនៅ​ឋាន​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​រក្សា​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​នគរូបនីយកម្ម​» ។

តាម​ការ​វាយតម្លៃ​របស់ MCEA ថា ទីក្រុង​យ៉ាំ​ង​ហ្គូ​ន​មាន​អត្រា​ប្រជាជន​ប្រមាណ​ជា​៥,១៤​លាន​នាក់ កើនឡើង​៦,៦% ក្នុង​មួយ​ឆ្នាំ​ៗ ។

អ្នក​ចំណាកស្រុក​ដែល​មក​រស់នៅ​ក្នុង​ក្រុង​នេះ​មាន​ជាង​៧០% មក​ពី​បណ្តា​ក្រុង​ផ្សេង​ទៀត និង​មក​ពី​តំបន់​ជនបទ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Kyaw Kyaw Soe ។
ម្យ៉ាងទៀត ពិតជា​មានការ​លំបាក​នៅ​ក្នុង​ការ​ស្វែងរក​លំនៅ​ឋាន (​ផ្ទះល្វែង​) ៧៥.០០០​ខ្នង ពេល​ទីផ្សារ​អចលនទ្រព្យ​ស្ថិត​ក្នុង​ស្ថានភាព​មិន​អំណោយផល ។

លោក​បន្ត​ថា ៖ «​មាន​មនុស្ស​ជា​ច្រើន​កំពុង​ផ្លាស់​ប្តូរ​ទីលំនៅ​មក​កាន់​ទីក្រុង​ជា​រៀង​រាល់​ឆ្នាំ​។ ពួក​គេ​ចាំបាច់​ត្រូវ​សង់​លំនៅ​ឋាន​ជា​បណ្តោះអាសន្ន ដោយសារ​គ្មាន​ផ្ទះល្វែង​គ្រប់គ្រាន់​នៅ​ជុំវិញ​តំបន់​នោះ ។ បញ្ហា​នេះ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​សម្រេច​ពី​រដ្ឋាភិបាល​សហព័ន្ធ​ប៉ុណ្ណោះ ។ គួរ​ណាស់​តែ​មានការ​បង្កើត​ឡើង​នូវ​ប្រព័ន្ធ​មួយ​សមរម្យ ដែល​ពលរដ្ឋ​មាន​លទ្ធភាព​ទិញ​ផ្ទះល្វែង​តាម​រយៈ​ការ​បង់​បណ្តាក់ ឬ​បង់​រំលស់​បាន​» ។

លោក Kyaw Kyaw Soe បន្ត​ថា ៖ «​មានការ​លើកទឹកចិត្ត​មួយ​ចំនួន​សម្រាប់​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​នានា ក្នុង​ការ​វិនិយោគ​គម្រោង​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ពោល​គឺ​មាន​តម្លៃ​ទាប​ជាង​ផ្ទះល្វែង​ប្រណីត​ៗ​ឆ្ងាយ ហើយ​តម្លៃ​ដី​ក៏​នៅ​តែ​គ្មាន​ហាងឆេង​ខ្ពស់​ដដែល​» ។

យោង​តាម​ការ​វាយតម្លៃ​របស់ MCEA ថា ផ្ទះល្វែង​ដែល​ល្មម​ទិញ គឺ​មាន​ហាងឆេង​៤៥០​ហ្វូ​ត​កា​រ៉េ​ក្នុង​មួយ​ល្វែង ក្នុង​រង្វង់​៧.៧៧០​ដុល្លារ​នៃ​ការ​សាងសង់ ។
ចំណែក​លោក Aung Myint អនុប្រធាន​សមាគម​វិស្វកម្ម​មី​យ៉ា​ន់​ម៉ា ថ្លែង​ថា ៖ «​យើង​ត្រូវការ​ដី ។ ប្រសិនបើ​សង្កេត​តាម​កំណើនប្រជាជន ផ្ទះ​ដែល​ធូរ​ថ្លៃ​គឺ​មាន​តម្រូវការ​ជា​បន្ទាន់​។ មានផ្ទះ​ល្វែង​គ្រប់គ្រាន់​ក្នុង​ក្រុង​យ៉ាំ​ង​ហ្គូ​ន សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធា និង​អ្នកមាន​ចំណូល​មធ្យម​» ។

ម្យ៉ាងទៀត ប្រសិនជា​ក្រុមហ៊ុន​សំណង់​ត្រូវការ​ទិញ​ដី និង​វិនិយោគ​លើ​គម្រោង​នេះ តម្លៃ​ចុង​ក្រោយ​សម្រាប់​អ្នកទិញ​នឹង​កាន់តែ​ខ្ពស់​។ ប្រសិនបើ​ដី​បម្រុង​ទុក​របស់​រដ្ឋាភិបាល​លើ​គម្រោង​លំនៅ​ឋាន​មាន​តម្លៃ​ធូរ​ថ្លៃ វា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត ។

ក្រសួង​សំណង់​បាន​ប្រគល់​គម្រោង​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​មួយ​ចំនួន​ក្នុង​ក្រុង​យ៉ាំ​ង​ហ្គូ​ន ដោយ​រាប់​បញ្ចូល Ayeyarwun និង Yadanar Housing ក្នុង​សង្កាត់ Dagon Sekkan ផង​ដែរ ។

គណៈកម្មាធិការ​អភិវឌ្ឍន៍​ក្រុង​យ៉ាំ​ង​ហ្គូ​ន ក៏​មាន​គម្រោង​មួយ​ចំនួន​ដែរ​ដូច​ជា គម្រោង​លំនៅ​ឋាន Bo Ba Btoo និង Bo Min Yaung ប៉ុន្តែ​មាន​គម្រោង​ជា​ច្រើន​ដែល​ត្រូវការ​ចាំបាច់ ។​ផ្ទះល្វែង​ក្នុង​គម្រោង​ទាំងនេះ​មាន​តម្រូវការ​ខ្ពស់​ហើយ​តម្លៃ​ក៏​កើនឡើង​ដែរ មាន​ប្រមាណ​ជា​១០​លាន​ខ្យា​ដ (​ប្រាក់​មី​យ៉ា​ន់​ម៉ា​) ។

លោកស្រី Daw Moe Thida អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍន៍​លំនៅ​ឋាន និង​ទីក្រុង ថ្លែង​ថា ៖ «​រដ្ឋាភិបាល​ចង់​ស្វែងរក​ដំណោះស្រាយ​មួយ ។ ក្នុង​រង្វង់​ប្រជាជន​៥៨% ជា​អ្នក​ដែល​រក​ចំណូល​បាន​តិច​ជាង​៣០​ម៉ឺន​ខ្យា​ដ​ក្នុង​មួយ​ខែ ពួក​គេ​គ្មាន​លទ្ធភាព​ទិញ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សម​ល្មម​ទេ ។ ប្រព័ន្ធ​នេះ​មិន​អាច​ផ្តល់​ឲ្យ​សម្រាប់​តម្រូវការ​ទាំងអស់​នេះ​ឡើយ​» ។

យើង​ត្រូវការ​យុទ្ធសាស្ត្រ​មួយ​ដើម្បី​សហការ​ជាមួយ​បណ្តា​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​ឯកជន និង​ពាំនាំ​នូវ​ការ​វិនិយោគ​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត​ពី​សំណាក់​ក្រុមហ៊ុន​ក្នុងស្រុក និង​បរទេស ។

រដ្ឋាភិបាល​អាច​លៃលក​ដី​ទុក​បាន ដែល​មិន​ត្រឹមតែ​ផ្តល់​ឲ្យ​បន្ថែម​ទៀត និង​បង្កើន​ការ​គាំទ្រ​ដល់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភផង​ដែរ ។

លោក Lorenzo Nogales Tovey សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន Golden Rock Capital លើក​ឡើង​ថា ៖ «​ក្រុម​វិនិយោគិន​នានា​ដែល​បាន​ព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល គឺ​មាន​តួនាទី​សំខាន់​នៅ​ក្នុង​ការ​ជួញដូរ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​សមរម្យ ។ នេះ​ជា​ការ​ពិត ជា​ពិសេស​សម្រាប់​មី​យ៉ា​ន់​ម៉ា ជាទី​តាំង​នគរូបនីយកម្ម​» ។

លោក​បន្ថែម​ថា ៖ «​អ្វី​ៗ​បាន​ផ្តល់​ឲ្យ​ហើយ ដូច​ជា ទីធ្លា ឬ​ដី​ទំនេរ​សម្រាប់​រដ្ឋាភិបាល​នឹង​ត្រូវ​រៀបចំ​ទុក​ក្នុង​កិច្ចការ​នេះ​សម្រាប់​វិស័យ​ឯកជន ក្នុង​ការ​ទទួលខុសត្រូវ​បើក​ឲ្យ​ដំណើរការ​ទូលំទូលាយ​ក្នុង​ប្រទេស​មី​យ៉ា​ន់​ម៉ា នា​ពេល​បច្ចុប្បន្ន​» ។

លោក Cyrus Pun ប្រធាន​គ្រប់គ្រង​ផ្នែក​អចលនទ្រព្យ​របស់​ក្រុមហ៊ុន Yoma Strategic ថ្លែង​ថា ៖ «​ការ​លើកទឹកចិត្ត​វិនិយោគិន គឺជា​ការ​ចាំបាច់​ក្នុង​ការ​ប្រតិបត្តិ​បន្ទាន់ ។ វា​ជា​បញ្ហា​មួយ​ដែល​យើង​មិន​អាច​រង់ចាំ​នូវ​ការ​បង្កើត​ដំណោះស្រាយ​ពេល​ទីក្រុង​មិន​អាច​ទទួលយក​បាន​យ៉ាង​ពេញលេញ​នោះ ។ យើង​ត្រូវការ​ដំណោះស្រាយ​មួយ​ដ៏​ត្រឹមត្រូវ​ក្នុង​ពេល​បច្ចុប្បន្ន​» ។

លោក​បញ្ជាក់​ថា ៖ «​ផ្នត់គំនិត​របស់​រដ្ឋាភិបាល ក៏​ចាំបាច់​ត្រូវ​ផ្លាស់​ប្តូរ​ដែរ ។ ចំពោះ​លំនៅ​ឋាន​ដែល​មាន​តម្លៃ​ធូរ​ថ្លៃ រដ្ឋាភិបាល​ចាំបាច់​ត្រូវ​ផាត់​ភាគ​ចំណេញ​ចេញ​» ។
នីតិវិធី​នៃ​ការ​ផ្តល់​ហិរញ្ញវត្ថុ​មាន​សារសំខាន់​បំផុត ។ គម្រោង​ទាំងនេះ​គួរ​មាន​កម្រិត​ខ្ពស់​ក្នុង​ប្រសិទ្ធភាព​នៃ​ការ​ចំណាយ ។ ក្រុមហ៊ុន​អភិវឌ្ឍន៍​ទោល​ជា​ច្រើន​នឹង​មិន​អាច​ទ្រាំទ្រ​រួច​ទេ ក្នុង​បន្ទុក​ហិរញ្ញវត្ថុ​ដ៏​មហាសាល​នេះ ៕