ស្ត្រី​ចំណាស់​ម្នាក់​ដែល​ផ្អើលថាស្លាប់ហើយ​រស់វិញ​នៅខេត្ត​បន្ទាយ​មាន​ជ័យ ត្រូវ​បាន​បូជា​ហើយ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្ត្រី​​​វ័យ​៦៥​ឆ្នាំ​ម្នាក់​ដែល​​ស្លាប់​ហើយ​ កូន​ចៅ​ថា រស់​ឡើង​វិញបង្ក​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៣​ និង​៣៥​នាទី​រសៀល​ ថ្ងៃ​ទី​១៦​ តុលា​ ​២០១៥​ ពេល​ដង្ហែ​ទៅ​បូជា​នៅ​ក្នុង​វត្ត​សុភ​មង្គល​ ស្ថិត​ក្នុងភូមិ​រោង​ម៉ាស៊ីន​ សង្កាត់់​អូរ​អំបិល ​ក្រុង​សេរី​សោភ័ណនោះ​​ ​ត្រូវ​បាន​កូន​ចៅ​ដង្ហែ​យក​ទៅ​បូជា​វិញហើយ​​ កាល​ពី​ថ្ងៃ​ទី​១៧ តុលា ដោយ​សារ​សព​លោក​យាយ​មានហូរ​ឈាម​ចេញ​តាម​ត្រចៀក និង​មាត់​ បន្ទាប់ពី​ទុក​នៅ​ផ្ទះ​បាន​មួយ​យប់។

​សព​មានឈ្មោះ​ខា សាក់​ប៊ឿ​ង អាយុ​៦៥​ឆ្នាំ ​រស់នៅភូមិ​-ឃុំ​ខាង​លើ។ លោក​យាយ​​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​១៤ ​​តុលា​ ២០១៥​។​

តាម​ការ​ឧ្យ​ដឹង​ពី​កូនចៅ​​សព​​បាន​រៀបរាប់​ឧ្យ​ដឹង​ថា​​ ​​​មុន​ពេល​កើតហេតុ​ នៅ​ថ្ងៃ​ទី​១៤ ​តុលា​ ២០១៥ ​កូនចៅ​បាន​នាំ​លោកយាយ​ទៅ​លេង​កំសាន្ត​នៅ​រម​ណី​យ​ដ្ឋា​ន​អាង​ទឹក​ត្រពាំង​ថ្ម​ ​​ពេល​នោះ​គាត់​បាន​ទៅ​បត់ជើងតូច​(​នោម​)​ក្បែរ​ខ្ទម​អ្នកតា​នៅ​ក្បែរ​មាត់​អាង​ត្រពាំង​ថ្ម​នោះ លុះ​ត្រលប់​មក​ផ្ទះ​វិញ​គាត់​ក៏​គាំងបេះដូង​ស្លាប់​ដោយ​ជម្ងឺលើសឈាម​ ហើយ​កូនចៅ​ក៏​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ និង​ដង្ហែ​សព​ទៅ​បូជា​នៅ​វត្ត​ខាងលើ។

​លុះ​នៅ​ម៉ោង​៣​ និង​៣៥​នាទី​រសៀល ​ថ្ងៃ​ទី​១៦​ តុលា ​២០១៥​ ​ពេល​កូនចៅ​លាង​សំអាត​មុខមុន​បូជា​ស្រាប់តែ​ឃើញ​ផ្ទៃមុខមាន​សភាព​​នៅ​ស្រស់ញញឹម​មិន​មាន​ធុំក្លិន​ស្អុយ​ទេធ្វើ​ឧ្យ​កូនចៅ​មិន​អស់ចិត្ត​ ព្រោះ​សព​ហាក់​មាន​ជីពចរ​ឡើង​វិញ​ កូនចៅ​ក៏​បាន​លើកសព​ចេញពី​មឈូស​ដាក់​នៅ​ក្រោម​ដើម​ពោ​ធិ៍ ​និង​រក​គ្រូ​បញ្ជាន់​អារក្ស​ ​​មក​ទស្ស​ន៍ទាយ​មើល​ឃើញ​ថា​ អ្នកតា​អាងត្រពាំង​ថ្ម​ឃុំ​ព្រលឹង​ទុក្ខ​ ព្រោះ​ខឹង​សព​​បត់ជើងតូច​ដាក់​ក្បែរ​ខ្ទម​។

​ប្រភព​បន្ត​ថា បើ​ចង់​ឧ្យ​រស់​ឡើង​វិញ​ទាល់តែ​រក​ក្បាល​ជ្រូក​សែន​ និង​លេងភ្លេង​ពិន​ពាទ្យកំដរ​ផង​ទើប​អ្នកតា​ឈប់​ខឹង​ឧ្យ​ព្រលឹង​មក​វិញ​ តែទីបំផុត​សព​លោកយាយ​ទុក​នៅផ្ទះបាន​រយៈ​ពេលតែ​មួយ​យប់​ប៉ុណ្ណោះ លុះ​នៅ​រសៀល​ថ្ងៃ​ទី​១៧​ តុលា​ ​សព​លោកយាយ​មាន​​​ហូរ​ឈាមចេញ​តាម​ត្រចៀក​ និង​មាត់ ទើប​កូនចៅអស់ចិត្ត​សម្រេចយក​សព​ទៅ​បូជា​វិញ​​៕