ជន​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​4​នាក់​ស្លាប់​ក្រោយ​វាយប្រហារ​ដោយ​កាំបិត​ប្រឆាំង​ជន​អីុស្រា​អែ​ល

ជន​ប៉ា​ឡេ​ស្ទី​ន​៤​នាក់​បាន​ត្រូវ​បាញ់​សម្លាប់ ហើយ​ម្នាក់​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១៧ តុលា បន្ទាប់​ពី​ពួក​គេ​ប៉ុនប៉ង​ប្រើ​កាំបិត​ចាក់​ជន​អីុស្រា​អែ​ល ក្នុង​នោះ​មាន​ទាហាន​ច្រើន​នាក់​នៅ​តំបន់​ស៊ី​ស​ហ្ស៊​ក​ដា​នី និង​នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត ក្នុង​អំពើ​ហិង្សា​ដែល​ពិបាក​រាំង​ខ្ទប់ ។

អំពើ​ហិង្សា​ចាប់ផ្តើម​ផ្ទុះ​ខ្លាំង​ពី​ថ្ងៃ​ទី​១ តុលា មក ក្រោយ​ការ​សម្លាប់​ប្តី​ប្រពន្ធ​​អីុ​ស្រា​អែ​ល​២​នាក់​នៅ​តំបន់​ស៊ី​សហ្ស​ក​ដា​នី ដែល​នាំ​ឱ្យ​គេ​សង្ស័យ​ផ្ទុះ​អាំង​ទី​ហ្វា​ដា​ថ្មី​មួយ​ក្នុង​បណ្តា​ដែនដី​ប៉ា​ឡេ​ស្ទី​ន ដែល​អីុ​ស្រា​អែ​ល​កាន់កាប់ ។

កាលពី​ថ្ងៃ​ទី​១៧ តុលា មានការ​វាយប្រហារ​៣​កើតឡើង​នៅ​ភាគ​ខាងត្បូង​ស៊ី​សហ្ស​ក​ដា​នី ក្នុង​តំបន់​ហេ​ប្រោ​ន ដែល​មាន​និគមជន​​អីុ​ស្រា​អែ​ល​៥០០​នាក់ រស់នៅ​ក្រោម​កិច្ច​ការពារ​របស់​កងទ័ព ។ ការ​វាយប្រហារ​ទាំងនេះ​ពួក​យុវជន​ប៉ា​ឡេ​ស្ទី​ន​សំដៅលើ​ទាហាន​២​នាក់ និង​និគមជន​ម្នាក់ ។ កងទ័ព​អីុស្រា​អែ​ល​និយាយ​ថា ពេល​ប៉ុនប៉ង​ចាក់​និគមជន​ម្នាក់​អ្នក​វាយប្រហារ​ត្រូវ​បាញ់​ស្លាប់ ។ ប៉ុន្មាន​ម៉ោង​ក្រោយមក ក្មេង​ស្រី​ប៉ា​ឡេ​ស្ទី​ន​អាយុ​១៦​ឆ្នាំ​ម្នាក់​បាន​ត្រូវ​បាញ់​ស្លាប់ បន្ទាប់​ពី​នាង​ប៉ុនប៉ង​ចាក់​ទាហាន​​អីុ​ស្រា​អែ​ល​ម្នាក់​ត្រង់​ច្រកចូល​មូលដ្ឋាន​យោធា​មួយ​របស់​កង​ឆ្មាំ​ព្រំដែន ។ យុវនារី​រូប​នេះ​ចាក់​ទាហាន​អីុ​ស្រា​អែ​ល​ឱ្យ​របួសស្រាល រួច​ទាហាន​រូប​នេះ​ក៏​បាញ់​សម្លាប់​នាង ។ នា​វេលា​ល្ងាច​ក្មេង​ជំទង់​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​អាយុ​១៦​ឆ្នាំ បាន​វាយប្រហារ​ទាហាន​​អីុ​ស្រា​អែ​ល​ម្នាក់​នៅ​ទីក្រុង​ហេ​ប្រោ​ន ធ្វើ​ឱ្យ​ទាហាន​រូប​នេះ​រង​របួស ហើយ​រូបគេ​ត្រូវ​គេ​បាញ់ប្រហារ ។

ម្យ៉ាងទៀត​ការ​ប៉ះទង្គិច​គ្នា​នានា​កើត​មាន​រវាង​កង​ទាហាន​​អីុស្រា​អែ​ល និង​ពួក​យុវជន​ប៉ា​ឡេ​ស្ទី​ន​ដែល​គប់​ដុំ​ថ្ម និង​ដុត​សម្បក​កង់​រថយន្ត​នៅ​ទីក្រុង​ហេ​ប្រោ​ន ។ ជន​ប៉ា​ឡេ​ស្ទី​ន​១១​នាក់ រង​របួស​ដោយ​គ្រាប់​កៅស៊ូ ឬ​គ្រាប់​ពិត ។

នៅ​ជ្រោយ​ហ្គា​ហ្សា ជន​ស៊ី​វិល​ប៉ា​ឡេ​ស្ទី​ន​យ៉ាងតិច​៤​នាក់ រង​របួស​ដោយសារ​គ្រាប់កាំភ្លើង​ទាហាន​​អីុ​ស្រា​អែ​ល ។ ម្នាក់​ដែល​កំពុង​ដើរ​ល្បាត រួច​រូបគេ​ត្រូវ​ទាហាន​​អីុស្រា​អែ​ល ។  នៅ​សង្កាត់​និយម​ជន ARMON HANETSIV ក្រុង​ហ្សេ​រុយ​សា​ឡឹម​ខាងកើត ជន​ប៉ា​ឡេ​ស៊ី​ន​ម្នាក់​ប៉ុនប៉ង​វាយប្រហារ​ដោយ​កាំបិត​លើ​ទាហាន​​អីុស្រា​អែ​ល​ម្នាក់​ដែល​កំពុង​ដើរ​ល្បាត រួច​រូបគេ​ត្រូវ​ទាហាន​អុ​ី​ស្រា​អែ​ល​ឯទៀត​បាញ់​ស្លាប់ ។ យុវជន​ប៉ា​ឡេ​ស្ទី​ន​ម្នាក់​ទៀត​អាយុ​២៤​ឆ្នាំ បាន​ត្រូវ​ស្លាប់​នា​ល្ងាច​ថ្ងៃ​ទី​១៧ តុលា ក្រោយ​ពី​រូបគេ​វាយប្រហារ​លើ​កង​ឆ្មាំ​ព្រំដែន​​អីុស្រា​អែ​ល​នៅ​ស៊ី​សហ្ស​ក​ដា​នី ។

តាំងពី​ចាប់ផ្តើម​ផ្ទុះ​អំពើ​ហិង្សា​ថ្មី​ៗ​ពី​ថ្ងៃ​ទី​១ តុលា មក ជន​ប៉ា​ឡេ​ស្ទី​ន​៤១​នាក់ បាន​ត្រូវ​ស្លាប់ ហើយ​ជា​ច្រើន​រយ​នាក់​រង​របួស ។ ចំណែក​ជន​​អីុ​ស្រា​អែ​ល​៧​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ហើយ​ច្រើន​សិប​នាក់​រង​របួស ៕