​អាវុធហត្ថ​ខេត្តកំពត​ចាប់​ជន្លង់ម្រេច​អត់​ច្បាប់​១​យី​ឌុ​ប​ប្រគល់​ឱ្យ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ

ខេត្តកំពត ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​ឃាត់​រថយន្ត​យី​ឌុ​ប​ដឹក​ជន្លង់ម្រេច​ពេញ​១​គ្រឿង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ តុលា ២០១៥ នៅ​ចំណុច​ភូមិ​ត្រពាំង​វែង ឃុំ​ត្រពាំង​រាំង ស្រុក​ជុំ​គី​រី នាំ​មក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ និង​ប្រគល់​ឲ្យ​ខាង​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ។

លោក​វរសេនីយ៍ទោ ហែម ច​ន្ទ័​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌ អធិការកិច្ច នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប្រចាំការ​ស្រុក​ជុំ​គី​រី​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក បាន​ចេញ​ល្បាត ក៏​ប្រទះ​ឃើញ​រថយន្ត​យី​ឌុ​ប​១​គ្រឿង​ផ្ទុក​ជន្លង់ម្រេច​ពេញ​ទ្រុង ធ្វើ​ដំណើរ​ចេញពី​ខេត្តកំពង់ស្ពឺ​ឆ្ពោះទៅ​កាន់​ខេត្ត​កែប ។ លោក​បន្ត​ទៀត​ថា ដោយ​មានការ​សង្ស័យ ដំបូង​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់​រថយន្ត​នោះ​ដើម្បី​ពិនិត្យ​ ​ដើម្បី​សួរ​រក​អាជ្ញាប័ណ្ណ និង​ច្បាប់​ដឹក​ជញ្ជូន តែ​ដោយ​ពិនិត្យ​ទៅ​ឃើញ​ថា​គ្មាន​ច្បាប់ និង​លិខិត​អ្វី​ទាំងអស់ ក៏​បាន​រាយការណ៍​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ។ ក្រោយ​ពី​មាន​សេចក្តីរាយការណ៍ភ្លាម មន្ទីរ​យុត្តិធម៌​បាន​សុំ​ការ​ឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ដើម្បី​នាំ​រថយន្ត​ដឹក​ជន្លង់​ម្រេច​អត់​ច្បាប់​នោះ​ទៅ​ប្រគល់​ឲ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កំពត ចាត់ការ​តាម​នីតិវិធីច្បាប់ ។

លោក​វរសេនីយ៍ទោ ហែម ច​ន្ទ័​ដា​រ៉ា បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​ជន្លង់ម្រេច​នេះ​មានឈ្មោះ សូវ អ៊ួ​ក ភេទ​ស្រី អាយុ​៥២​ឆ្នាំ មុខរបរ​អាជីវករ មាន​ទីលំនៅ​ភូមិ​តា​ឡង់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ជន្លង់ម្រេច​ដែល​ផ្ទុក​ក្នុង​រថយន្ត​យី​ឌុ​ប​ទាំងអស់​មាន​ចំនួន​១០.១០០​ដើម ។ លោក​បន្ត​ទៀត​ថា ទាំង​ម្ចាស់ ទាំង​រថយន្ត និង​ជន្លង់ម្រេច មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ២០១៥ ។

គួរ​រំលឹក​ថា ជុំវិញ​ករណី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​ស្រុក​ជុំ​គី​រី​ បើ​តាម​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា នា​ពេល​កន្លង​មកនេះ​គឺ​មាន​ដឹក​ឆ្លងកាត់​ជា​ហូរហែរ ប៉ុន្តែ​គេ​ពុំ​ឃើញ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើ​នៅ​តំបន់​ខាងលើ​ធ្វើការ​ឃាត់​សួរនាំ ឬ​ពិនិត្យ​ច្បាប់​អាជីវកម្ម​ម្តងណា​ឡើយ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​សង្ស័យ​ថា មន្ត្រី​ទាំងនោះ​ប្រហែលជា​ត្រូវរ៉ូវ​គ្នា​ជាមួយ​អ្នក​រកស៊ី​ឈើ​ខុសច្បាប់​ទាំងនោះ​ហើយ​ទើប​ពុំ​មាន​វិធានការ​បែប​នេះ ។

ពាក់ព័ន្ធ​នឹង​ការ​រិះគន់​ខាងលើ​នេះ​ដែរ «​កោះសន្តិភាព​» ព្យាយាម​ទូរស័ព្ទ​ទៅ​លោក ជួន សា​រ៉ា នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ដើម្បី​សុំ​ការ​បកស្រាយ​បំភ្លឺ​ដែរ តែ​ទូរស័ព្ទ​ចូល​ហើយ​គ្មាន​អ្នក​លើក​សោះ ៕