ស្នងការ​នគរបាល​ខេត្ត​ចំនួន​៧ ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​ដំឡើង​ឋានន្តរស័ក្តិ ជា​ឧត្តម​សេនីយ៏ទោ​

ភ្នំពេញ៖ ស្នងការនគរបាលខេត្តចំនួន៧ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យ ដំឡើងឋានន្តរស័ក្តិ ជាឧត្តមសេនីយ៏ទោ (ផ្កាយ២) កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៥ ។

យោងតាមព្រះរាជក្រិត្យដែល មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះ បានឲ្យដឹងថា ស្នងការនគរបាលខេត្តទាំង៧នាក់ រួមមាន ទី១ លោកឧត្តមសេនីយ៏ត្រី អាត់ ខែម អត្តលេខ០៤១២ ជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទី២ លោកឧត្តមសេនីយ៏ត្រី កែវ ពិសី អត្តលេខ០៤៦២ ជាស្នងការនគរបាល ខេត្តកំពង់ស្ពឺ ទី៣ លោកឧត្តមសេនីយ៏ត្រី សារុន ចាន់ធី អត្តលេខ ០៤៧១ ជាស្នងការនគរបាលខេត្តពោធិសាត់ ទី៤ លោកឧត្តមសេនីយ៏ត្រី បែន រ័ត្ន អត្តលេខ០៨២៩ ជាស្នងការនគរបាលខេត្តកំពង់ចាម ទី៥ លោកឧត្តមសេនីយ៏ត្រី អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ ជាស្នងការនគរបាលខេត្តកណ្តាល ទី៦ លោកឧត្តមសេនីយ៏ត្រី អ៊ុក សំណាង ១២១៥៨ ជាស្នងការនគរបាលខេត្តតាកែវ និងទី៧ លោកឧត្តមសេនីយ៏ត្រី ស ថេត អត្តលេខ១៥៧២២ ជាស្នងការនគរបាលខេត្តបាត់ដំបង។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ សម្រាប់ស្នងការនគរបាលទាំង២៥រាជធានី ខេត្ត មានពាក់ផ្តាយ៣ម្នាក់ គឺលោកឧត្តមសេនីយ៏ឯក ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ និងពាក់ផ្កាយ២ ចំនួន២នាក់ គឺលោកឧត្តមសេនីយ៏ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៏ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ៕

ស្នងការ​នគរបាល​ខេត្ត​ចំនួន​៧ ត្រូវបាន​ព្រះមហាក្សត្រ ព្រះរាជទាន​ដំឡើង​ឋានន្តរស័ក្តិ ជា​ឧត្តម​សេនីយ៏ទោ​