ពលរដ្ឋ​ក្រុង​ស្ទឹងត្រែង​ថា​ជនជាតិ​វៀតណាម​រស់នៅ​តាម​មាត់​ទន្លេ​ជួញ​ដូរ​ឈើ​ប្រណិត

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង សង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម ជាច្រើន​គ្រួសារ ដែល​បាន​តាំង​ទី​លំនៅ​តាម​មាត់​ទន្លេ កំពុង​យក​ទីតាំង​នោះ​ជា​កន្លែង​ជួញដូរ​ឈើ​ប្រណិត និង​កែច្នៃ​គ្រឿង​សង្ហារិម។ អាជីវកម្ម​របស់​ជនជាតិ​វៀតណាម ទាំង​នោះ ក៏​ត្រូវ​រិះគន់​ថា កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន និង​សុខភាព​ពលរដ្ឋ​ក្នុង​មូលដ្ឋាន។

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​១៧ តុលា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បង្ក្រាប​បទល្មើស​ព្រៃ​ឈើ និង​អាជីវកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ជាង ១០​កន្លែង តាម​បណ្តោយ​មាត់​ទន្លេ។

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក លោក ស្រន សឿន អង្កេត​ឃើញ​ថា ជនជាតិ​វៀតណាម ដែល​មក​តាំង​ទី​លំនៅ​តាម​បណ្តោយ​មាត់​ទន្លេ គឺ​ជា​ប្រភព​នៃ​បទល្មើស​ព្រៃ​ឈើ ព្រោះ​ជា​កន្លែង​ងាយ​ស្រួល​ដឹក​ជញ្ជូន​ឈើ​ពី​តំបន់​ឆ្ងាយ​តាម​ផ្លូវ​ទឹក។ ចំណែក​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន គឺ​ជា​កម្មករ។ លោក​បារម្ភ​ទៀត​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្រងើយ​កន្តើយ​មិន​ជម្លៀស​ពលរដ្ឋ​វៀតណាម ទាំង​នោះ​ឲ្យ​បាន​ឆាប់​នោះ​ទេ ផល​ប៉ះពាល់​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង៖ «វៀតណាម អាច​នៅ​ស្រុក​ខ្មែរ​យើង​អាច​បើក​អាជីវកម្ម​ដូចជា​សិប្បកម្ម ភាគ​ច្រើន​តាម​មាត់​ទន្លេ។ ប៉ះពាល់​ដល់​បរិស្ថាន ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ។ តាំង​ពី​ទឹក​អត់​ស្អាត សូម្បី​តែ​យើង​ជិះ​តាម​មាត់​ទន្លេ ក៏​ធុំ​ក្លិន​ស្អុយ​ដែរ។ ដូច្នេះ សូម​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​វៀតណាម រឿង​អាជីវកម្ម»

អាជ្ញាធរ​ក្រុង​ស្ទឹងត្រែង ឲ្យ​ដឹង​ថា បច្ចុប្បន្ន ក្នុង​សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង មាន​ពលរដ្ឋ​រស់​នៅ​តាម​ច្រាំង​ទន្លេ​ចំនួន​ជាង ៣០០​គ្រួសារ ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​ជាង ៣០​ភាគរយ។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អភិបាល​រង​ខេត្ត លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​កំពុង​សិក្សា និង​វាយ​តម្លៃ​ពី​ការ​ផ្តល់​ទីតាំង​ថ្មី​ដែល​ជា​ដី​សម្បទាន​សង្គម​កិច្ច​ដល់​ពលរដ្ឋ​រស់នៅ​ទីនោះ។ តែ​យ៉ាង​ណា លោក​ពុំ​ទាន់​ដឹង​ពី​ការ​កំណត់​ពេលវេលា​ជាក់លាក់ ស្ដីពី​ការ​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ទាំង​នោះ​ឲ្យ​រុះរើ​នៅ​ថ្ងៃ​ណា​នោះ​ទេ?៖ «យើង​បាន​ពិនិត្យ​មើល​ហើយ បាន​ផ្សព្វផ្សាយ​ហើយ នៅ​តែ​ប្រជុំ​ម្តង​ទៀត។ ប្រជុំ​ក្របខ័ណ្ឌ​បច្ចេកទេស និង​ក្របខ័ណ្ឌ​ជំនាញ ដើម្បី​ស្វែងរក​ទី​កន្លែង​ឲ្យ​គាត់។ ទី​ពីរ កំណត់​កាលបរិច្ឆេទ​ដើម្បី​ឲ្យ​គាត់​រុះរើ»

យ៉ាង​ណា​ក៏ដោយ​ចុះ អភិបាល​ក្រុង​ស្ទឹងត្រែង ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា អាជ្ញាធរ​បាន​រៀបចំ​ជម្លៀស​ជនជាតិ​វៀតណាម ទាំង​នោះ​ទៅ​នៅ​ទីតាំង​ថ្មី​នៅ​គីឡូ​ម៉ែត្រ​លេខ​១៤ ផ្លូវ​ជាតិ​លេខ​៧ ឋិត​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ផ្លូវ​ទៅ​ប្រទេស​ឡាវ។ ប៉ុន្តែ​តំណាង​ពលរដ្ឋ​ជា​ជនជាតិ​វៀតណាម លោក ឡេវ យ៉ាំងឡង បញ្ជាក់​ថា ពួក​គេ​មិន​អាច​រស់នៅ​តំបន់​ដាច់​ស្រយាល​បាន​ទេ។

ករណី​នេះ​ដែរ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សម្គាល់​ថា ពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់​ទន្លេ​ក្រុង​ស្ទឹងត្រែង ភាគ​ច្រើន​ជា​ពលរដ្ឋ​វៀតណាម ប្រកប​របរ​នេសាទ ជាង​កែច្នៃ​គ្រឿង​សង្ហារិម និង​ជួញដូរ​ឈើ​ប្រណិត។ លោក​ថា ពលរដ្ឋ​វៀតណាម ភាគ​ច្រើន​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​បញ្ហា​បរិស្ថាន អនាម័យ និង​សោភ័ណភាព​ទឹក​ទន្លេ​នោះ​ទេ ហើយ​ពួក​គេ​ក៏​ពុំ​សូវ​ខ្លាច​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ដែរ។ លោក ហូ សំអុល ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​នេះ ដែល​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន មិន​ប្រកាន់​ពូជ​សាសន៍ ក៏ប៉ុន្តែ​ច្បាប់​អន្តោប្រវេសន៍​ត្រូវ​តែ​អនុវត្ត៖ «បាន​ទៅ​ឃើញ​គាត់​ធ្វើ​សកម្មភាព​ធ្វើ​សិប្បកម្ម​ខុស​ច្បាប់​ហ្នឹង មាន​មិន​ក្រោម​ពី ១០​កន្លែង​នោះ​ទេ។ នៅ​តាម​បណ្តោយ​មាត់​ទន្លេ​ទាំង​តូច​ទាំង​ធំ។ អាជ្ញាធរ​ខេត្ត​គួរ​តែ​ពន្លឿន​ឲ្យ​គាត់​ទៅ​នៅ​កន្លែង​ថ្មី ដើម្បី​ចៀសវាង​ចំណុច​អវិជ្ជមាន​មួយ​ចំនួន ដូចជា​ការ​រស់នៅ​ជា​អនាធិបតេយ្យ។ សិប្បកម្ម​របស់​គាត់​ឈូស​ឈើ​បេង ធ្នង់ លាយ​គ្នា ហើយ​ទម្លាក់​ទៅ​ក្នុង​ទន្លេ»

យ៉ាង​នេះ​ក្តី មន្ត្រី​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី លោក មៀច មាន ក៏​សម្ដែង​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​គុណភាព​ទឹក​ទន្លេ​មេគង្គ បរិស្ថាន និង​សុខភាព​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង ខណៈ​ដែល​អង្គភាព​រដ្ឋាករ​ទឹក បាន​យក​ទឹក​ទន្លេ​នេះ​ផ្គត់ផ្គង់​ពលរដ្ឋ​ក្នុង​ក្រុង​ស្ទឹងត្រែង។ លោក​ថា ជនជាតិ​វៀតណាម ទាំង​នោះ បាន​បន្ទោបង់ និង​ចោល​កាក​សំណល់​រឹង​រាវ​ចូល​ទន្លេ ដែល​ជា​ប្រភព​នៃ​ប៉ារ៉ាស៊ីត និង​មេរោគ​ឆ្លង​ផ្សេងៗ​ដល់​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ទឹក​ទន្លេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។