អ៊ុយ​ក្រែ​ន ៖ លិច​នាវា​នៅ​សមុទ្រ​ខ្មៅ​ស្លាប់​12​នាក់

មនុស្ស​យ៉ាងតិច​១២​នាក់​ស្លាប់​កាលពី​ថ្ងៃ​ទី​១៧ តុលា ដោយសារ​ការ​លិច​នាវា​ដឹក​អ្នកដំណើរ​មួយ​គ្រឿងក្នុង​សមុទ្រ​ខ្មៅ ជិត​ទីក្រុង​អូ​ដេ​សា​ភាគ​ខាងត្បូង​អ៊ុយ​ក្រែ​ន ដែល​នេះ​ជា​គ្រោះ​មហន្តរាយ​សមុទ្រ​យ៉ាង​អាក្រក់​មួយ​ពុំ​ធ្លាប់​មាននៅ​អតីត​សាធារណរដ្ឋ​សូ​វៀត​នេះ ។

សរុប​មនុស្ស​៣៦​នាក់​ស្ថិត​ក្នុង​នាវា​ឈ្មោះ IVOLGA នេះ​ក្នុង​នោះ​មាន​សមាជិក​ក្រុម​នាវិក​៣​នាក់ ពេល​វា​លិច​នា​វេលា​ម៉ោង​១៥​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក​ត្រង់​កន្លែង​មួយ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​មាត់ច្រាំង ។

លោក VOLODYMYR JMAK អភិបាលរង​តំបន់​អូ​ដេ​សា និយាយ​ថា មនុស្ស​២៣​នាក់​អាច​ជួយ​សង្គ្រោះ ក្នុង​នោះ​១៨​នាក់​ស្ថិត​ក្នុង​មន្ទីរពេទ្យ ចំណែក​មនុស្ស​ម្នាក់​នៅ​តែ​បាត់​ខ្លួន ។ លោក​ថា លក្ខខណ្ឌ​ឧតុនិយម​ប្រហែលជា​មូលហេតុ​នៃ​សោកនាដកម្ម​នេះ ហើយ​នាវា​ពុំ​មាន​អាវ​ពោង​សង្គ្រោះ​ឡើយ ។ លោក​អះអាង​ថា មូលហេតុ​នៃ​សោកនាដកម្ម​គឺ​ខ្យល់ព្យុះ​ខ្លាំង​មួយ និង​អវត្តមាន​អាវ​ពោង​សង្គ្រោះ ។ មនុស្ស​១២​នាក់ ដែល​លង់ទឹក​ស្លាប់​ត្រូវ​បាន​រក​ឃើញ ហើយ​មនុស្ស​ម្នាក់​ទៀត​បាត់​ខ្លួន ៕