សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បោះឆ្នោត​រើស​មេដឹកនាំ​ថ្មី នៅ​ដើមខែ​វិច្ឆិកា​

ខេត្តព្រះសីហនុ: សមាជិកសភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ បាន​និយាយ​តៗ​គ្នា​ថា ពួកគាត់​កំពុង​ត្រៀមខ្លួន​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ថ្មី នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះហើយ ប្រសិនបើ​គ្មាន​ការកែប្រែ​។​
             
​លោក ឈុន សា​រុំ អនុប្រធាន​សភាពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ ទទួលបន្ទុក​រដ្ឋបាល បាន​ឲ្យ​ដឹងថា ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត អាណ្ណត្តិ​ថ្មី​នេះ នឹង​រៀបចំ​បោះឆ្នោត​ជ្រើសតាំង នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ពិតប្រាកដ​។ រីឯ​បេក្ខជន​ឈរឈ្មោះ មាន​ចំនួន ៣​នាក់ ក្នុងនោះ មាន​លោក សុខ សុង អ​តី​តៈ​ប្រធាន​ចាស់ លោក​ឧកញ៉ា ឡៅ កាំ​ង ថៅកែ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ សូគីម៉ិច នៅ​ក្រុងព្រះសីហនុ និង​លោក វណ្ណ សុខ​ហេង ថៅកែ​ស្ថានីយ​ប្រេង​ឥន្ទ​នៈ តូ​តា​ល់ ក្រុងព្រះសីហនុ​។​
            
​សមាជិកសភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ បាន​ខ្សិ​ប​ប្រាប់ថា ក្នុងចំណោម​បេក្ខជន​ទាំង​៣ មានតែ​លោក វណ្ណ សុខ​ហេង តែ​ម្នាក់​គត់ ដែលមាន​ប្រជា​ប្រី​យ​ភាព​ជាងគេ  ស្គាល់​អំពី​ស្ថានភាព​លំបាក​របស់​សមា​ជិ​ក​សមាជិកា​។ ក្រៅពីនោះ មិន​ហ៊ាន​វាយតម្លៃ​ទេ​។​
             
​ទោះជា​យ៉ាងនេះ​ក្តី សមាជិក​សមាជិកា​សភា​ពាណិជ្ជកម្ម ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​ថ្មី ប្រកបដោយ​សីលធម៌​រស់នៅ ដឹកនាំ​ស្ថាប័ន​មួយ​នេះ ប្រកបដោយ​ជោគជ័យ​៕​