សហរដ្ឋអាម៉េរិក និងរុស្ស៊ី នឹងចុះកិច្ចព្រមព្រៀង រក្សាសុវត្ថិភាព ដែនអាកាស នៅស៊ីរី ក្នុងពេល ឆាប់ៗខាងមុខ

វ៉ាស៊ីនតោន ៖ សហរដ្ឋអាម៉េរិក និងរុស្ស៊ី អាចនឹងចុះកតិកាសញ្ញាដើម្បីរក្សាសុវត្ថិភាពដែនអាកាសក្នុងប្រទេស ស៊ីរី ខណៈដែលប្រទេសមហាអំណាចទាំងពីរ កំពុងដាក់ចេញនូវយុទ្ធនាការទម្លាក់គ្រាប់បែកលើប្រទេស ស៊ីរី រៀងៗខ្លួន នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាម៉េរិក ដកស្រង់ដោយសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៥នេះ។

រដ្ឋមន្ត្រីរូបនេះថ្លែងក្នុងលក្ខណៈអានាមិកថា «ភាគីទាំងពីរស្ទើរតែឈានដល់ការព្រមព្រៀងគ្នាទាំងស្រុងទៅលើ កិច្ចព្រមព្រៀងដើម្បីបោះជំហានរួមគ្នា ទៅរកការរក្សាសុវត្ថិភាពដែនអាកាស ហើយការចុះហត្ថលេខានេះអាចនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ»។

សូមជម្រាបថា ការបង្ហើបឲ្យដឹងនេះត្រូវបានធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន និងម៉ូស្គូរៀបចំនូវកិច្ចប្រជុំតាមរយៈវីដេអូជាលើកទីបី ដើម្បីសម្រេចនូវគោលការណ៍រួមមួយ ដែលអ្នកបើកបរយន្តហោះរបស់ភាគីទាំងពីរ ធ្វើយ៉ាងណាជៀសវាងការហោះហើរឈ្លានពានគ្នាទៅវិញទៅមក ដូចពេលកន្លងមក ក្នុងពេលចេញប្រតិបត្តិការវាយប្រហារតាមដែនអាកាសក្នុងប្រទេស ស៊ីរី៕

សហរដ្ឋអាម៉េរិក និងរុស្ស៊ី នឹងចុះកិច្ចព្រមព្រៀង រក្សាសុវត្ថិភាព ដែនអាកាស នៅស៊ីរី ក្នុងពេល ឆាប់ៗខាងមុខ