សម្តេចតេជោហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ឋ​បណ្ឌិត​នឹងអញ្ជើញ​ជាអធិបតី​ភាព​សម្ពោធ​ស្ពាន​ជ្រោយ​ចង្វារ​ទី២​ថ្ងៃ២២តុលា

ភ្នំពេញ៖ ក្រោយពីដាក់ឲ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស ប្រើប្រាស់ជាបណ្តោះអាសន្ននូវស្ពាន មិត្តភាព កម្ពុជា-ចិន (ជ្រោយចង្វារទី២) អស់រយៈពេល ជាច្រើនខែកន្លងមកនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ពោធស្ពាននេះនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ខាងមុខ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចចេញផ្សាយនៅថ្ងៃទី១៨ តុលា។

ក្នុងបណ្តាញទំនាក់ទំនងនេះ សម្តេចបានលើកឡើងនូវសមិទ្ធផលជាតិជាច្រើនដែលជាស្នាដៃរបស់ សម្តេច និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ក្នុងប្រទេសកម្ពុជា រួមទាំផ្លូវថ្នល់ និងស្ពានតូចធំ គឺកំពុងរីកលូតលាស់បម្រើដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដើម្បីមានឱកាសពង្រីកមុខរបរ និង អភិវឌ្ឍន៍កសាងសង្គមគ្រួសារ ឲ្យកាន់តែមានជីវភាពធូរធារប្រសើរឡើង។

សូមបញ្ជាក់ថា ស្ពានជ្រោយចង្វាទី២នេះ មានទទឹង១៣,៥ ម៉ែត្រ បណ្តោយប្រវែង១.២៦០ម៉ែត្រ បានបើកដំណើរការសាងសង់ពីខែវិច្ឆិកា ឆ្នាំ២០១១ ដែលបានបានចំណាយថវិកា ២៧,៥លានដុល្លារ ដែលជាឥណទានហិរញ្ញប្បទានពីប្រទេសចិន ដែលបានប្រើពេលវេលាចំនួន៣៨ខែ។
ក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងសាលារាជធានីភ្នំពេញបានដាក់ឲ្យប្រើ ប្រាស់ ជាបណ្តោះអាសន្នតាំងពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងមក៕

សម្តេចតេជោហ៊ុន សែន និង​សម្តេចកិត្តិ​ព្រឹទ្ឋ​បណ្ឌិត​នឹងអញ្ជើញ​ជាអធិបតី​ភាព​សម្ពោធ​ស្ពាន​ជ្រោយ​ចង្វារ​ទី២​ថ្ងៃ២២តុលា