ទស្សនកិច្ច សម្តេច ហ៊ុន សែន នៅចិន​បាន​នាំមកនូ​វ ជំនួយ​អភិវឌ្ឍន៍​បន្ថែមទៀត​ សម្រាប់​កម្ពុជា​

ភ្នំពេញ៖ នៅក្នុងដំណើរទស្សនកិច្ច និងដំណើរការចូលរូម ប្រជុំនានាទាក់ទង នឹងសេដ្ឋកិច្ច និងទេសចរណ៍ នៅប្រទេសចិន អស់រយៈពេល ជិតមួយសប្តាហ៍ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានោះ បានសម្រេចលទ្ធផលផ្លែផ្កាជាច្រើន ក្នុងនោះ សម្តេចបានធ្វើការផ្សព្វផ្សាយ អំពីសក្តានុពលវិស័យ ទេសចរណ៍កម្ពុជា ទាក់ទាញអ្នកវិនិយោគចិនមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ជាពិសេសចិន បានផ្តល់ជំនួយឥតសំណង ដើម្បីអភិវឌ្ឍន៍ ថែមទៀតផង។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃទី ១១ ខែតុលា ដើម្បីចូលរួមវេទិកា និងសន្និសីទមួយចំនួន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងម៉ាកាវ និង ទីក្រុងប៉េកាំង ប្រទេសចិន។ ក្នុងជំនួបជាមួយលោកប្រធានាធិបតីចិន ស៊ីជិនពីង នៅវិមានប្រជាជនចិនកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែ តុលាជាមួយសម្តេចតេជោ ចិនបានប្រកាសបើកច្រកឲ្យកម្ពុជានាំអង្ករទៅកាន់ប្រទេសចិនប្រមាណ ១០ម៉ឺន តោនក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០១៦ និងផ្តល់ជំនួយឥតសំណង ១ពាន់លានយន់ ស្មើប្រមាណ ១៥៦លានដុល្លារអា ម៉េរិក កសាងមន្ទីរ ពេទ្យនៅខេត្តត្បូងឃ្មុំ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនផ្សេងទៀត។

សម្តេចតេជោ ក៏បានស្នើដល់ភាគីចិន ឲ្យជួយបណ្តុះបណ្តាល ដល់យុវជននិងស្រ្តីកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ ក៏បានអញ្ជើញលោកប្រធានាធិបតីចិន ទៅទស្សនកិច្ចនៅកម្ពុជាផងដែរ។ អ្វីដែលជាការចាប់អារម្មណ៍ សម្តេចតេជោបានប្រើវេទិកាសេដ្ឋកិច្ច ទេសចរណ៍ពិភពលោក ម៉ាកាវ ឆ្នាំ២០១៥ ផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍កម្ពុជា ក្នុងគោលបំណងទាក់ទាញភ្ញៀវ ទេសចរណ៍របស់ចិន មកទស្សនាកំសាន្តនៅ កម្ពុជាបន្ថែមទៀត។ សម្តេចតេជោ បានស្នើដល់ភាគី ចិនបន្តជួយជំរុញឲ្យភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជាបាន ១លាន ៣សែននាក់ ពោលគឺរក្សាកំណើនត្រឹម តែ០,០១% នៃចំនួនប្រជាជនចិនសរុប។
សម្តេចតេជោ បានថ្លែងថា កម្ពុជាបន្តស្វាគមន៍យ៉ាងកក់ក្តៅអ្នកវិនិយោគ ធុរកិច្ច ធុរជន និង អ្នកទេសចរ ចូលទៅ បណ្តាក់ទុន វិនិយោគ និងកម្សាន្តនៅកម្ពុជា។

ដោយឡែកទាក់ទងផ្នែកសេដ្ឋកិច្ច សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើលោក Ho Hau Wah អនុប្រធានសភាក្រុម ប្រឹក្សានយោបាយប្រជាជនចិន និងជាប្រធានវេទិកាសេដ្ឋកិច្ចទេសចរណ៍ពិភពលោកម៉ាកាវឆ្នាំ២០១៥ ជួយជំរុញ អ្នកវិនិយោគម៉ាកាវ ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ សម្តេចតេជោ ក៏បានស្នើឲ្យម៉ាកាវ បើកការហោះហើរ ត្រង់មកប្រទេសកម្ពុជាផងដែរ ដើម្បីនបង្កើនវិស័យទេសចរណ៍រវាងទីក្រុងម៉ាកាវ ជាមួយប្រទេសកម្ពុជា។

លោក Ho Hau Wah បានថ្លែងថា ម៉ាកាវអាចដើរតួនាទីជាស្ពានក្នុងទំនាក់ទំនងរវាងប្រទេសចិន និងប្រទេស កម្ពុជា ពិសេសលើការពង្រឹងសេដ្ឋកិច្ចរវាងកម្ពុជា និងម៉ាកាវ។ លោកបន្តថា លោកធ្លាប់បានជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ចំនួនពីរលើករួចមកហើយ នៅក្នុងប្រទេសកម្ពុជាកាលពីពេលកន្លងមក ហើយតាមរយៈ ជំនួបពិភាក្សានៅថ្ងៃនេះ នឹងជួយជំរុញទំនាក់ទំនងរវាងកម្ពុជា និងម៉ាកាវកាន់តែមានភាពជិត ស្និតទ្វេឡើងថែម ទៀត។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុងជំនួបជាមួយលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ដែលនឹងធ្វើ ឡើងនៅរសៀលថ្ងៃទី១៥ ខែតុលា នាទីក្រុងប៉េកាំង សម្តេចនឹងសំណើមួយចំនួន ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាង កម្ពុជា និងម៉ាកាវ ឲ្យកាន់តែមានទំហំធំឡើងថែមទៀត។ ជាពិសេសការជំរុញពាណិជ្ជកម្មពីកម្ពុជា មកកាន់ម៉ា កាវ ។

សម្តេចតេជោ បានអរគុណប្រធានាធិបតីចិន ដែលបានអបអរសាទរ សម្តេច ជាប់ជាប្រធាន គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ សម្តេចតេជោ ក៏បានអបអរសាទរ ដល់ប្រទេស ចិនដែលបានប្រារព្ធខួបលើកទី៧០ ជាមួយនិងការបង្ហាញនូវសមិទ្ធផលរីកចម្រើនគ្រប់វិស័យរបស់ប្រទេសចិន។ សម្តេចតេជោ បានគាំទ្រយ៉ាងខ្លាំងក្លាចំពោះ គោលនយោបាយ សេដ្ឋកិច្ចផ្លូវសូត្រ ដែលជាគំនិតផ្តួចផ្តើមរបស់ចិន រួមទាំងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលមានសារៈសំខាន់បំផុត សំរាប់ប្រទេសកម្ពុជា និងប្រទេស ក្នុងតំបន់។

កម្ពុជានិងចិនបានក្លាយទៅជាប្រទេសមហាមិត្ត ចាប់តាំងពីសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហុន អតីតព្រះមហាក្សត្រកម្ពុជាបានជួបជាមួយលោក ជូអេនឡាយ នាយករដ្ឋមន្រ្តីនៃប្រទេសចិន នាសន្និសីទទីក្រុងបានដុង ប្រទេសឥណ្ឌូនស៊ី ឆ្នាំ១៩៥៤ និងចាប់ផ្តើមមាន ចំណងការទូតនិងទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសចិន ជាលើកដំបូង នៅឆ្នាំ១៩៥៥ ដោយបានជួបជាមួយបណ្តា មេដឹកនាំចិនសំខាន់ៗ ក្នុងនោះ រួមមាន លោកប្រធានម៉ៅ សេទុង ។

ចាប់តាំងពីពេលនោះ មកប្រទេសចិន និងកម្ពុជាមិនត្រឹមតែជាមហាមិត្តប៉ុណ្ណោះទេ ប៉ុន្តែប្រទេសចិនបានផ្តល់ ជំនួយដ៏សន្ធឹកសន្ធាប់ មកកម្ពុជាសម្រាប់ កសាង ប្រទេសឡើងវិញ ក្រោយបញ្ចប់រវាងខ្មែរនិងខ្មែរ អស់រយៈពេលកាលជិត៣០ឆ្នាំ។ បច្ចុប្បន្នជំនួយនិងឥណទានសម្បទាន រួមជាមួយនឹងប្រទេសជាមិត្តដ៏ទៃទៀត បានធ្វើឲ្យប្រទេសកម្ពុជា អាចកសាងសេដ្ឋកិច្ច ខ្លួនឯងបានថែមទាំង បានកាត់បន្ថយភាពក្រីក្រពី៥៣,៥ភាគរយ នៅឆ្នាំ២០០៤ ធ្លាក់ចុះមកត្រឹម១៣,៥ភាគរយ នៅឆ្នាំ ២០១៥។

ក្រៅពីទំនាក់ទំនងនយោបាយ ដ៏ស្អិតរមួតស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងជំនួយផ្នែកសេដ្ឋកិច្ចប្រទេសចិន បានជួយបណ្តុះបណ្តាល ធនធានមនុស្ស ដល់កម្ពុជាលើ គ្រប់វិស័យដែលអនាគត់ពួកគេ នឹងយកចំណេះវិជ្ជា ទាំងនោះមកកសាង ប្រទេសជាតិថែមទៀតផង ដែលពួកគេសុទ្ធតែ ជាយុវជនជំនាន់ក្រោយ។

អតីតនិងបច្ចុប្បន្នមេដឹកនាំ ចិនបានសន្យានៅចំពោះ ព្រះភ័ក្រព្រះសពសម្តេច ព្រះបរមរតនកោដ្ឋ នាទីក្រុងបេកាំង កាលពីទី១៦ ខែតុលា ឆ្នាំ២០១២ ថា មេដឹកនាំ និងប្រជាជនចិន ១៤០០លាននាក់ សន្យាគោរពស្រឡាញ់ព្រះអង្គ និងបន្តគាំទ្ររឹតចំណងមេត្រីភាពជាមួយព្រះមហាក្សត្រសម្តេចព្រះបរមនាថសីមុនី ដើម្បីថែរក្សានូវ មរតកដែលមិនអាចកាត់ថ្លៃ បានដែលបន្សល់ដោយស្នា ព្រះហស្ថរបស់ព្រះបិតា ព្រះអង្គ ព្រះបាទនរោត្តមសីហនុ ជាមួយមេដឹកនាំចិននៅក្នុងអតីតកាល។

ដោយសារទំនាក់ទំនងជាលក្ខណៈប្រវត្តិសាស្រ្ត និងយុទ្ធសាស្រ្តនេះ ហើយសម្តេច តេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីកម្ពុជា បានបន្តប្រកាន់ភ្ជាប់នូវមរតកប្រវត្តិសាស្រ្តនេះ ហើយបានធ្វើឲ្យមេដឹកនាំចិន បន្តកិច្ចសហប្រតិបត្តិការ និងជួយគាំទ្រកម្ពុជា គ្រប់វិស័យដើម្បីកសាង ប្រទេសឲ្យរីកចំរើន ដែលបច្ចុប្បន្នកំណើន សេដ្ឋកិច្ច៧,២ភាគរយនៅក្នុងមួយឆ្នាំៗ។

បើទោះបីជាមេដឹកនាំ គណបក្សប្រឆាំង និងអ្នកវិភាគមួយចំនួន វាយប្រហាររិះគន់អំពីទំនាក់ទំនង មិត្តភាពកម្ពុជា ចិន យ៉ាងណាក្តី ប៉ុន្តែនេះគ្រាន់តែជាការលើកឡើង របស់គណបក្សប្រឆាំង និងអ្នកវិភាគប៉ុណ្ណោះ ស្របពេលដែលប្រទេសកម្ពុជាប្រកាន់ យកនូវរបបប្រជាធិបតេយ្យ សេរីពហុបក្សនិងសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែឈរលើការជាក់ស្តែងប្រទេសចិន បានសហការស្មើសិទ្ធិស្មើភាព ជាមួយកម្ពុជាទាំងក្នុងក្របខណ្ឌ នយោបាយការបរទេស ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្របខណ្ឌអាស៊ាន-ចិន។

ទាក់ទិនទៅនឹងការលើកឡើង អំពីបញ្ហាកម្ពុជាដែលថា ធ្វើមិនដឹងមិនលឺនិងគាំទ្រចិននៅក្នុងបញ្ហាជំលោះសមុទ្រចិនខាងត្បូងនោះ ប្រទេសកម្ពុជាបានបង្ហាញ ពីឯករាជ្យមិនរណបជាមួយ ប្រទេសដែលមានជំលោះ ជាមួយចិនជាពិសេស ប្រទេសហ្វីលីពីននិងវៀតណាម ។

នៅក្នុងសន្ទរកថាគន្លឹះ ក្នុងវេទិកាសៀងសាន លើកទី ៦ ក្រោមប្រធានបទ «សន្តិសុខ និងសហប្រតិបត្តការនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក:តថភាព និង ចក្ខុវិស័យ» នៅប្រទេសចិន កាលពីថ្ងៃទី១៦ តុលា នៅទីក្រុងបេងកាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសង្កត់ធ្ងន់ថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូង អាស៊ានមិនអាចជាអាជ្ញាកណ្តាល ក្នុងការវាស់វែងចែកសមុទ្រទៅដល់ប្រទេសពាក់ព័ន្ធបានទេ ដោយសារវាជារឿងស្មុគស្មាញសម្រាប់អាស៊ាន និងប្រទេសដៃគូ ប៉ុន្តែសំខាន់គឺជា ការចរចាដោះស្រាយទ្វេភាគី របស់ប្រទេស ដែលមានបញ្ហាដែនសមុទ្រនេះ ដោយសន្តិវិធី ។

សម្តេចថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា សូមលើកទឹកចិត្តឱ្យប្រទេសពាក់ព័ន្ធ ទាំងអស់ប្រកាន់នូវភាពអត់ធ្មត់ និងបន្តខិតខំប្រឹងប្រែង ដោះស្រាយ បញ្ហាដោយសន្តិវិធី និងឈរលើគោលការណ៍ ច្បាប់អន្តរជាតិ ជៀសវាងការប្រើកម្លាំង យោធាដោះស្រាយជម្លោះ គោលបំណងរួមរបស់យើង ទាំងអស់គ្នា នៅពេលនេះ គឺការថែរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជន»។

អ្នកវិភាគនយោបាយ នៅក្នុងតំបន់និងអន្តរជាតិ បានទស្សទាយថា បញ្ហាជំលោះសមុទ្រចិនខាងត្បូង មិនងាយនឹងរកដំណោះស្រាយឃើញឡើយ ទោះជាអូសពេលវេលា រហូតដល់៥០ឆ្នាំទៀតក៏ដោយ។ សូមបញ្ជាក់ថា ជំលោះសមុទ្រចិនខាងត្បូងជាមួយ និងប្រទេសចិនរួមមាន វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ព្រុយណេ និងកោះតៃវ៉ាន់ ៕

ទស្សនកិច្ច សម្តេច ហ៊ុន សែន នៅចិន​បាន​នាំមកនូ​វ ជំនួយ​អភិវឌ្ឍន៍​បន្ថែមទៀត​ សម្រាប់​កម្ពុជា​