ពលរដ្ឋហ្វីលីពីន ជាង២០០នាក់ រស់នៅ ភាគខាងជើង បង្ខំចិត្តភៀសខ្លួន ដោយសារ ព្យុះទីហ្វុង កុបពូ

ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បានប្រកាសអាសន្ន អំពីឥទ្ធិពលនៃខ្យល់ព្យុះទីហ្វុងមួយឈ្មោះថា កុបពូ (Koppu) ដែលនឹងធ្វើការវាយប្រហារទៅលើតំបន់មួយ ឈ្មោះថា ឡង់ដូ ក្នុងខេត្ត អ៊ីសាប៊ែលឡា ភាគខាងជើង ប្រទេស ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥ថា យោងតាមសេចក្តីប្រកាស មួយដោយទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ កាលពីថ្ងៃសៅរ៍ឲ្យដឹងថា រដ្ឋាភិបាលហ្វីលីពីន បាន ប្រកាសដល់ពលរដ្ឋរបស់ខ្លួន ពិសេសពលរដ្ឋដែលរស់នៅតំបន់រងគ្រោះ គឺនៅខេត្តអ៊ីសាប៊ែលឡា ក្នុង នោះមានពលរដ្ឋដែលរស់នៅក្នុងតំបន់ ឡង់ដូ ប្រមាណ៧២គ្រួសារ ស្មើនឹង២១៩នាក់ បានបង្ខំចិត្តធ្វើ ការចាកចេញពីលំនៅដ្ឋានជាបណ្តោះអាសន្ន ចៀសវាងការរងនូវការវាយប្រហារដោយព្យុះ កុបពូ ។

លោកស្រី Abigail Valte អ្នកនាំពាក្យមួយរូបរបស់លោកអនុប្រធានាធិបតីហ្វីលីពីន បានធ្វើបទ សម្ភាសន៍មួយជាមួយវិទ្យុរដ្ឋថា នាយកដ្ឋានទ្រទ្រង់សង្គម និងអភិវឌ្ឍន៍ បានត្រៀមនូវខ្ទង់ថវិកាប្រមាណ ជាង១៨លានប៉េសូ ស្មើនឹង៣៩១,១៥៨ដុល្លារ ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋដែលទទួលរងគ្រោះ ដោយសារព្យុះ ខាងលើ ។

លោកស្រីបានបន្តថា នបយកដ្ឋានក៏បាននាំយកនូវស្បៀងអាហារ និងរបស់របរប្រើប្រាស់មួយចំនួន ដើម្បីផ្គត់ផ្គង់ ក្រោមការជួយឧបត្ថម្ភពីនាយកដ្ឋានការងារ សាធារណៈ និងផ្លូវគោក ។

បើតាមការព្យាករណ៍របស់លេខាធិការដ្ឋានសេវាកម្ម ឧតុនិយម និងភូមិសាស្ត្រ ហ្វីលីពីន ហៅកាត់ (PAGASA)បានឲ្យដឹងថា ព្យុះកុបពូ នឹងរំកិលខ្លួនមកដល់ ដែនដីភាគខាងជើង ខេត្តមួយនេះ ដោយគំរាមកំហែងដល់ពលរដ្ឋនៅទីនោះមិនខាន ។

គេថែមទាំងដឹងច្បាស់ថា ល្បឿននៃខ្យល់ព្យុះមួយនេះ គឺមានកម្លាំងបក់បោក១៧៥គីឡូម៉ែត្រក្នុង១ម៉ោង និងបក់បោកខ្លាំងនៅត្រង់ប៉ែកខាងជើងនេះប្រទេស ហ្វីលីពីនតែម្តង ៕

ពលរដ្ឋហ្វីលីពីន ជាង២០០នាក់ រស់នៅ ភាគខាងជើង បង្ខំចិត្តភៀសខ្លួន ដោយសារ ព្យុះទីហ្វុង កុបពូ