ពលរដ្ឋ​អេ​ហ្ស៊ី​ប​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សភា

ពលរដ្ឋ​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ​ទី​១៨ តុលា បាន​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​សម្រាប់​សភា​ថ្មី​ក្រោម​ការ​កាន់​អំណាច​របស់​ប្រធានាធិបតី លោក​អាប់​ដែល ហ្វា​តា​ហ៍ អាល់​ស៊ី​ស​ស៊ី អតីត​ប្រមុខ​យោធា ដែល​បង្ក្រាប​ពួក​ប្រឆាំង​ទាំងអស់​២​ឆ្នាំ ក្រោយ​ការ​ផ្តួលរំលំ​ប្រធានាធិបតី​អ៊ិ​ស្លា​ម​និយម លោក​ម៉ូ​ហា​ម៉េ​ដ ម័​រ​ស៊ី ។

ការ​បោះ​ឆ្នោត​សភា​នេះ​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អវត្តមាន​របស់​ពួក​ប្រឆាំង​ស្ទើរ​ទាំងស្រុង ចាប់ផ្តើម​នា​ថ្ងៃ​ទី​១៨ និង​១៩ តុលា ក្នុង​ខេត្ត​១៤ ក្នុង​ចំណោម​ខេត្ត​២៧​របស់​ប្រទេស​សម្រាប់​អ្នកបោះឆ្នោត​ជាង​២៧​លាន​នាក់ ។

ការ​បោះ​ឆ្នោត​នេះ​ជា​លើក​ដំបូង​នៅ​អេ​ហ្ស៊ី​ប​ចាប់តាំងពី​ការ​រំលាយ​កាលពី​ខែមិថុនា ឆ្នាំ​២០១២ មក នូវ​សភា​ដែល​គ្របដណ្តប់​ដោយ​ពួក​អ៊ិ​ស្លា​ម​និយម នឹង​ប្រព្រឹត្ត​ទៅ​ជា​២​ដំណាក់កាល​យោង​តាម​ប្រព័ន្ធ​បោះ​ឆ្នោត​ដ៏​ស្មុគស្មាញ​មួយ​ទាំង​សមាមាត្រ ទាំង​ឯកតនាម ។

ពួក​អ្នក​សង្កេតការណ៍៍​យល់​ថា សភា​ដែល​មាន​សមាជិក​៥៩៦​រូប​នោះ នឹង​គ្រាន់តែ​ជា​សភា​មួយ​ដែល​ធ្វើ​តាម​ការ​សម្រេច​នានា​របស់​លោក​អាល់​ស៊ី​ស​ស៊ី ជា​ប្រធានាធិបតី​គ្មាន​គណបក្ស តែ​គាំទ្រ​យ៉ាង​ចំហ​ដោយ​បេក្ខជន​សភា​ភាគច្រើន​បំផុត ។

សេនាប្រមុខ​ចូល​និវត្តន៍​នេះ​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្ពស់​បំផុត ក្នុង​ចំណោម​ពលរដ្ឋ​អេ​ហ្ស៊ី​ប​ដែល​មើលឃើញ​ថា រូប​លោក​ជា​បុរស​ខ្លាំង ដែល​អាច​ស្តារ​សេដ្ឋកិច្ច​ធ្លាក់​ដុនដាប់​ខ្លាំង​ឡើង​វិញ និង​ធ្វើ​ឱ្យ​ប្រទេស​មាន​ស្ថេ​រ​ភាព ៕