អ្នកតាមដានសង្គម៖ អ្នកប្រព្រឹត្តការ​រត់គេចពន្ធ​គឺ​ចេញពី​គយ

ភ្នំពេញ៖ លោក សន ជ័យ តំណាងអង្គការសម្ព័ន្ធ គណនេយ្យភាពសង្គមអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៥នេះថា អ្នកដែលចរាចរណ៍ អំពើពុករលួយរត់គេចពន្ធ គឺចេញពីជួរគយដោយខ្លួនឯងតែម្តង។

ការថ្លែងរបស់លោកនេះ បានធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល កម្ពុជាបានចេញ លិខិតជាថ្មីទៀត ដោយបានដាក់ចេញនូវបទបញ្ជាឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនប្រសិទ្ធភាព ក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់ពន្ធ តាមគ្រប់រូបភាពផ្សេងៗ ទាំងនៅតាមច្រកព្រំដែនធំៗ និងច្រករបៀបតូចៗឲ្យបានម៉ឺងម៉ាត់។

លោក សន ជ័យ មានប្រសាសន៍ថា កម្ពុជាជាប្រទេសមួយ ដែលសម្បូរទំនិញនាំចូល មានដូចជាចំណីអាហារ របស់ប្រើប្រាស់ មានរថយន្តជាដើមដែលបានគេច មិនបង់ពន្ធចូលរដ្ឋ។

លោកបានបញ្ជាក់ថា “សមត្ថភាពការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធនេះមានតិចណាស់ ដោយសារតែការប្រព្រឹត្តិអំពើពុករលួយចេញពីជួរគយខ្លួនឯងតែម្តង”។សម្រាប់រថយន្តត្រូវ បានលោកលើកឡើងថា ឈ្មួញត្រូវបង់ពន្ធចូលរួមរដ្ឋចំនួន ១២០ភាគរយ ហើយសព្វថ្ងៃនេះ រថយន្តអត់ពន្ធកំពុងដាក់លក់ ដោយគ្មានកោតញញើត ចំកណ្តាលប្រទេស នេះមិនគិតពីទំនិញតូចតាចផ្សេងៗទៀតផង ដែលករណីនេះហើយ ជាកម្សោយក្នុងការអនុវត្ត ការប្រមូលពន្ធ ឬការអនុវត្តការបង់ពន្ធ។

លោកបានបន្តថា ការគ្មានប្រសិទ្ធភាព នៃការបង់ពន្ធនាំចូលនេះនាំឲ្យខាតបង់ការប្រមូលថវិកាចូលរដ្ឋ ។ លិខិត ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៩ តុលា បានឲ្យដឹងទៀតថា ទោះបីជា រាជរដ្ឋាភិបាលធ្លាប់បានដាក់បញ្ជាឲ្យដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ តាំងីពីឆ្នាំ១៩៩៨ក៏ដោយ ប៉ុន្តែ ប្រសិទ្ធនៃការទប់ស្កាត់ និងការបង្ក្រាបអំពើរត់គេចពន្ធ ពុំទាន់ត្រូវបានបង្កើនឲ្យអស់លទ្ធភាពនៅឡើយ៕