តម្លៃ​ផ្ញើ​ម៉ូតូ​នៅ​ផ្សារ​កំពង់ត្រាច​ថ្លៃ​ខ្ពស់កប់ពពក

ខេត្តកំពត ៖ រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ខាង​ភាស៊ី​ផ្សារ​កំពង់ត្រាច​មិន​បាន​ដាក់​ម៉ូតូ​ផ្ញើ​នៅ​លើ​ផ្លូវ​ទៀត​ទេ​ដោយសារ​តែ​ចង្អៀត​ពេក តែ​ដាក់​ផ្ញើ​នៅ​ជាប់​ផ្លូវជាតិ​មុខ​ផ្សារ​វិញ​ម្តង ប៉ុន្តែ​អ្វី​ដែល​គេ​សង្កេត​ឃើញ​នោះ​គឺ​អ្នក​ម៉ៅ​ភាស៊ី​ផ្សារ​បាន​ដំឡើង​ថ្លៃ​ផ្ញើ​ម៉ូតូ​ខ្លួនឯង ដោយ​បង្គាប់​ឱ្យ​សន្តិសុខ​ផ្សារ​យក​តម្លៃ​២០០០​រៀល​ក្នុង​ម៉ូតូ​១​គ្រឿង ។

លោក ឡាយ សុវណ្ណ មន្ត្រី​នគរបាល​ស្រុក​កំពង់ត្រាច​បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ថា ការ​ដាក់​ផ្ញើ​ម៉ូតូ​ឱ្យ​ខាង​ភាស៊ី​ផ្សារ​មើល​នេះ​គឺ​ពិតជា​ធានា​សុវត្ថិភាព​ជូន​ពលរដ្ឋ​មិន​ឱ្យ​បាត់បង់​មែន តែ​យក​តម្លៃ​​ថ្លៃ​ខ្ពស់កប់ពពក​ពេក​ហើយ គឺ​ម៉ូតូ​១​គ្រឿង​តម្លៃ​រហូត​ដល់​ទៅ​២០០០​រៀល​ឯណោះ​នៅ​រដូវ​បុណ្យ​ទាន​ ។ លោក​បន្ត​ទៀត​ថា មិន​ថា​តែ​រដូវ​បុណ្យ​ទាន​ទេ សូ​ម្បី​តែ​ថ្ងៃ​ធម្មតា​ក៏​ខាង​ភាស៊ី​ផ្សារ​យក​ថ្លៃ​ផ្ញើ​ម៉ូតូ​១​គ្រឿង​ដល់​ទៅ​១០០០​រៀល​ដែរ ដែល​តម្លៃ​នេះ​វា​ផ្ទុយ​ស្រឡះ​ទៅ​នឹង​តម្លៃ​ក្នុង​បន្ទុក​ដែល​ខាង​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្ត​កំណត់​ឱ្យ គឺ​ឱ្យ​យក​ថ្លៃ​ផ្ញើ​តែ​៣០០​រៀល​ប៉ុណ្ណោះ​ក្នុង​ម៉ូតូ​១​គ្រឿង ។ លោក ឡាយ សុវណ្ណ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ដំឡើង​ថ្លៃ​របស់​ខាង​ភាស៊ី​ផ្សារ​កំពង់ត្រាច​នេះ ហាក់ដូចជា​គ្មាន​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ណា​អើពើ​នោះ​ទេ ។

ពាក់ព័ន្ធ​នឹង​រឿង​អ្នក​ភាស៊ី​ផ្សារ​កំពង់ត្រាច​ដំឡើង​ថ្លៃ​ផ្ញើ​ម៉ូតូ​ខ្ពស់កប់ពពក​នេះ លោក ប៉ែន សេង ប្រធាន​ភាស៊ី​ផ្សារ​កំពង់ត្រាច ដែល​​ជា​អ្នក​ដាក់​ភាគហ៊ុន​ច្រើន​ជាងគេ​បំផុត​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ «​កោះសន្តិភាព​» ​យើង​ឱ្យទៅ​សួរ​លោក ហាម បាវ និង​សួរ​បន្ត​ទៅ​លោក លឹ​ម ស្រាវ ទៀត តែ​ទីបំផុត​គ្មាន​អ្នក​ណា​ម្នាក់​ចេញ​មុខ​ប្រាប់​ពី​ហេតុផល​នៃ​ការ​ដំឡើង​ថ្លៃ​ខ្ពស់កប់ពពក​នេះ​ឡើយ ។

ទាក់ទង​នឹង​រឿង​នេះ​ដែរ លោក អ៊ុ​ម ស៊ី​ណាត អភិបាលស្រុក​កំពង់ត្រាច ធ្លាប់​បាន​មាន​ប្រសាសន៍​ថា រឿង​អ្នក​ភាស៊ី​ផ្សារ​បើ​នៅ​តែ​ស្មុគស្មាញ​កើតរឿង​រ៉ាវ​មិន​ឈប់​បែប​នេះ គួរ​ណាស់​តែ​រំលាយ​ចោល​ទៅ ។ ម្យ៉ាងវិញទៀត ថ្មី​ៗ​នេះ​មន្ត្រី​អគ្គិសនី​ខេត្តកំពត​បាន​ជំរុញ​ឱ្យ​ប្រធាន​ផ្សារ​កំពង់ត្រាច​យក​ថ្លៃ​អគ្គិសនី​ពី​អាជីវករ​ផ្សារ​ក្នុង​តម្លៃ​ថោក​វិញ ព្រោះថា​សព្វថ្ងៃ​នេះ​តម្លៃ​ភ្លើង​គិត​ពី​អាជីវករ​គឺ​១៤០០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ឯណោះ ចំណែកឯ​តម្លៃ​ភ្លើង​រដ្ឋ​វិញ​តែ​៦៥០​រៀល​ក្នុង​១​គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ ៕