លោក ហោ ណាំហុង នឹង​ជួបប្រជុំ​ជាមួយ​សមភាគី ​វៀតណាម​នាទី​ក្រុង​ហូជីមិញ​ នៅ​ថ្ងៃ​ទី​១៩​តុលា​

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក ហោ ណាំហុង នៅម៉ោង ៤ និង៣០រសៀល ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥នេះ នឹងដឹកនាំគណប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ ដែលកិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៨-១៩ ខែតុលា នាទីក្រុងហូជីមិញ ដែលភាគីវៀតណាមដឹកនាំដោយ លោក ផាម ប៊ិញមិញ រដ្ឋមន្ត្រីការទេសវៀតណាម។

កាលពីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៥ ក្រសួងការបរទេស បានប្រកាសលើកពេលកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដោយមិនបានបញ្ជាក់ពីមូលហេតុនោះទេ ហើយអ្នកនាំពាក្យក្រសួង លោក ជុំ សុន្ទរី អះអាងថា រៀបចំឯកសារមិនទាន់រួចរាល់។ ប៉ុន្តែ នៅយប់ថ្ងៃទីដដែល លោក ជុំ សុន្ទរី បានបញ្ជាក់ថាប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដដែលមិនមានការលើកពេលនោះទេ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៩ ខែតុលា ក្រសួងការបរទេសបានជូនដំណឹងថា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៤ នៅទីក្រុងហូជីមិញ ចាប់ពីថ្ងៃទី១៨-១៩ ខែតុលា តបតាមការអញ្ជើញរបស់ឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញ មិញ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

កិច្ចប្រជុំនេះ នឹងពិភាក្សា ទៅលើស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា ហើយចុងបញ្ចប់ នៃកិច្ចប្រជុំភាគីទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំគណ:កម្មការចំរុះកម្ពុជា-វៀតណាមលើកទី១៤។

បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម នៅតែជាប្រធានបទមួយ ដែលកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ។ ជាពិសេសនៅក្នុងមួយរយៈពេលចុងក្រោយនេះ នៅពេលវៀតណាម បានព្យាយាមសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានាតាមបន្ទាត់ព្រំដែន រំលោភទៅនិងកិច្ចព្រមព្រៀងព្រំដែននាឆ្នាំ២០០៥ បើទោះបីជាក្រសួងការបរទេសកម្ពុជាបានចេញកំទូតរហូតដល់ទៅ១២ដងមកហើយក៏ដោយ។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ ប្រមុខការទូត កម្ពុជា ក៏នឹងលើកយកបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ទៅជជែកពិភាក្សាផងដែរ។ តែលោក ជុំ សុន្ទរី ក៏បានរំ ពឹងផងដែរថា លទ្ធផលវិជ្ជមានជាច្រើននឹងលេចឡើងនៅក្នុងកិច្ចប្រជុំនេះ ដែលជួយរុញច្រានឲ្យទំនាក់ទំនង និង សហប្រតិបត្តិការកម្ពុជា កាន់តែល្អប្រសើរថែមទៀត។

កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៣ ដែលប្រារព្វឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ។ របៀបវារៈជាច្រើនត្រូវបានលើកមកជជែកនាពេលនោះ ក្នុងនោះ ក៏មានការជំរុញឲ្យពន្លឿនបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរផងដែរ៕