នៅ​ថ្ងៃអាទិត្យ ទី​១៨​តុលា​នេះ អ្នកដំណើរ​ច្រើន ទើបតែ​វិល​ត្រលប់ ចូល​ភ្នំពេញ​

ភ្នំពេញ: ចាប់តាំងពី​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨​តុលា​នេះ មាន​អ្នកដំណើរ​ច្រើន បាន​វិល​ត្រលប់ ចូល​ភ្នំពេញ​។ នៅតាម​ផ្លូវជាតិ​នានា ដូចជា ផ្លូវជាតិ​លេខ​១ ផ្លូវជាតិ​លេខ​២ ផ្លូវជាតិ​លេខ​៣ ផ្លូវជាតិ​លេខ​៤ ផ្លូវជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​៦ មាន​អ្នកដំណើរ​ច្រើន ទាំង​អ្នក​ជិះឡាន​ឈ្នួល និង​តាម​ម៉ូតូ បង្ក​ឲ្យ​កកស្ទះ​នៅ​ច្បារអំពៅ នៅ​ស្ពាន​ជ្រោយចង្វារ និង​នៅ​រង្វង់​មូល​ចោមចៅ ជាដើម​។​

​នៅតាម​ផ្លូវ​ម៉ូតូឌុប​គ្នា រ៉ឺម៉ក់​កង់​បី និង​ឡាន​ឈ្នួល ប្រភេទ ១២ កៅអី ដឹក​អ្នកដំណើរ​ពេញៗ បាន​សំរុក​ចូលក្នុង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៨​តុលា​នេះ​។ អ្នក​ទាំងនោះ ទើបតែ​វិល​ត្រលប់​មកពី​ស្រុកកំណើត ដើម្បី​ចូលរួម​បុណ្យ​ភ្ជុំបិណ្ឌ កាលពី​ថ្ងៃ​ចន្ទ ទី​១២​តុលា​។

​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ មាន​បុគ្គលិក​ក្រុមហ៊ុន រោងចក្រ​កាត់ដេរ និង​បុគ្គលិក​មន្ត្រីរាជការ បាន​ឈប់សម្រាក ចាប់តាំងពី​ថ្ងៃ​សៅរ៍ ទី​១០​តុលា ហើយ​បន្ត​ដល់​ពេញ​មួយអាទិត្យ​នេះ​ថែមទៀត​។ តាមច្បាប់​ការងារ បានអនុញ្ញាត​ឲ្យ​មានការ​ឈប់សម្រាក​ពេល​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤​តុលា ហើយ​នៅ​ថ្ងៃទី​១៥​តុលា ជា​ថ្ងៃ​ឈប់​បុណ្យជាតិ ថ្ងៃ​ខួប​សម្តេចព្រះ​នរោត្តម សីហនុ ចូល​ទិវង្គត​។ ដូច្នេះ​ត្រូវ​ចូលធ្វើការ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​១៦​តុលា​។ តែ​ក៏មាន​ក្រុមហ៊ុន គ្រឹះស្ថាន រោងចក្រ ពិសេស​បុគ្គលិក​មន្ត្រីរាជកា​រ បាន​ឈប់សម្រាក​ពេញ​មួយអាទិត្យ ហើយ​នៅ​ថ្ងៃ​ចន្ទ ទី​១៩​តុលា ទើប​ចូលធ្វើ​ការងារ​វិញ​៕​