សុំ​នគរបាល ដើម្បី​រួមរ័ក្ស​៦ម៉ោង​សិន សឹម​ប្រគល់​ខ្លួន​ឲ្យ​ចាប់


រងការចោទប្រកាន់ ទាក់ទងនឹងការប្លន់ប្រដាប់អាវុធមួយ បុរសជាតិអាមេរិកាំង រស់នៅ​រដ្ឋ​ផ្លរីដា​ម្នាក់​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​នគរបាល រង់​ចាំ​រហូត​ដល់​៦ម៉ោង មុន​នឹង​ប្រគល់​ខ្លួន។ ស្ត្រីដៃគូស្នេហារ​របស់​បុរស បាន​ទាម​ទារ​ឲ្យ​គេ ទុកពួក​ខ្លួន​អាច​រួម​រ័ក្ស​ម្ដង​នេះ ជា​លើក​ចុង​ក្រោយ។
សុំ​នគរបាល ដើម្បី​រួមរ័ក្ស​៦ម៉ោង​សិន សឹម​ប្រគល់​ខ្លួន​ឲ្យ​ចាប់

លោក រ៉ៃអាន ប៉ាទ្រីក បូទីស្តា និងនាង លីអាន ហ៊ន។ (រូបថតទ្វីសធើរ)

ជាដៃគូរួមរ័ក្សលុះក្ស័យ សូម្បីតែមួយនាទី ចុងក្រោយក៏ដោយ ព្រោះវាពិតជាមានន័យណាស់។ ទាំងនេះ ជា​អ្វី​ដែលក្រុមនគរបាលអាមេរិក បានលាន់មាត់ នៅពេលចូលទៅរកចាប់ខ្លួន លោក រ៉ៃអាន ប៉ាទ្រីក បូទីស្តា (Ryan Patrick Bautista) និងនាង លីអាន ហ៊ន (Leanne Hunn) ពីបទចោទ ទាក់ទងនឹងអំពើល្មើសជាច្រើន ជា​ពិសេស​ការប្លន់ប្រដាប់អាវុធ។

សារព័ត៌មានអាមេរិកជាច្រើន បានរាយការណ៍ថា លោក បូទីស្តា អាយុ៣៤ឆ្នាំ បានគេចខ្លួន ពីនគរបាលជាប្រចាំ និងបានមករស់នៅ ក្នុងជំរកបណ្ដោះអាសន្ន ដ៏តូចមួយ ក្នុងសង្កាត់ភាគខាងលិច នៃក្រុង «Jacksonville»។ ប៉ុន្តែទោះជាស្ថិត ក្នុងសភាពគេចខ្លួនក៏ដោយ លោកមិនបានភ្លេច ពីរឿងសប្បាយនៅក្នុងគ្រួសារ ជាមួយ​នឹង​គូ​ស្នេហ៍ នាង លីអាន ហ៊ន ឡើយ។ អ្នកទាំងពីរថែមទាំងបានអញ្ជើញ អ្នករាប់អានជាស្ត្រីពីរនាក់ ឲ្យមក​ធ្វើ​បុណ្យ​ខួបកំណើតមួយ នៅក្នុងជំរកដ៏តូចនោះទៀតផង។ ប៉ុន្តែ ខណៈពេលពិធីបុណ្យ កំពុងប្រព្រឹត្តិទៅនោះ កង​កម្លាំង​ពិសេស (S.W.A.T.) ជំនាញខាងការអន្តរាគមន៍ ក្នុងសំនុំរឿងធំៗ បានធ្វើការឡោមព័ទ្ធ ជុំវិញជំរក​របស់​ជន​សង្ស័យ យ៉ាងជុំជិត។

នឹងប្រគល់ខ្លួន តែនៅក្រោយការរួមរ័ក្ស...

បន្ទាប់ពីការជជែកតថ្លៃ រវាងកងកម្លាំងអាជ្ញាធរ និងជនសង្ស័យ ដែលប្រើពេលអស់៤៥នាទីនោះ ស្ត្រីពីរនាក់ ដែលមកធ្វើបុណ្យខួបកំណើត ត្រូវបានដោះលែង មកក្រៅវិញ។ ប៉ុន្តែដោយឡែក ទាំងពីរនាក់គូស្នេហ៍ បាន​បដិសេធ មិនព្រមចេញ ពីក្នុងជំរកនោះឡើយ។ ពួកគេបានទាមទារ មកខាងនគរបាលថា៖ ពួកគេនឹងប្រគល់​ខ្លួន តែនៅក្រោយការរួមរ័ក្ស ជាលើកចុងក្រោយនេះសិន។ ជាការទាមទារ ដែលក្រុមអាជ្ញាធរបានយល់ព្រម ហើយបានដកកងកម្លាំងពិសេស ចេញពីការឡោមព័ទ្ធ។

៦ម៉ោងក្រោយមក ការសន្យារបស់ជនសង្ស័យ ហាក់ដូចជាកាន់តែយូរទៅៗ ធ្វើឲ្យក្រុមនគរបាលអស់​ការ​អត់​ធ្មត់ ហើយបានសម្រុកចូល ទៅចាប់ខ្លួនអ្នកទាំងពីរ នៅក្នុងជំរកបានជាស្ថាពរ។ បន្ថែមពីលើបទចោទ ទាក់ទង​នឹងអំពើលួច-ប្លន់​របស់ជនសង្ស័យ លោក បូទីស្តា នៅពេលនេះ គូស្នេហ៍ទាំងពីរនាក់ បានរងនូវការចោទ​ប្រកាន់ ពីរករណីបន្ថែមទៀត៖ បទរារាំងការឃាត់ខ្លួន ដោយអហិង្សា  និងបទចាប់បង្ខាំង (ស្ត្រីពីរនាក់ខាងលើ)៕