ពលរដ្ឋ​អះអាង​ថា​ឈ្មួញ​បន្ត​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន អះអាង​ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​មូល​នៅ​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​មាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ទប់ស្កាត់​នៅ​ឡើយ។ លើស​ពី​នេះ ឈើ​មូល​ជាច្រើន​ម៉ែត្រ​គូប ត្រូវ​បាន​គេ​យក​មក​អារ​ច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង ដើម្បី​ដឹក​ចេញ​ទៅ​ក្រៅ ថា​ជា​ឈើ​ស្រប​ច្បាប់ ដោយ​មិន​ចាំបាច់​បង់​ពន្ធ ឬ​បង់​ពន្ធ​ក្នុង​តម្លៃ​ទាប។

អ្នក​ភូមិ​ស្រែគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ តុលា ថា ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃ​ដី​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ ដែល​កំពុង​ក្លាយ​ជា​ទីតាំង​ស្តុក​ឈើ ដែល​ឈ្មួញ​ដឹក​ពី​តំបន់​ឆ្ងាយៗ ដូចជា​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន ដូចជា​តំបន់​ព្រៃ​ស្រោង តំបន់​ព្រៃ​ចាស់ និង​ភ្នំ​ក្រឡាពស់ បន្ទាប់​មក​បាញ់​ថ្នាំ​សម្គាល់​ថា​ជា​ឈើ​ក្នុង​តំបន់​ផ្ទៃ​អាង ដើម្បី​ឲ្យ​ឈើ​ទាំង​នោះ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ និង​ដឹក​ចេញ​ក្រៅ​មិន​មាន​ការ​បង្ក្រាប។

អ្នក​ភូមិ​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត គឺ​លោក ពុធ ឃឿន រៀបរាប់​នៅ​ថ្ងៃ​ទី​១៨ តុលា ថា ឈើ​មុខ​កាត់​កម្ពស់​ប្រមាណ​ជាង ១​ម៉ែត្រ និង​តូច​ជាង​នេះ ឬ​ឈើ​ប្រភេទ​លេខ​១ លេខ​២ និង​លេខ​៣ ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​មក​ស្តុក​ទុក​ក្នុង​តំបន់​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឆ្ងាយ​ពី​ភូមិ​ស្រែគរ ប្រហែល ១​គីឡូ​ម៉ែត្រ​ឆ្លង​ទន្លេ​សេសាន រួច​កែច្នៃ​អារ​ច្រៀក និង​មាន​រថយន្ត​យីឌុប​ជាច្រើន​គ្រឿង ត្រៀម​ដឹក​ចេញ​នៅ​ពេល​យប់។ លោក​ថា សកម្មភាព​ដឹក​ជញ្ជូន​ឈើ​មក​ផ្ទុក​ក្នុង​ផ្ទៃ​អាង កើត​មាន​ឡើង​ជាច្រើន​ឆ្នាំ​កន្លង​មក ដែល​មាន​កម្មករ​មក​ពី​ខេត្ត​ឆ្ងាយ​រាប់​រយ​នាក់ ខ្លះ​ធ្វើ​ការ​ក្នុង​រោង​ច្រៀក​ឈើ និង​ខ្លះ​ទៀត​ជា​អ្នក​ស៊ី​ឈ្នួល​អារ​ឈើ​ក្នុង​ព្រៃ ជាដើម៖ «គេ​បង់​លុយ​ឲ្យ​មេការ​ណា​ដែល​ម៉ៅការ​ទិញ​ឈើ​នៅ​ក្នុង​បាត​អាង។ ក្រោយ​មក គេ​បង់​លុយ បង់​លុយ​ចូល​មក​កាប់​យ៉ាង​អនាធិបតេយ្យ។ គ្រប់​ប្រភេទ​ឈើ​ដែល​អាច​ប្រើ​ការ​បាន គឺ​ខ្ទេច​អស់។ ខ្ញុំ​គិត​ថា អ្នក​ដែល​នាំ​ក្រុមហ៊ុន​ចូល​ក្នុង​ដេប៉ូ​ហ្នឹង គួរ​តែ​ស៊ើប​អង្កេត​វែក​មុខ​ជន​ហ្នឹង ឲ្យ​ទទួល​ខុស​ត្រូវ​រឿង​ហ្នឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ំ រ៉េត ដើម្បី​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ តុលា។ ប៉ុន្តែ​លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុមហ៊ុន​មាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់​ជាតិ ក្នុង​ការ​អារ​ច្រៀក​ឈើ​ក្នុង​ផ្ទៃ​អាង និង​បង់​ពន្ធ​ជូន​រដ្ឋ​រួច​ហើយ។ លោក​បដិសេធ​ការ​លើក​ឡើង​របស់​ក្រុម​ប្រជាពលរដ្ឋ​ថា កន្លង​មក​មាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ធ្លាប់​បាន​ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន តែ​រក​មិន​ឃើញ​ដូច​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

អភិបាល​រង​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ បញ្ជាក់​ថា បញ្ហា​នេះ​គឺ​ជា​ភារកិច្ច​របស់​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ។ ដោយឡែក​ការ​កំណត់​ព្រំប្រទល់​ផ្ទៃ​អាង រដ្ឋាភិបាល​បាន​កំណត់​រួច​ហើយ ប៉ុន្តែ​លោក​ឲ្យ​ដឹង​ថា លោក​ពុំ​មាន​ផែនទី​ក្នុង​ដៃ​ទេ៖ «ស.ជ.ណ របស់​រដ្ឋាភិបាល​យើង​មាន​ហើយ ក្នុង​ការ​កំណត់​ផ្ទៃ​អាង​ប៉ុន្មាន? ប៉ុន្តែ​ចំណុច​ណា​ដល់​ណា ខ្ញុំ​អត់​មាន​ផែនទី​ក្នុង​ដៃ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែង លោក ឈៀង តុលា ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៨ តុលា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

ករណី​នេះ​ដែរ មន្ត្រី​ឃ្លាំ​មើល​ព្រៃ​ឈើ​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល រក​ឃើញ​ថា ឈើ​ដែល​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង​ដឹក​ចេញ​ពី​ក្រៅ​ផ្ទៃ​អាង មិន​មែន​ជា​រឿង​ថ្មី​ឡើយ ដែល​លោក​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ពី​អាជ្ញាធរ​ខេត្ត​នៅ​ឡើយ​ទេ។ លោក​ថា ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​កំណត់​ទីតាំង​ផ្ទៃ​អាង គឺ​ជា​ចេតនា​របស់​ក្រុមហ៊ុន​សម្អាត​ផ្ទៃ​អាង ឆ្លៀត​ឱកាស​ផ្សំ​គំនិត​បំផ្លាញ​​ព្រៃ​ឈើ ហើយ​អាច​មាន​ភាព​មិន​ប្រក្រតី​នៃ​ការ​ឃ្លាំ​មើល​សកម្មភាព​កាប់​ឈើ​សម្អាត​ផ្ទៃ​អាង​ដោយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ និង​អាជ្ញាធរ​ពាក់ព័ន្ធ៖ «ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ក្រៅ​បាត​អាង​ហ្នឹង គឺ​វា​មាន​ជា​យូរ​ណាស់​មក​ហើយ។ យើង​ចង់​និយាយ​ថា ដូចជា​មិន​មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ​អ៊ីចឹង។ ការ​សម្អាត​ផ្ទៃ​អាង​ហ្នឹង វា​សម្អាត ១០០​ឆ្នាំ​ហើយ​នៅ​មិន​ទាន់​អស់​ទេ។ អាជ្ញាធរ​ខេត្ត​ក៏ដោយ ជំនាញ​ក៏ដោយ គឺ​មិន​មាន​ការ​ទទួល​ខុស​ត្រូវ​អី​សោះ»

មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​បណ្ដាញ​ការពារ​ទន្លេ​បី គឺ​លោក មៀច មាន។ លោក​កត់​សម្គាល់​ថា ផ្លូវ​ស្ពាន​មួយ​ចំនួន​ត្រូវ​ខូច​ខ្ទេច ដោយសារ​រថយន្ត​ដឹក​ឈើ​របស់​ក្រុមហ៊ុន​នេះ ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ លោក​ទាមទារ​ឲ្យ​មាន​ការ​សិក្សា​ឡើង​វិញ​ឲ្យ​ច្បាស់លាស់ ដែល​អាជ្ញាធរ​ខេត្ត និង​ក្រសួង​ពាក់ព័ន្ធ មិន​គួរ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​នេះ​កើត​ឡើង​ដដែលៗ ដែល​អាជ្ញាធរ​ថ្នាក់​ឃុំ​ធ្លាប់​រាយការណ៍ និង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ស្រុក តែ​នៅ​មិន​មាន​ចំណាត់​ការ​នៅ​ឡើយ។

អ្នក​ភូមិ​ឲ្យ​ដឹង​ទៀត​ថា គិត​មក​ទល់​បច្ចុប្បន្ន ឈើ​នៅ​តំបន់​ទន្លេ​សេសាន​ក្រោម​ពីរ ត្រូវ​បាន​ក្រុមហ៊ុន​ឈូស​ឆាយ​សម្អាត​អស់​ប្រមាណ​ជាង ១០​ហិកតារ។ ដោយឡែក​ឈើ​ដែល​គេ​កាប់​នោះ មិន​មែន​សម្អាត​បាត​អាង​ទាំងអស់​នោះ​ទេ គឺ​គេ​កាប់​មក​ពី​ទីតាំង​ព្រៃ​ចាស់ ជាប់​ស្រុក​សៀមប៉ាង បើ​គិត​ពី​ផ្ទៃ​អាង​ចម្ងាយ​ប្រហែល​ជិត ៣០​គីឡូ​ម៉ែត្រ ដែល​ក្រុមហ៊ុន​នេះ​នៅ​តែ​មាន​ឈើ​ប្រភេទ​ទាំង​នេះ ដឹក​ជញ្ជូន​ចេញ​មិន​អស់​សោះ​ជាច្រើន​ឆ្នាំ​មក​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។