ការងារបង្កបង្កើនផលទូទាំងប្រទេសឆ្នាំនេះថយចុះជាងឆ្នាំមុន

ភ្នំពេញ:
 របាយការណ៍​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា រហូតដល់​សប្តាហ៍​ទី​២ ខែកញ្ញា​នេះ​ដំណើរ​ការងារ​បង្កបង្កើន​ផល​ស្រូវ​រដូវវស្សា​នៅ​ទូទាំងប្រទេស សម្រេចបាន​ចំនួន​២.២៩៣.៦០១​ហិកតា ស្មើនឹង ៨៩,៣៤​ភាគរយ​នៃ​ផែនការ​២.៥៦៧.១៣០​ហិកតា​តិចជាង​ឆ្នាំមុន ២៥.១៥៦​ហិកតា ធៀប​ក្នុង​រយៈពេល​ដូចគ្នា​។​

​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ឆ្នាំនេះ ទទួលបាន​លទ្ធផល​តិចជាង​ឆ្នាំមុន អាស្រ័យ​ដោយ​ស្ថានភាព​ទឹកភ្លៀង មិន​អំណោយផល​ល្អ មកទល់ពេលនេះ​ស្ថានភាព​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស តែ​នៅតាម​តំបន់ ខ្លះ​ភ្លៀង​ធ្លាក់​តិចតួច និង​ពុំទាន់​មានទឹក​គ្រប់គ្រាន់​នៅឡើយ​។ គ្រោះ​ខ្វះ​ទឹកបាន​ធ្វើឱ្យ​សំណាប ខូចខាត​ចំនួន ៦៤​ហិកតា សន្ទូង ពង្រោះ​ខូចខាត​ចំនួន​១០.៤២៨​ហិកតា និង​ធ្វើឱ្យប៉ះពាល់​លើ​ផ្ទៃដី​សរុប​ចំនួន ២.០៥៧៣១ ហិកតា ក្នុងនោះ​មាន​សំណាប​សរុប​ចំនួន​២.៥៨២​ហិកតា និង​សន្ទូង ពង្រោះ​សរុប​ចំនួន​២០៣.១៤៩​ហិកតា​។ ខេត្ត​ដែល​ទទួលរង​នូវ​ការប៉ះពាល់​មាន​ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ កណ្តាល ភ្នំពេញ ព្រៃវែង ពោធិ៍សាត់ ស្វាយរៀង តាកែវ ឧ​ត្ត​រ​មានជ័យ និង​ខេត្តសៀមរាប​។​

​ខេត្ត​ដែល​បញ្ចប់​ការងារ​ដាំ​ដុះ​ដំណាំ​រដូវវស្សា មានតែ​ខេត្តបន្ទាយមានជ័យ​សម្រេច​បាន​១០០,៨៣​ភាគរយ​។​
​ទន្ទឹមនេះ​ប្រជាកសិករ​ក៏បាន​យកចិត្តទុកដាក់​ពង្រីក​ការងារ​ដាំ​ដុះ​ដំណាំ​រួមផ្សំ​រដូវវស្សា​ឆ្នាំ​២០១៥​បាន​ចំនួន ៧២៨.៨២១​ហិកតា ស្មើនឹង​ជាង​១៣០​ភាគរយ​នៃ​ផែនការ កើន​លើស​ឆ្នាំមុន​ចំនួន​៧៩.២១៧​ហិកតា និង ដំណាំ​ឧស្សាហ​កម្មបាន​ចំនួន​១០៧.៨៨៧​ហិកតា ស្មើនឹង​ជាង ៨៣​ភាគរយ នៃ​ផែនការ តិចជាង​ឆ្នាំមុន ១២៤៩៦​ហិកតា​។​

​របាយការណ៍​បាន​កត់សម្គាល់ថា ឆ្នាំនេះ​ការ​ភ្ជួរ​រាស់​ដោយ​គ្រឿងចក្រ​គោយន្ត​ក្នុង​ទូទាំងប្រទេស មាន​អត្រា ប្រមាណ​៨៩,០៧​ភាគរយ​ចំណែក​ឯការ​ភ្ជួរ​រាស់​ដោយ​កម្លាំង​អូសទាញ​សត្វពាហនៈ​នៅសល់​១០,៩៣​ភាគរយ ប៉ុណ្ណោះ​ហើយ​ឆ្នាំ​នេះដែរ​ប្រជាកសិករ​ភាគច្រើន​ចូលចិត្ត​អនុវត្តន៍​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​ដោយ​ព្រោះ យកតែ​ម្តង​ជាង​ការដក​ស្ទូង ម្យ៉ាង​មកពី​ការរាំងស្ងួត​អូសបន្លាយ​យូរ​នៅ​ដើមរដូវ និង​ដោយសារ ខ្វះ​កម្លាំង ពលកម្ម ផងដែរ​៕​