ប្រធាន​ក្រុមហ៊ុន​មួយ​នៃ​ប្រទេស​ន័រវេសន៍​នឹង​ប្រគល់​វត្ថុ​បុរាណ​សម័យ​អង្គរ​មក​ឲ្យ​កម្ពុជា​វិញ

ប្រធាន​ក្រុមហ៊ុន អាតត្លាសឃ្លីនីកែន (Atlasklinikken) របស់​ន័រវេសន៍ (Norway) លោក ម័រធិន បូស្ទ័ររូដ (Morten Bosterud) នឹង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ពី​ការ​ប្រមូល​ទុក​ផ្ទាល់​ខ្លួន​របស់​លោក ទៅ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា វិញ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា វត្ថុ​បុរាណ​ទាំង​នោះ​រួម​មាន ព្រះកេស​ព្រះ​ឥសូរ សម័យ​អង្គរ​សតវត្ស​ទី​៩ រចនាបថ​ព្រះ​គោ ព្រះកេស​ទេព​ភេទ​ប្រុស សម័យ​អង្គរ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ រចនាបថ​បាយ័ន ព្រម​ទាំង​វត្ថុ​សិល្បៈ​ចំនួន ៩​ដុំ​ផ្សេង​ទៀត។ ក្រសួង​ការ​បរទេស បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំងអស់​នេះ ត្រូវ​បាន​ឆ្លង​កាត់​ការ​ធ្វើ​កោសល្យវិច័យ​រួច​ហើយ​ពី​អ្នក​ជំនាញ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​កម្ពុជា

ក្រសួង​ការ​បរទេស ឲ្យ​ដឹង​ដែរ​ថា ពិធី​ប្រគល់​ផ្លូវ​ការ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​តុលា នា​សារមន្ទីរ​ជាតិ ដោយ​មាន​ការ​ចូលរួម​របស់ លោក ម័រធិន បូស្ទ័ររូដ ព្រម​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង និង​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា។ នៅ​ក្នុង​ឱកាស​នោះ រដ្ឋាភិបាល​កម្ពុជា ក៏​នឹង​បំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន​ដល់ លោក ម័រធិន បូស្ទ័ររូដ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។