ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច​ខេត្តស្វាយរៀង និង​ព្រៃវែង នៅ​តែ​គ្មាន​ប្រសិទ្ធភាព

ខេត្តព្រៃវែង ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​រដូវ​បុណ្យ​ភ្ជុំ ដែល​មន្ត្រីរាជការ និង​កម្មករ​-​កម្មការិនី​ទាំងអស់​ត្រូវធ្វើ​ដំណើរ​ត្រឡប់​ទៅ​ធ្វើការ​នៅ​ឯ​រាជធានី​ភ្នំពេញ​វិញ​នោះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ក្នុង​ទឹកដី​ខេត្តស្វាយរៀង និង​ព្រៃវែង គេ​សង្កេត​ឃើញ​ថា ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​ទាល់តែ​សោះ ។ ស្ទើ​តែ​គ្រប់​ម៉ូតូ​ទាំងអស់​ផ្ទុក​មនុស្ស​ពី​៣-៤​នាក់ ព្រមទាំង​មាន​អីវ៉ាន់​សំពីងសំពោង​យ៉ាងច្រើន​ផង​ដែរ ចំណែក​រថយន្ត​តាក់ស៊ី​វិញ ពិសេស​គឺ​រថយន្ត​តូ​រី​ស និង​សាំ​យ៉ុ​ង មិន​ត្រឹមតែ​បើក​គូថ​ដាក់​មនុស្ស​ឱ្យ​អង្គុយ​ទំលាក់​ជើង​អូស​នឹង​ថ្នល់​នោះ​ទេ នៅ​លើដំបូល​រថយន្ត​គឺ​ដាក់​ពេញ​ទៅ​ដោយ​មនុស្ស​ពី​៥​ទៅ​១០​នាក់​ថែម​ទៀត​ផង ដែល​មើលទៅ​គឺ​ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ខ្លាំង​បំផុត ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ កម្លាំង​ប៉ូលិស​ចរាចរណ៍​ខេត្តស្វាយរៀង​បាន​ដាក់កុង​ត្រូល​១​កន្លែង​នៅ​ទល់មុខ​ស្នាក់​ការ​គយ​ខេត្ត ដែល​ស្ថិត​ក្នុងភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ចំណែក​កម្លាំង​ប៉ូលិស​ចរាចរណ៍​ខេត្តព្រៃវែង​បាន​ដាក់កុង​ត្រូល​១​កន្លែង​នៅ​ចំណុច​ខាងលិច​ផ្លូវ​កោង​សទ្ធា ស្ថិត​ក្នុង​ឃុំ​រំចេក ស្រុក​ព្រះស្តេច ដើម្បី​ធ្វើការ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់សំគាល់​នោះ គឺ​សកម្មភាព​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​របស់​សមត្ថកិច្ច​ហាក់​គ្មាន​ប្រសិទ្ធិ​ភាព​ទាល់តែ​សោះ ព្រោះ​សមត្ថកិច្ច​ទាំង​អស់នោះ​គ្រាន់តែ​ចាប់​ផាកពិន័យ​យក​លុយ រួច​ឈរ​មើល​រថយន្ត​ទាំងនោះ​បន្ត​ដឹក​មនុស្ស​នៅ​លើដំបូល​បើក​ចេញ​ទៅ​យ៉ាង​រំភើយ ដោយ​មិន​ភ័យ​ខ្លាច​ពី​គ្រោះថ្នាក់​អ្វី​ទាល់តែ​សោះ ។

ក្រុម​អ្នកដំណើរ​ផ្សេង​ទៀត​ដែល​បានឃើញ​ពី​ទិដ្ឋភាព​នេះ​បាន​នាំ​គ្នា​រិះគន់​ថា សមត្ថកិច្ច​ទាំងនោះ​ចេញ​មក​រក​លុយ​ដាក់​ហោប៉ៅ មិនមែន​ចេញ​មក​អនុវត្ត​ច្បាប់​ចរាចរណ៍ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​គ្រោះថ្នាក់​នោះ​ទេ ព្រមទាំង​បាន​លើក​ជា​សំណួរ​ឡើង​ថា បើ​រថយន្ត​ដឹក​មនុស្ស​នៅ​លើដំបូល​ទាំងនោះ​បើក​ចេញ​ផុត​ពី​កុងត្រូល​ប៉ូលិស ហើយ​ទៅ​ជួប​គ្រោះថ្នាក់​នៅ​ខាង​មុខ តើ​អ្នក​ណា​ជា​អ្នក​ខុស?  អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ?