បឹងកេត​ ឈ្នះ​ វេស្ទើន ៥-២​ ខណៈ​ Cam-Tiger ឈ្នះ​ ស៊ីម៉ាក់ ២-១


បឹងកេត​ ឈ្នះ​ វេស្ទើន ៥-២​ ខណៈ​ Cam-Tiger ឈ្នះ​ ស៊ីម៉ាក់ ២-១

ក្រុម​បឹងកេត​អង្គរ​​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​វេស្ទើន​ភ្នំពេញ​​ដោយ​លទ្ធផល ៥-២ នៅ​ស្តាត​ចាស់​ ខណៈ​ នៅកីឡដ្ឋាន​វេស្ទើន​ Cambodian Tiger បាន​ឈ្នះ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​(ស៊ីម៉ាក់​)​ដោយ​លទ្ធផល​២-១​​សម្រាប់​សប្តាហ៍​ទី​២១​ នៃ​លីក​បាល់ទាត់​កំពូល​កម្ពុជា។

 

បឹងកេត​ ឈ្នះ​ វេស្ទើន ៥-២​ ខណៈ​ Cam-Tiger ឈ្នះ​ ស៊ីម៉ាក់ ២-១សកម្មភាព​ប្រកួត​រវាង​បឹងកេត និង​វេស្ទើន​

 

ការ​ប្រកួត​នៅ​តង់​ទី​១​បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​​ស្មើ​ ២-២ បន្ទាប់​ពី​​ត្រឹម​តែ​២​នាទី​ប៉ុណ្ណោះ​បឹងកេត​អង្គរ​បាន​នាំ​មុខ​២-០ ​ដោយ​តារា​ឆ្នើម​ ចាន់​ វឌ្ឍនាកា ​នៅ​នាទី​ទី​២៩​ និង​ Benga Samuel នៅ​នាទី​ទី​៣០​ ប៉ុន្តែ​អ្វី​​ក៏​អាច​កើត​ឡើង​បាន​ដែរ​ វេស្ទើន​​បាន​តាម​​ស្មើ​២-២​ដោយ​តារា​ឆ្នើម​ប្រចាំ​ក្លិប​វេស្ទើន​ Mathew Oza នៅ​នាទី​ទី​៣៦​ និង​៤៤។

 

សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ ក្រុម​​ទាំង​ពីរ​បាន​ព្យាយាម​សម្រុក​គ្នា​ទៅ​វិញ​មក​ ខណៈ​វេស្ទើន​មាន​ឱកាស​មួយ​លើក​​ជា​ពីរ​លើក​​​នៅ​មុខ​ទី​របស់​​បឹងកេត​ តែ​ធ្វើ​មិន​បាន​សម្រេច។ ឱកាស​​ដ៏​ល្អ​មួយ​សម្រាប់​វេស្ទើន​ដែល​​ខ្សែ​ប្រយុទ្ធ Mathew Oza បណ្តើរ​បាល់​ទៅ​ប្រអប់​គ្រោះ​ថ្នាក់ ​និង​យារជើង​ទាត់​ហើយ សម្រាប់​តែ​ខ្សែ​ការពារ​របស់​បឹងកេត​ម្នាក់​យក​ដៃ​ទៅ​ទាញ Oza បណ្តាល​ឲ្យ​ខក​ខាន​​តែ​ម្តង។ ការ​យក​ដៃ​ទៅ​ទាញ​ Oza នេះ​មិន​ត្រូវ​បាន​លោក​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​ឡើយ​ដែល​ធ្វើ​​លោក ប៉ែន ផាត ខឹង​សម្បា​យ៉ាង​ខ្លាំង។

 

បន្ទាប់​មក បឹងកេត​ បន្ថែម​៣​​គ្រាប់​ទៀតដែល​រកគ្រាប់​បាល់​ដោយ ចាន់ វឌ្ឍនាកា ១​គ្រាប់​ទៀត​ និង Benga Samuel ដដែល​ស៊ុត​បាល់​២​គ្រាប់​ទៀត។ នៅ​ចុង​តង់​​វេស្ទើន​បាន​វាយ​សម្រុក​យ៉ាង​ខ្លាំង​ដែល​បង្ខំ​ឲ្យ​ បឹងកេត ដូរ​​ចាន់ វឌ្ឍនាកា ចេញ​ និងជំនួស​វិញ​ដោយ​​ខ្សែ​ការពារ។ ចប់​ការ​ប្រកួត បឹងកេត ឈ្នះ វេស្ទើន ៥-២ ទាំង​បុក​ពោះ។

 

ចំណែក​នៅកីឡដ្ឋាន​វេស្ទើន​វិញ​ ក្រុម Cambodian Tiger ទទួលបាន​ជ័យជម្នះ​លើ​ក្រុម​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា​ដោយ​លទ្ធផល ២-១៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​