ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ម្នាក់ ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ធំ

ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​​ម្នាក់​ដែល​ខាង​កងរាជអាវុធហត្ថ​តាមដាន​អស់​ពេល​ជា​យូរ​មក​ហើយ​នោះ ចុងបញ្ចប់​ជាប់អន្ទាក់​សមត្ថកិច្ច​ទាល់តែ​បាន ដែល​ការ​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ តុលា ២០១៥ នៅ​ចំណុច​ភូមិ​គិរី​រស្មី ឃុំ​ព្រៃ​រំដួល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក​អនុសេនីយ៍ឯក ទិ​ត្យ វណ្ណៈ ប្រធាន​មន្ទីរ​យុត្តិធម៌​ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បានឱ្យ​ដឹង​ថា ជនសង្ស័យដែល​ត្រូវ​ចាប់​ខ្លួន​នេះ​មាន​​ឈ្មោះ ហេង សាលី ហៅ​តុ​ប ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កុមារ​ពេទ្យ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​កម្លាំង​របស់​លោក​ឃាត់​បាន​នា​ពេល​នេះ​គឺជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​នៅ​តំបន់​ខាងលើ ដែល​សមត្ថកិច្ច​តាមដាន​ជា​យូរ​មក​ហើយ ទើបតែ​ពេល​នេះ​កម្លាំង​របស់​លោក​ចុះ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ​ប្រទះ​ឃើញ​ជន​នេះ​ធ្វើ​សកម្មភាព​ជួញដូរ និង​ចែកចាយ​ថ្នាំ​ញៀន​ក៏​ឃាត់ខ្លួន​តែ​ម្តង ។

លោក​អនុសេនីយ៍ឯក ទិ​ត្យ វណ្ណៈ បានឱ្យ​ដឹង​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​សម្ភារ និង​វត្ថុ​តាង​មួយ​ចំនួន​ដូច​ជា រថយន្ត​១​គ្រឿង ម៉ា​កកូ​រ៉ូ​ឡា ពណ៌​ខ្មៅ សេរី​១៩៩៨, ម៉ា​ទឹកកក​២​ក​ព្ចា​ប់​, ទូរស័ព្ទ​ដៃ ២​គ្រឿង​, ថ្នាំ​ញៀន​ប្រភេទ​យ៉ា​ម៉ា​៦​គ្រាប់​, ជ​ញ្ជីង​ថ្លឹង​គ្រឿងញៀន​១, កន្ទោង​ច្រកថ្នាំ​ញៀន១​ថង់​, ដែកកេះ​៥៣, មេអាប៉ោង​២, ទុយោ​១២, ពន្លាក​២, ដាវ​១, ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​១, លុយ​ដុល្លារ​២១០​ដុល្លារ​, លុយ​ថៃ​២០០​បាត​, លុយ​កូរ៉េ​១០០​វ៉ុ​ន​, លុយ​ខ្មែរ​២៣២.៣00​រៀល​, បណ្តោង​ខ្សែ​.​ក​១ និង​ថង់​ច្រកថ្នាំ​ញៀន​១៧ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​ឃាត់ និង​បញ្ជូន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​សម្តែង​​នូវ​ការ​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​កងរាជអាវុធហត្ថ​ខេត្ត​ដែល​បាន​ធ្វើការ​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​ថ្នាំ​ញៀន​ម្នាក់​នេះ ដែល​កន្លង​មក​មិន​ដែល​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ទាល់តែ​សោះ​ធ្វើ​ឱ្យ​ជន​នេះ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​តាមតែ​អំពើ​ចិត្ត ៕