សហគមន៍​នេសាទ បង្ក្រាប​បទល្មើស​នេសាទ ខណៈ​ទិន្នផល​ត្រី​ឆ្នាំនេះ មានការ​ធ្លាក់ចុះ​ខ្លាំង​

ក្រចេះ: ប្រជា​សហគមន៍​នេសាទ សង្កាត់​ក្រគរ​បាន​សម្តែង​ក្តីបារម្ភ​លើ​ការបាត់បង់​ទិន្នផល​ត្រី នា​រដូវ​ទឹកសម្រក​ឆ្នាំនេះ ដែល​បណ្តាលមកពី​កត្តា​ធម្មជាតិ​មិន​អំណោយផល​ល្អ ខណៈដែល​ទឹក​តំឡើង​មិនបាន​ជន់​លិច​គ្រប់​ដណ្តប​លើ​ផ្ទៃ​បឹង​-​ព្រែក​ដូច​ឆ្នាំមុន ស្របគ្នា​នេះ​ការធ្វើ​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់ នៅតែ​លួច​កើតមាន​។

​សហគមន៍​នេសាទ សង្កាត់​ក្រគរ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែតុលា នេះ រួមសហការ​ជាមួយ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ចុះបង្ក្រាប​ការធ្វើ​នេសាទ ដោយ​ប្រើ​ឧបករណ៍​ស្បៃ​មុង នៅតាម​បឹង​ខាងក្រោយ សង្កាត់​ក្រគរ ក្រុង​ក្រចេះ ដោយ​រឹបអូស​បាន​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយចំនួនធំ​។​

​ព្រែក​ក្រគរ មាន​ទីតាំង​នៅក្នុង​សង្កាត់​គ្រគរ​ក្រុង​ក្រចេះ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ព្រែក ដែលមាន​សក្តានុពល​ខ្ពស់​លើ​ទិន្នផល​ត្រី ខណៈដែល​ព្រែក​នេះ​ហ៊ុំព័ទ្ធ​ទៅដោយ​ផ្ទៃ​បឹង​ធំៗ ជា​ជម្រក​ត្រី​ពង​កូន និង​ពូជ​ត្រី​ធំៗ​។ ជា​រៀងរាល់ឆ្នាំ ក្នុង​រដូវ​ធ្លាក់​ខ្យល់ និង​ជា​រដូវ​ទឹកសម្រក ប្រជាពលរដ្ឋ និង​ប្រជា​សហគមន៍ នៃ​សហគមន៍​នេសាទ​ក្រគរ ដែល​ចាប់យក​របរ​នេសាទ ជា​ប្រភព​ចំណូល​ចម្បង គឺ​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ លើ​ទិន្នផល​ត្រី ដែល​បានមកពី​ការ ធ្វើ​នេសាទ នៅតាម​បឹង​ព្រែក ក្នុង​សង្កាត់​គ្រគរ​។​
​តែ​ផ្លែ​ក​តែ​ឆ្នាំនេះ ប្រជា​នេសាទ​ក៏ដូចជា​ប្រជា​សហគមន៍ បាន​សម្តែង​ក្តីបារម្ភ​លើ​ការបាត់បង់​ទិន្នផល​ត្រី ដោយសារតែ​ធម្មជាតិ​មិន​អំណោយផល​។​

​លោក កែវ រតនា ប្រធាន​សហគមន៍​នេសាទ​ក្រគរ បាន​ប្រាប់​ឲ្យ​ដឹងថា ស្រប​ពេលដែល​ទិន្នផល​ត្រី​ធ្លាក់ចុះ ហើយ​ការ​លួច​ធ្វើ​នេសាទ​ខុសច្បាប់ នៅតាម​បឹ​ក​ប៉ែក​ខាងលើ ក៏​នៅតែ​កើតមាន​ដែរនោះ លោក​បាន​សុំ​គោលការណ៍​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ ចុះ​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​។​

​ក្នុង​សកម្មភាព របស់​អាជ្ញាធរ​ដែល​បាន​ចុះបង្ក្រាប​បទល្មើស​នេសាទ នៅតាម​បឹង​ក្នុង ខាងក្រោយ​សង្កាត់​ក្រគរ ក្រុង​ក្រចេះ មាន​រយះពេល​ពេញ​មួយ​ព្រឹក​នេះ សមត្ថកិច្ច​បាន​រឹបអូស​យកបាន​លូ​ស្បៃ​មុង​ចំនួន ៤២​មាត់​លូ ប្រវែង​ជាង ២​ពាន់​ម៉ែត្រ និង​ក៏បាន​ចាក់​លេង​កូន​ត្រី​ចម្រុះ ចូល​បឹង​ធម្មជាតិ​វិញ មាន​ចំនួន​ជិត ១​រយ​គីឡូក្រាម​។​

​សម្ភារៈ​បទល្មើស​ទាំងនេះ បន្ទាប់ពី​មានការ​ចាប់​រឹបអូស ត្រូវបាន​សមត្ថកិច្ច​ស​ម្រេច​ធ្វើ​ការដុត​បំផ្លាញចោល​ទាំងស្រុង​។​
​ប្រធាន​សហគមន៍​នេសាទ​សង្កាត់​ក្រគរ លោក កែវ រតនា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ដោយមាន​សេចក្តីរាយការណ៍​ជា​បន្ត​បន្ទាប់ពី​ពលរដ្ឋ ក៏ដូចជា​ប្រជា​សហគមន៍ ទើប​សមត្ថកិច្ច​ឆ្មក់​ធ្វើការ​ចុះបង្ក្រាប​លើ​បទល្មើស​នេសាទ​ទាំងនេះ ដើម្បី​រក្សា​ឲ្យ​មាន​កំណើន​ទិន្នផល​ត្រី ដល់​ប្រជា​នេសាទ ដែល​ពឹង​ផ្អែកលើ​ការធ្វើ​នេសាទ​ដោយ​ឧបករណ៍​ស្របច្បាប់​។​

​លោក​ប្រធាន​សហគមន៍​បាន​ប្រៀបធៀប​ថា ជា​រៀងរាល់ឆ្នាំ​ត្រឹម​ពាក់កណ្តាល​ខែតុលា ដែលជា​រដូវ​លំហើយ​ធ្លាក់​ខ្យល់ ប្រជា​នេសាទ​ប្រមូលបាន​ផល​ត្រី​ជា​បណ្តើរៗ​ហើយ តែ​ឆ្នាំនេះ ពួកគាត់​មិនទាន់​ទទួលបាន​ផល​ត្រី​នៅឡើយ​ទេ​។​

​ប្រធាន​សហគមន៍​បាន​លើកឡើងថា ពេលដែល​កត្តា​ធម្មជាតិ មិន​អំណោយផល​ល្អ ធ្វើ​ឲ្យ​ទិន្នផល​ត្រី​ធ្លាក់ចុះ បានធ្វើ​ឲ្យ​ប្រជា​សហគមន៍ និង​ប្រជា​នេសាទ​មាន​ក្តីកង្វល់​ជាខ្លាំង​៕

សហគមន៍​នេសាទ បង្ក្រាប​បទល្មើស​នេសាទ ខណៈ​ទិន្នផល​ត្រី​ឆ្នាំនេះ មានការ​ធ្លាក់ចុះ​ខ្លាំង​