សមត្ថ​កិច្ច ​កំពុង​តាម​ប្រមាញ់​ ជន​ដៃ​ដល់ ស្រោច​ទឹក​អាស៊ីត ​លើ​ប្រពន្ធ​ ព្រោះ​ខឹង​ សុំ​ផ្សះ​ផ្សាគ្នាមិនបាន

ខេត្តក្រចេះ​ ៖ ប៉ូលិស​ស្រុក​ចិត្រ​បុរី បាន​បញ្ជាក់​ថា ប៉ូលិស​កំពុង​តែ​ស្រាវជ្រាវ​តាម​រកបុរស​ដៃដល់​ជា​ប្តីដែល​បាន​ធ្វើ​សកម្មភាព​យក​ទឹក​អាស៊ីត​អា​គុយ​មក​ចាក់​ស្រោច​លើ​​ប្រ​ព​ន្ធ​ ហើយ​បាន​រត់គេច​ខ្លួន ​បន្ទាប់​ពី​បង្កហេតុ​រួច​។

លោក​ស្រ៊ឺ ជាលី អ​ធ​រិ​ការ​រង​នគរបាល​ស្រុក​ចិត្រ​បុរី បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ តុលា នេះ​ថា ជន​ដៃដល់​ជា​ប្តី​ដែល​នគរបាល​កំពុង​តែ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​នេះ គឺ​ជាប់សង្ស័យ​នឹង​ករណី​ប៉ុនប៉ង​មនុស្សឃាត​។  

ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះជា​ប្រ​ព​ន្ធ​ដែល​រង​នូវ​ការ​វាយប្រហារ​ដោយ​ទឹកអាស៊ីត​ពី​ជន​ដៃដល់​ជា​ប្តី​នេះ​ឈ្មោះ​រុំ សា​វី អាយុ​២២​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ​កូន​១ រស់នៅ​ក្នុងភូមិ​វាលសំបូរ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ច​ណែ​កឯ​បុរស​ជា​ប្តី​ដៃដល់ មាន​ទីលំនៅ​ក្នុង​ឃុំ​ជាមួយ​គ្នា​។

បន្ទាប់ពី​រង​ការ​ស្រោច​ទឹក​អាស៊ីត​ភ្លាម​ៗ​ស្ត្រី​ជា​ប្រ​ព​ន្ធ​ត្រូវ​បាន​នាំ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ តែ​មិនរង​គ្រោះ​ធ្ងន់ធ្ងរ ដោយសារ​ទឹក​អាស៊ីត​ដែល​ជន​ដៃដល់​ជា​ប្តី​បាន​ចាក់​ស្រោច​គឺជា​ប្រភេទ​ទឹកអាស៊ីត​អា​គុយ​។

ប៉ូលិស​ស្រុក​ចិត្រ​បុរី​បាន​ឲ្យ​ដឹង​ទៀត​ថា ​មូល​ហេតុ​ដែល​ប្តី​ជះ​ទឹក​អាស៊ីត​លើ​ប្រពន្ធ​ដោយ​សារ​ខឹង​សុំ​ប្រពន្ធ​រួម​រស់​ជាមួយ​គ្នា​​វិញ​នាង​មិន​ព្រម​ បន្ទាប់​ពី​លែង​លះ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយដោយ​សារ​ប្រពន្ធ​អត់​ទ្រាំ​នឹង​ការ​វាយ​ធ្វើ​បាប​ពី​សំណាក់​បុរស​ជា​ប្តី​លែង​បាន​៕

សមត្ថ​កិច្ច ​កំពុង​តាម​ប្រមាញ់​ ជន​ដៃ​ដល់ ស្រោច​ទឹក​អាស៊ីត ​លើ​ប្រពន្ធ​ ព្រោះ​ខឹង​ សុំ​ផ្សះ​ផ្សាគ្នាមិនបាន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត