ហាង​អាហារ​ធ្វើ​ហាំ​ប៊ឺ​ហ្គឺ​The Klopper ស្វាគមន៍ លោក​ក្លុ​ប​ដឹកនាំ​ក្លិប​ហង្ស​ក្រហម Liverpool

ម្ចាស់​ហាង​អាហារ Hop&Horn ស្ថិត​នៅ​តំបន់ Formby ក្បែរ Southport ជា​អ្នកគាំទ្រ​ក្លិប Liverpool  បាន​បង្ហាញ​មុខម្ហូប​ថ្មី​ឈ្មោះ «The Klopper» ដើម្បី​ស្វាគមន៍​ការ​ដឹកនាំ​ក្លិប​ហង្ស​ក្រហម Liverpool របស់​លោក ជឺ​ហ្គេ​ន ក្លុ​ប គ្រូបង្វឹក​ជនជាតិ​អា​ល្លឺ​ម៉​ង់ ។

មុខម្ហូប​ខាងលើ គឺ​ហាំ​ប៊ឺ​ហ្គឺ​ខ្មៅ រួម​ជាមួយ​ទឹកជ្រលក់​ពណ៌​ក្រហម​លឿង ស្រ​ដៀង​ទង់ជាតិ​អា​ល្លឺ​ម៉​ង់ ព្រោះ​លោក​ក្លុ​ប ជា​ជនជាតិ​អា​ល្លឺ​ម៉​ង់ ធ្លាប់​ដឹកនាំ​ក្លិប Dortmund ដណ្ដើម​ជើងឯក​Bundesliga ចំនួន​២​ជំនាន់ រួម​ទាំង​ចូល​ប្រឡូក​ក្នុង​ការ​ដណ្ដើម​ជើងឯក​យូ​ហ្វា​ឆេ​ម​ពាន​លី​ក ក្រោយមក​ក៏​បំពេញការងារ​ក្នុង​កិច្ចសន្យា​រយៈពេល​៣​ឆ្នាំ​ជាមួយ​Liverpool ។

លោក ហ្វេ​លី​ស៊ី សេន​កូ ក្នុង​នាម​ជា​ម្ចាស់​និង​ចុងភៅ​ហាង​ខាងលើ​សង្ឃឹមថា ពលរដ្ឋ​គ្រប់​រូប​នឹង​ពេញចិត្ត​ម្ហូប​នេះ និង​ឮ​ថា​លោកជឺ​ហ្គេ​ន ក្លុ​ប ក៏​ចូល​ចិត្ត​ហាំ​ប៊ឺ​ហ្គឺ​ដែរ ទើប​លោក​តាំ​​ង​ចិត្ត​ធ្វើ​វា​ជា​ពិសេស​មាន​លក្ខណៈ​ដូច​គ្រូបង្វឹក​ក្លិប Liverpool ។

ចំពោះ​អ្នកគាំទ្រ​លោក​ក្លុ​ប សង្ឃឹមថា នឹង​ចូល​ហាង Hop&Horn ដើម្បី​កុម្ម៉ង់​ទិញ​ហាំ​ប៊ឺ​ហ្គឺ «The Klopper» ហើយ​អាច​ជួប​បុគ្គលិក​បម្រើភ្ញៀវ​ដែល​មាន​ពាក់មួក និង​វ៉ែនតា​ដូច​លោក​ក្លុ​ប ជាក់​ជា​មិន​ខាន ៕