មាស ច័ន្ទ​មាន និង ឡៅ ច​ន្ទ្រា ការពារ​បាន​តំណែង​ខ្សែក្រវាត់

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​១៧ តុលា កីឡាករ​ជើង​ខ្លាំង​២​រូប​របស់​កម្ពុជា គឺ មាស ច័ន្ទ​មាន ឬ សា​រឹម ង៉ា និង ឡៅ ច​ន្ទ្រា ដែល​សុទ្ធតែ​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​រៀងខ្លួន បាន​ឈ្នះ​គូប្រកួត​ជនជាតិ​ថៃ​ដូច​គ្នា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ។ យ៉ាងណា​ក៏​ដោយ គេ​កត់​សម្គាល់ថា​លទ្ធផល​ដែល​អ្នក​ទាំង​ពីរ​ទទួល​បាន​ក៏​មិនសូវ​ងាយស្រួល​ប៉ុន្មាន​ដែរ ។

ម្ចាស់​ខ្សែក្រវាត់ មាស ច័ន្ទ​មាន មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រើ​ពេល​តែ​៣​ទឹក​ប៉ុណ្ណោះ ក៏​វាយបំបាក់​កីឡាករ​ថៃ​ឈ្មោះ RE DA ដែល​ត្រូវ​គេ​អះអាង​ថា គឺជា​ជើង​ខ្លាំង​ម្នាក់​មក​ពី​ទីក្រុង​បាងកក​ឲ្យ​បោះបង់​ការ​ប្រកួត ។ កែង​ដ៏​មុត​ស្រួច​របស់​កីឡាករ​កម្ពុជា បាន​វាយ​បំបែក​ថ្ងាស​កីឡាករ​ថៃ​ឲ្យ​បែក​រយះ​រហូត​ដល់​៣​កន្លែង​ឯណោះ បណ្ដាល​ឱ្យ​ហូរ​ឈាម​ស្រោច​ពេញ​មុខ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​បាត់បង់​ជំហរ​ក្នុង​ការ​តស៊ូ ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​ពីរ​មាន​ភាពស្វិតស្វាញ​យ៉ាង​ខ្លាំង ហើយ​បើ​កុំ​តែ​បង្គោល​ខៀវ​របស់​ថៃ​ភ្លាត់​ឲ្យ​ត្រូវ​ពីរ​បី​កែង​ក្នុង​ពេល​បើក​ឆាកប្រយុទ្ធ​គ្នា កុំ​អី​មិន​ប្រាកដ​ថា ជ័យជម្នះ​នឹង​ក្លាយជា​របស់ មាស ច័ន្ទ​មាន នោះ​ឡើយ ។ ផ្អែក​តាម​ការ​ប្រកួត​ក្នុង​២​ទឹក​ដំបូង​កីឡាករ​ទាំង​ពីរ​មាន​កម្រិត​វាយលុក​ខ្លាំងក្លា​ដូច​គ្នា ជា​ពិសេស​កីឡាករ​ថៃ បាន​បង្ហាញ​នូវ​កម្រិត​វាយ​សន្ធាប់​លុប​លើ​កីឡាករ​កម្ពុជា​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​នោះ​ផង ។ អ​ញ្ចឹ​ង​ហើយ​ទើប​គេ​មើលឃើញ​ថា ស្នាម​រយះ​ដែល​ភ្លាត់​បែក​របស់​កីឡាករ​ថៃ គឺជា​ឱកាស​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ការពារ​មុខមាត់​ក្នុង​ឋា​នះ​ជា​ម្ចាស់​ខ្សែក្រវាត់ ។

កីឡាករ​ថៃ Re Da ត្រូវ​ក្រុម​គ្រូពេទ្យ​ដេរ​ជិត​២០​ថ្នេរ ដោយសារ​តែ​ស្នាម​បែក​រយះ​មាន​ចំនួន​រហូត​ដល់​៣​កន្លែង ហើយ​កន្លែង​នីមួយ​ៗ​មាន​សភាព​ធំ​នៅ​លើ​ក្បាល ។  គូ​នេះ​នឹង​តម្រូវ​ឲ្យ​មានការ​សងសឹក​ដោយសារ​តែ​កីឡាករ​ថៃបាន​ប្រកាស​ថា​មិន​អស់ចិត្ត​ព្រោះតែ​ភ្លាត់​ក្នុង​ពេល​វាយលុក ។ យ៉ាងណាមិញ សភាព​រង​របួស​និង​ការ​បរាជ័យ​របស់​កីឡាករ​ថៃ Re Da ក៏​កើតឡើង​ដោយសារ​តែ​កីឡាករ មាស ច័ន្ទ​មាន បាន​បង្ហាញ​បច្ចេកទេស​វាយលុក​ល្អ​ប៉ុណ្ណោះ ។

មិន​ខុស​គ្នា​ដែរ ម្ចាស់​ខ្សែក្រវាត់​វ័យក្មេង  ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​កងពលតូច​ទ័ព​ឆត្រយោង​៩១១ ក៏​បានការ​ពារ​មុខមាត់​ក្នុង​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Sing Phichnoy ផង​ដែរ បើ​ទោះជា​លទ្ធផល​ដែល​ទទួល​បាន ស្ថិត​ក្នុង​ភាព​ប្រផិតប្រផើយ​ទម្រាំ​តែ​ចប់​ការ​ប្រកួត​។ អ្នក​ទាំង​ពីរ​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៥​ទឹក​ពេញ ប៉ុន្តែ​កម្រិត​នៃ​ការ​វាយលុក​កីឡាករ​ថៃ ក៏​ត្រូវ​គេ​ឃើញ​ចាញ់​ប្រៀប ដោយសារ​តែ​បង្គោល​ក្រហម​កម្ពុជា​ប្រើ​កណ្ដាប់ដៃ និង​ថ្វី​ជើង​ប្រកបដោយ​បច្ចេកទេស​ខ្ពស់​នោះ​ផង​ដែរ​។ ទោះ​កីឡាករ​ថៃ​មាន​សមត្ថភាព​មុត​ស្រួច​ទាំង​ការ​វាយ​កែង អុក​ជង្គង់ និង​ម៉ាត់​បាន​ល្អ​ទៅ​លើ​ដៃគូ ក៏​កីឡាករ​កម្ពុជា ឡៅ ច​ន្ទ្រា នៅ​តែ​មាន​លទ្ធភាព​ធ្វើ​ឲ្យ​កីឡាករ​ថៃ​រាប់​មួយ​លើក​ភ្លាម​ក្នុង​ទឹក​ទី​៣ ។ នៅ​ទឹក​ទី​៤ កីឡាករ​ថៃ​ត្រូវ​ភ្លាត់​ក្រោម​បច្ចេកទេស​ដ៏​ល្អរ​បស់បង្គោល​ក្រហម​កម្ពុជា រាប់​ដល់​៨ ចំនួន​២​លើក​បន្ថែម​ទៀត ប៉ុន្តែ​បំណង​ផ្ដួល​ឲ្យ​សន្លប់​គឺ​មិន​អាច​ទៅ​រួច​ដដែល ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ពោរពេញ​ដោយ​ការ​តស៊ូ ។ គូ​នេះ​នៅ​ទឹក​ទី​៥ កីឡាករ​ថៃ បាន​ពង្រឹង​ជំហរ​ធ្វើ​ឲ្យ ឡៅ ច​ន្ទ្រា ចង់​បុក​ពោះ​ផង​ដែរ ។ យ៉ាងណា​ក៏​ដោយ នៅ​ក្រោយ​បញ្ចប់​ការ​ប្រកួត​កីឡាករ​កម្ពុជា​ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម នៅ​តែ​ឈ្នះ​ពិន្ទុ បើ​ទោះជា​កីឡាករ​ថៃ​ត្រូវ​គេ​អះអាង គឺជា​ម្ចាស់​ខ្សែក្រវាត់​ដូច​គ្នា​នោះ​ក៏​ដោយ ៕