បញ្ជួនខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​ពី​បទ​​ភ្ជង់​គំរាម​ជនបរទេស

​ខេត្ត​ព្រះវិហារ ៖ ជនសង្ស័យ ​ឈ្មោះ ឆ​ង ចាន់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​តាបស ឃុំ​ស្តៅ ស្រុក​សង្គម​ថ្មី ​ត្រូវ​បាន​សមត្ថកិច្ចកា​រិ​យា​ល័យ​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល ​ខេត្ត​ ​​បញ្ជូន​ខ្លួន​​ទៅ​​សាលាដំបូង​ខេត្ត ​ពី​បទ​ប្រើប្រាស់​កាំភ្លើង​កែ​​ច្នៃភ្ជង់​គំរាម​ជនបរទេស​នាពេល​កន្លង​មក​  ។

តាម​ការ​បញ្ជាក់​ពីមន្ត្រី​ការិយាល័យ​ព្រហ្ម​ទ​ណ្ឌ​កម្រិត​ស្រាល​ខេត្ត​ នៅ​ថ្ងៃទី​១៧​ តុលា ​​២០១៥​ ​ថា នៅ​​ថ្ងៃ​កើត​ ជនសង្ស័យ​ និង​បក្ខ​ពួក​​​២នាក់​​​ទៀត​បាននាំ​គ្នាចូល​ទៅ​អារយក​គល់​ឈើប្រភេទ​ធ្នង់ នៅ​ក្នុង​ព្រៃ​អភិរក្ស​ជីវចម្រុះ ​ស្ថិតនៅ​​ក្នុងស្រុក​សង្គម​ថ្មី នៅ​ពេល​ដែលក្រុម​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​​នោះ ជន​រង​គ្រោះ​ ឈ្មោះ បេន ដេ​វិ​ដ ភេទ​ប្រុស សញ្ជាតិ​អា​មេ​រិ​ក រួម​ទាំង​អ្នក​ការពារ​ព្រៃឈើចំនួន​៣​នាក់​ទៀតក៏​​​បាន​មក​ដល់ ហើយ​ចូល​ទៅ​ឃាត់ និង​​​ដកហូត​យករ​ណា​យន្ត តែ​ជនសង្ស័យ​មិន​ព្រម​ឱ្យ​​​ថែម​ទាំង​​​យកពូថៅបម្រុង​កាប់ទៅ​លើ​ជន​រង​គ្រោះ​ ហើយ​ក្រោយមក​ក៏​បាន​យកកាំភ្លើង​កែ​​ច្នៃភ្ជង់​គំរាម​​​​ក្រុម​ជន​រង​គ្រោះឱ្យ​​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ។

ក្រោយមក​ជន​រងគ្រោះ ​ឈ្មោះ បេន ដេ​វិ​ដ ក៏​បានវិល​​ត្រឡប់​ទៅ​វិញ ​និងបាន​ដាក់​ពាក្យបណ្តឹងឱ្យ​​សមត្ថកិច្ច​ចុះ​​​ឃាត់ខ្លួន​ជនសង្ស័យ​ ហើយសមត្ថកិច្ច​​ក៏​​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​លំនៅ​ឋាន​តែ​ម្តង​ ។

​ជនសង្ស័យ និង​វត្ថុ​តាង​ត្រូវ​បាន​​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​សាលា​ដំបូង​​ខេត្ត​​ ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​ ៕