ជើង​ខ្លាំង​ថៃ បំបាក់មុខ​ព្រំ សំណាង នៅ​ប៉ុស្ដិ៍​លេខ​5

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ការ​ប្រដាល់​អន្តរជាតិ​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧ តុលា នៅ​សង្វៀន​ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ជ្រោយចង្វា កីឡាករ​ថៃ Kham Lay Phith បាន​ក្លាយជា​អ្នក​ឈ្នះ​នៅ​វគ្គ​ចុង​ក្រោយ ក្នុង​ការ​សម្រេច​គោលដៅ​ធ្វើ​ឲ្យ​ជើង​ខ្លាំង​ព្រំ សំណាង​អាម៉ាស់មុខ ។ ទោះបី​យ៉ាងណា អ្នក​ទាំង​ពីរ​ហាក់​មិនសូវ​បើក​ឆាកប្រយុទ្ធ​គ្នា​ខ្លាំងក្លា​ឲ្យ​មាន​ភាព​ទាក់ទាញ​ប៉ុន្មាន​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​មាន​អារម្មណ៍​ញញើតញញើម​គ្នា និង​ចាំតែ​វាយឆ្មក់​ម្ដង​ៗ​ប៉ុណ្ណោះ ។

បើក​ឆាកប្រយុទ្ធ​ពេញ​៥​ទឹក កីឡាករ​ព្រំ សំណាង មក​ពី​ក្លិប​កងពលតូច​ឆត្រយោង​៩១១ ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ស្ទុះស្ទា​សម្បើម​ណាស់ ដើម្បី​បំបាក់មុខ​កីឡាករ​ថៃ​ឈ្មោះ​Kham Lay Phith នៅ​ក្នុង​ការ​ប្រកួត ។ ក្នុង​ទឹក​ទី​១ និង​ទី​២ អ្នក​ទាំង​២​មិន​មានការ​វាយ​ប្រយុទ្ធ​គ្នា​នោះ​ទេ ដោយ​គ្រាន់តែ​ញាក់​ក្បាច់​ដាក់​គ្នា​ដើម្បី​ស្ទាបស្ទង់​។ ឈាន​ដល់​ទឹក​ទី​៣ បង្គោល​ក្រហម​របស់​កម្ពុជា​ចាប់ផ្ដើម​វាយ​សន្ធាប់​ដើម្បី​ប្រទាញ​ពិន្ទុ ប៉ុន្តែ​ការ​សម្រុក​ដែល​បាន​ធ្វើ​ឡើង​មិន​ចំ​គោលដៅ​ទាំង​អស់នោះ​ទេ ដោយ​បែរជា​ត្រូវ​កីឡាករ​ថៃ​ស្វាគមន៍​ដោយ​ការ​វាយបក​ត្រឡប់​មក​វិញ​។ ទោះជា​ព្រំ សំណាង ប្ដូរ​ដោយ​កែង​បក និង​លោត​អុក​ជង្គង់​ដោយ​អន្លើ ក៏​កីឡាករ​ថៃ​នៅ​តែ​អាច​គេច​ផុត ។ ផ្ទុយ​ទៅ​វិញ កីឡាករ​ថៃ​ដូច​ជា​មានសំណាង​ច្រើន​ជាង​ក្នុង​ការ​វាយ​ទប់ និង​វាយបក​រាល់ពេល​វាយ​សន្ធាប់ ក្នុង​ពេល​គូប្រកួត​គឺ​កីឡាករ​កម្ពុជា​មាន​ភាព​ចន្លោះ​ប្រហោង ។ ក្រុម​អ្នក​ទស្សនា​សុទ្ធតែ​មើលឃើញ​ថា កីឡាករ​កម្ពុជា​អន់​កម្លាំង​ស៊ុ​ហ្វ​ទើប​បណ្ដាល​ឲ្យ​ការ​វាយ​ចេញ​ដោយ​ប្រើ​កណ្ដាប់ដៃ និង​ស្នៀត​ល្អ​ៗ​ផ្សេង​ទៀត​មិន​ត្រូវ​ចំ​គោលដៅ​តាម​ការ​ចង់បាន ។ កីឡាករ​ព្រំ សំណាង ប្រើ​អស់​សមត្ថភាព​យ៉ាង​ខ្លាំង​ធ្វើ​ឲ្យ​កីឡាករ​ថៃ​ត្រដរខ្យល់​ក្នុង​ការ​វាយ​ទប់ ដែល​អ្នក​ណា​ក៏​មើលឃើញ​ថាបើ​កីឡាករ Kham Lay Phith មិន​ពូកែ​គេច និង​វាយបក​គឺ​ប្រហែលជា​ត្រូវ​ខ្ចប់​បាត់​ហើយ​សម្រាប់​ការ​ប្រកួត ។ អ​ញ្ចឹ​ង​ហើយ​ទើប​ការ​ប្រកួត​របស់​ពួក​គេ​ត្រូវ​ចំណាយពេល​រហូត​ដល់​៥​ទឹក​ពេញ ដោយ​ភាគី​ម្ខាង​ៗ​សុទ្ធតែ​មាន​ចំណុចខ្សោយ និង​ខ្លាំង​រៀងខ្លួន និង​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​តស៊ូ​ដូច​គ្នា​។  បញ្ចប់​ការ​ប្រកួត​កីឡាករ​ថៃ​ត្រូវ​គេ​លើកដៃ​ឲ្យ​ឈ្នះ​ពិន្ទុ ធ្វើ​ឲ្យ​ព្រំ សំណាង ជា​អ្នក​ចាញ់ និង​អ្នកគាំទ្រ​រង​ការ​អាម៉ាស់​ផង​ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​ព្រឹត្តិការណ៍​ប្រដាល់​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥ បាន​អះអាង​ថា ការ​ប្រដាល់​កាលពី​ថ្ងៃ​សៅរ៍​នោះ មិនមែន​ជា​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​របស់​កីឡាករ​៨​រូប​ទើបតែ​បាន​រក​ឃើញ​៤​នាក់ ហើយ​ចង់​ទុក​ពេល​ឲ្យ​កីឡាករ​ទាំង​៤​មាន​ពេល​បានមួ​យស​ប្ដា​ហ៍ ទើប​សម្រេច​ឲ្យ​ព្រំ សំណាង ដែល​ជា​កីឡាករ​ល្បី​ម្នាក់​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដើម្បី​កំដរ​បរិ​យាស ។ នៅ​ស​ប្ដា​ហ៍​ក្រោយ​ការ​ប្រកួត​ជម្រុះ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​សម្រាប់​ព្រឹត្តិការណ៍​ជើងឯក​ស៊ីម៉ង់ត៍​អូដ្ឋ​នឹង​បន្ត​ធ្វើ​ដូច​សព្វដង​ដើម្បី​ស្វែងរក​ជើង​ខ្លាំង ។ ជំនួប​ប៉ះ​គ្នា​រវាង​កីឡាករ​ព្រំ សំណាង និង​កីឡាករ​ថៃ Kham Lay Phith  លោក​ថា​ជា​រឿង​មិន​គួរ​ឲ្យ​ជឿ ដោយសារ​តែ​ពេល​កន្លង​មក​គេ​ដឹង​ច្រើន​មក​ហើយ​ថា កីឡាករ​ព្រំ សំណាង មាន​ប្រវត្តិ​ច​វាយ​ផ្ដួល​កីឡាករ​ថៃ និង​កីឡាករ​កែវ រំ​ចង់ ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​ថ្វីដៃ​រួច​ទៅ​ហើយ ។ លោក​ថា​ពួក​គេ​ប្រកួត​ល្អ ប៉ុន្តែ​មក​ពី ព្រំ សំណាង រៀង​ហត់​បន្តិច​ទើប​មិន​បាន​បញ្ចេញ​អស់​ថ្វីដៃ ប៉ុន្តែ​កីឡាករ​ថៃ​ក៏​មើលទៅ​រៀង​ហត់​ដែរ​ក្នុង​ការ​វាយ​ទប់​គូប្រកួត​។

ចំពោះ​ការ​ប្រកួត​គូ​ផ្សេង កីឡាករ​សោម វិ​ច្ឆ័​យ មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា បើ​ទោះជា​បាន​ប្រកួត​ល្អ​ក៏​នៅ​តែ​ចាញ់​ពិន្ទុ​កីឡាករ​ឌុ​ម​កែវ​ដា មក​ពី​ក្លិប​មកុដ​រាជសីហ៍ និង​កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា បាន​ប្រើ​បច្ចេកទេស​ខ្លាំងក្លា​យកឈ្នះ​កីឡាករ​ប៉ូ វ៉ា​ន់​ស័​ក្ត ដោយ​ពិន្ទុ​នៅ​វគ្គ​ចុង​ក្រោយ ៕