សហ​ការី​​ទូរទស្សន៍​​បា​យ័ន ​និង​​​CTN ម្នាក់​ត្រូវ​​មិត្ត​​ភក្តិ​រឹត.ក​ប្លន់​​​​យក​ម៉ូតូ​ទៅ​​បាត់​​

រាជធានី​ភ្នំពេញ ៖ លោក​ម៉​ម លី​ហេង សហការី​ទូរទស្សន៍​បា​យ័ន និង​ទូរទស្សន៍​CTN​ បាន​រង​របួស​​ធ្ងន់​ដោយសារមិត្តភក្តិ​បបួល​ជូន​ទៅ​ផ្ទះ​រួច​យក​ខ្សែនីឡុងរឹត.កប្លន់​យក​ម៉ូតូ​ម៉ាក​ស្គូពី ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ទៅ​បាត់ ​កាលពី​វេលា​ម៉ោង៣ទៀប​​ភ្លឺ​ ថ្ងៃ​ទី​១៨ ​តុលា ​​២០១៥ នៅ​ចំណុច​ផ្លូវ​បេតុង​មួយ​កន្លែង​ក្បែរ​នឹង​បុរី ៩៩៩ ស្ថិត​ក្នុងភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ទាក់​ទិន​នឹង​អំពើ​ប្លន់​ខាងលើ​នេះ លោក​លី ហេង បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន​ថា ជនល្មើស​ឈ្មោះ ឈុ​ន ឈាង មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែងជា​អតីត​មិត្តភក្តិ​ធ្លាប់​រៀន​ភាសា​អង់គ្លេស នៅ​ព្រះ​វិហារ ASC  កាលពី​អំឡុង៣​ឆ្នាំ​មុន ហើយ​បាន​ជួប​គ្នា​ដោយ​ចៃដន្យ ខណៈ​ដែល​រូប​គាត់ ( លី ហេង ) កំពុង​ជិះ​ម៉ូតូ​ឆ្ពោះទៅ​យក​ព័ត៌មានពេល​យប់​ជំនួស​មិត្តភក្តិ​ថ្ងៃ​សៅរ៍ អាទិ​ត្យ ស្រាប់តែ​ជនល្មើស​ឈ្មោះ​ឈុ​ន ឈាង ឃើញ​តាម​ផ្លូវ​ក៏​ស្រែកហៅ​ឈប់​រៀបរាប់​រំលឹក​អំពី​ប្រវត្តិ​នៃ​ការ​រៀនសូត្រ ។

ដោយ​យល់​ឃើញ​ថា ឈ្មោះ​ឈុ​ន ឈាង ជា​មនុស្ស​មានចំណេះ​ដឹង​ខាង​ភាសា​អង់គ្លេស​ច្បាស់លាស់ និង​ជា​មនុស្ស​ត្រឹមត្រូវ លោក​លី ហេង ក៏​ចំណាយ​ពេលវេលា​ជួប​ឈ្មោះ​ឈុ​ន ឈាង ទទួលទាន​ទឹកក្រឡុក តាម​ផ្លូវ​ ហើយ​អង្គុយ​ជជែក​គ្នា​លេងជា​ច្រើន​ម៉ោងក្នុង​គោលបំណង​ចាំ​ស្តាប់​ហេតុការណ៍​ព័ត៌មានពេល​យប់​ផង​ដែរ ។

ប៉ុន្តែ​ធាតុ​ពិត​ឈ្មោះ​ឈុ​ន ឈាង មាន​ចេតនា​អាក្រក់ជាមួយ​មិត្តភក្តិ​របស់​គាត់​ម្នាក់​ផ្សេង​ទៀត​ដែល​លោក​លី ហេង មិន​ស្គាល់ឈ្មោះ បាន​លួងលោម​លោក​លី​ ហេង ពង្វក់​អារម្មណ៍​ពេល​យប់ពី​លិចទៅ​កើតជា​ច្រើន​គោលដៅ រហូត​ដល់​វេលា​ខាងលើ ជនល្មើស​បានឱ្យ​លោក​លី ហេង ជូន​ត្រឡប់​មក​ផ្ទះ​ជួល​របស់​មិត្តភក្តិ​គេ រួច​ហើយ​ក៏​ធ្វើ​សកម្មភាព​យក​ខ្សែ​នីឡុ​ង​រឹក​.​ក​ លោក​លី ហេង ប្លន់​យក​ម៉ូតូ​ទៅ​បាត់​ដោយ​សុវត្ថិភាព ។

ក្នុង​គ្រា​ដ៏​ស្លន់ស្លោ​ពេល​នោះ លោក​លី ហេង បាន​រើបំរាស់ពី​ក្រ​ញ៉ាំដៃ​ឃាតករ រួច​រត់គេច​ខ្លួន​ហើយឆ្លៀត​ដក​ទូរស័ព្ទ​ទាក់​ទង​ទៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​ទំពុនឱ្យមក​ជួយ​អន្តរាគមន៍ ។ ដោយសារ​លោក​លី ហេង មាន​ភាពរឹងមាំ​មិន​គ្រោះថ្នាក់​ដល់​អាយុជីវិត ទើប​ជនល្មើស​ដណ្តើម​យក​ម៉ូតូ​រួច​ជិះ​គេចខ្លួន​បាត់ ក្រោយ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

ដោយឡែក​លោក​លី ហេង បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​សង្គ្រោះ​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ឯកជន ។

ចំពោះ​ករណី​ខាងលើ​នេះ ក្រុម​គ្រួសារ​របស់​មុខសញ្ញា​ចោរប្លន់​ខាងលើកំពុង​អង្វរ.ក​​​លោក​លី ហេង សុំ​ឱ្យ​ដក​ពាក្យបណ្តឹង​​​ឈ្មោះ​ឈុ​ន ឈាង ទាក់​ទឹ​ន​នឹង​បទល្មើស​ប្លន់​សម្លាប់ ។ បញ្ហា​នេះ​សមត្ថកិច្ចសន្និដ្ឋាន​ថា ជនល្មើស​មាន​ចេតនាសម្លាប់​ជន​រង​គ្រោះ​បំបិទមាត់ ​ព្រោះ​ជា​មនុស្ស​ស្គាល់គ្នា តែ​សំណាងល្អ​ដែល​ជន​រង​គ្រោះមាន​កម្លាំង​ព​លំ​រឹង​មាំ មិន​ស្លាប់​ដូច​ចេតនា​របស់​ជនល្មើស​ដែល​បាន​គិត​ទុកជា​មុន ។

​ករណី​នេះ សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ជនល្មើស ហើយ​កំពុង​កសាង​សំណុំរឿង​ដើម្បី​ឈាន​ទៅ​​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។ ចំពោះ​មុខ គឺ​លោក​លី ហេង ដែល​ជា​និស្សិត​ឆ្លៀត​ពេលវេលា​ជួយ​ធ្វើ​ការងារ​ឪពុក និង​ជា​សហការី​ទូរទស្សន៍ ត្រូវ​រង​របួស​ជា​ទម្ងន់ ហើយ​បាត់បង់​ម៉ូតូ​ខាន​ជិះ សម្រាប់​ជួយ​បំពេញ​កិច្ច​ការងារ​ផ្ទាល់ខ្លួន​បច្ចុប្បន្ន ខណៈ​រូប​លោក​កំពុង​ស្ថិត​ក្នុង​ជីវភាព​គ្រួសារ​មួយ​ដែល​មាន​ម្តាយ​កំពុង​មាន​ជម្ងឺ​ប្រចាំ​កាយ​រាប់​ឆ្នាំ​កន្លង​មក​ហើយ ៕ ​