បើក​ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​3 ឆ្នាំ​2015

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរក្រសួង​-​ស្ថាប័ន​លើក​ទី​៣​ឆ្នាំ​២០១៥ នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​២០ តុលា ស្អែក​នេះ​នៅ​ទីលាន​សិប្បនិម្មិត Premium Sport Club  ស្ថិត​ក្នុ​ុ​ង​សង្កាត់​បឹង​កក់​ទី​១ ខណ្ឌទួលគោក ដោយ​មាន​ក្រុម​កីឡាករ​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។

ព្រឹត្តិការណ៍​មួយ​នេះ​ចាប់ផ្ដើម​ដំបូង​នៅ​ឆ្នាំ​២០១៣ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក​ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​កាល​ណោះ​មាន​កីឡាករ​ចូលរួម​តែ​៩​ក្រុម​ប៉ុណ្ណោះ និង​ឆ្នាំ​២០១៤​មាន​២២​ក្រុម ដោយឡែក​ឆ្នាំ​នេះ​មាន​រហូត​ដល់​ទៅ​២៥​ក្រុម​ឯណោះ ។

លោក​សុខ សប្បាយ​ណា ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ​ធ្វើ​ឡើង​តាម​រូបមន្ត​ជម្រុះ​តាម​ពូ​ល ហើយ​សម្រាប់​ក្រុម​ទាំង​២៥​នេះ ត្រូវ​បាន​បែងចែក​ជា​៦​ពូ​ល ។ ពូ​ល​A ដល់​C ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម ពូ​ល​D​ដល់​ពូ​ល​F ក្នុង​១​ពូ​ល​មាន​៥​ក្រុម​ហើយ​ការ​ប្រកួត​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ។ លោក​ប្រធាន​គណៈ​កម្ម​ការ​​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​មួយ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ចូលរួម​ចំណែក​លើកកម្ពស់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​ផង និង​ដើម្បី​បង្កើន​សាម​គ្គី​ភាព មិត្តភាព និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​យុវជន​នៅ​តាម​បណ្ដា​ក្រសួង​-​សា្ថ​ប័ន​រដ្ឋ ពិសេស​ដើម្បី​បំផុសស្មារតី​ឱ្យ​ស្រឡាញ់​ចូល​ចិត្ត​លេង​កីឡា​ដើម្បី​សុខភាព ។ តាម​​ការ​ឱ្យ​ដឹង​បន្ថែម​សម្រាប់​ការ​ប្រកួត​លើក​ទី​១ នៅ​ឆ្នាំ​២០១៣ តំណែង​ជា​ម្ចាស់​ជើងឯក​បាន​ទៅ​លើ​ក្រុម​ក្រសួងបរិស្ថាន និង​លើក​ទី​២​ឆ្នាំ​២០១៤​បាន​ទៅ​លើ​ក្រុម​ក្រសួង​សុខាភិបាល​។ ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​តើ​ឆ្នាំ​២០១៥​នេះ​តំណែង​ជើងឯក​បាន​ទៅ​លើ​ក្រុម​មួយ​ណា?៕