តួ​ក​គី​ប៉ុនប៉ង​បាញ់​ទម្លាក់​រាល់​យន្តហោះ​ដែល​រំលោភ​បំពាន​ដែនអាកាស​ខ្លួន

នាយក​រដ្ឋមន្ត្រី​តួ​ក​គី លោក AHMET DAVUTOGLU បន្ទាប់​ពី​ការ​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រឿង នៅ​ជិត​ព្រំដែន​ស៊ី​រី​មក​ថ្លែង​ថា ប្រទេស​តួ​ក​គី​នឹង​មិន​រារែក​ឡើយ ក្នុង​ការ​បាញ់​ទម្លាក់​រាល់​យន្តហោះ​យោធា​ដែល​ហោះ​រំលោភ​លើ​ដែនអាកាស​ខ្លួន ។

ក្នុង​ការ​ប្រមូលផ្តុំ​មនុស្ស​មួយ​របស់​គណបក្ស​ដើម្បី​យុត្តិធម៌ និង​ការ​អភិវឌ្ឍន៍ AKP នៅ​ទីក្រុង KAYSERI ភាគ​កណ្តាល​ប្រទេស នាយក​រដ្ឋមន្ត្រី​តួ​ក​គី ថ្លែង​ថា យើង​បាន​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង កាលពី​ថ្ងៃ​ទី​១៧ តុលា ។ ប្រសិនបើ​នោះ​ជា​យន្តហោះ​មួយ​ក៏​យើង​នឹង​ធ្វើ​ដូច្នេះ​ដែរ ។ ជំហរ​របស់​យើង​ដូច​គេ​ដឹង​ស្រាប់​ហើយ អ្នក​ណា​ដែល​រំលោភ​បំពាន​ព្រំដែន​យើង​នឹង​ទទួល​ការ​ឆ្លើយ​តប​វិញ​ដោយ​សម​ស្រប ។

ជា​សមាជិក​មួយ​របស់​អូតង់ តួ​ក​គី​បាន​សម្តែង​ពី​កំហឹង​របស់​ខ្លួន​ចំពោះ​រុ​ស្ស៊ី បន្ទាប់​ពី​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​២​គ្រឿង ដែល​ចូលរួម​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​ហោះ​ចូល​ដែនអាកាស​ខ្លួន ក្រោយ​ពី​រុ​ស្ស៊ី​ហក់​ចូល​ក្នុង​ជម្លោះ​នៅ​ស៊ី​រី​មក ៕