អាជ្ញាធរអប្សរា ប្រគល់ផ្លូវវាងក្រុង ១៥ គីឡូម៉ែត្រ ឲ្យសាលាខេត្តគ្រប់គ្រង និងឈប់យកសេវា

សៀមរាប: អាជ្ញាធរ​អប្សរា​បាន​យល់ព្រម​ប្រគល់​ផ្លូវ​វាង​ក្រុង​សៀមរាប ប្រវែង ១៥ គីឡូម៉ែត្រ​ឲ្យ​ទៅ​សាលា​ខេត្តសៀមរាប គ្រប់គ្រង​និង​ទទួលខុសត្រូវ​បន្ត​ចាប់ពីពេលនេះ​តទៅ មិនតែប៉ុណ្ណោះ​រាល់​កម្រៃ​សេវា​លើ​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ នឹង​លុបចោល​ទាំងស្រុង​។​
​    ​
​ពិធី​ប្រគល់ និង​ទទួល​ផ្លូវ​នេះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥​នេះ ដោយមាន​លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​អប្សរា ជា​អ្នក​ប្រគល់ និង​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប ជា​អ្នកទទួល​។​
​    ​
​យោងតាម​កិច្ចព្រមព្រៀង​ចុះ​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៥ រវាង​អាជ្ញាធរ​អប្សរា និង​សាលា​ខេត្តសៀមរាប មាន​ខ្លឹមសារ​ថា សាវតារ​របស់​ផ្លូវ​វាង​ក្រុង​សៀមរាប​មាន​ប្រវែង ១៥ គីឡូម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ បេនឡាន​ចុង​កៅស៊ូ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប រហូតដល់​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ ទីស្នាក់ការ​គយ​និង​រដ្ឋាករ ស្ថិតនៅ​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ជា​ប្រភេទ​ផ្លូវ​ដីស និង​ដីក្រហម ដោយមាន​ការ​ចរាចរ​យានយន្ត​គ្រប់​ប្រភេទ​ពុំ​អាច​ប្រើប្រាស់​ឆ្លងកាត់​បានទេ ភាគតិច​បំផុត​មានតែ​ប្រភេទ​រថយន្ត​ធុន​ធំៗ​ដឹកទំនិញ​ប្រើប្រាស់​លើផ្លូវ​នេះ​ម្តង​ម្តា​ល​។​
​    ​
​គំនិត​ផ្តួចផ្តើម​ពី​លោក​សៀង ណាំ កាលពី​ឆ្នា​២០០៧ ដោយមាន​បំណង​កែលម្អ​ផ្លូវ​នេះ​តាម​ប្រព​ន្ធ័​សាងសង់​-​អាជីវកម្ម​-​ផ្ទេរ BOT ដោយ​ក្រុមហ៊ុន Sonavith របស់លោក​សៀង ណាំ ចេញ​ដើមទុន​មុន​ចំនួន ៥១​ភាគរយ និង​ដើមទុន​របស់​អាជ្ញាធរ​អប្សរា ៤៩​ភាគរយ ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ ក្នុង​ទី​រួម​ខេត្ត​ចំណេញ​ពេលវេលា​សម្រាប់​រថយន្ត​ដឹកជញ្ជូន​ទំនិញ រថយន្ត​ដឹក​អ្នកដំណើរ ដោយ​ពុំ​បាច់​ចំណាយ​ពេលវេលា​រង់ចាំ​ឆ្លងកាត់​ចូល​ទី​រួម​ខេត្ត​ដូច​មុន ហើយ​គម្រោង​នេះ​ត្រូវ​បានទទួល​ការឯកភាព​ពី​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០០៧​។
​    ​
​ការកែលម្អ​ផ្លូវ​នេះ បាន​អនុវត្តបាន​ជាង​៣០​ភាគរយ រហូតដល់​ថ្ងៃទី​៣១ ខែសីហា ឆ្នា​២០០៨ ដោយ​ក្រុមហ៊ុន​ជួប​នូវ​បញ្ហា​ខ្លះៗ និង​បញ្ហា​បច្ចេកទេស​ក្នុងការ​អនុវត្ត​គម្រោង​BOT នេះ​ក្រុមហ៊ុន​បានស្នើ​សុំ​ផ្ទេរ​ការចូលរួម​ទុន​៥១​ភាគរយ នេះ​ជូន​មក​អាជ្ញាធរ​អប្សរា​វិញ និង​ស្នើ​បន្ត​សាងសង់​ផ្លូវ​នេះ​ដដែល​ដោយ​ក្រុមហ៊ុន​គ្រាន់តែ​ទទួលយក​ថ្លៃ​សាងសង់​ផ្លូវ​តែប៉ុណ្ណោះ ដែល​សំណើ​នេះ​ទទួលបាន​ការឯកភាព​ពី​រាជរដ្ឋាភិបាល​កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០០៨ ដោយ​ការចំណាយ​នេះ​បាន​ប្រើប្រាស់​ថវិកា​មូលនិធិ​អភិរក្ស និង​អភិវឌ្ឍ​តំបន់​អង្គរ សម្រាប់​ការងារ​សាងសង់​ចំនួន ៤.១៥៨.០០០ ដុ​លា្ល​រ​។​
​    ​
​ការកែលម្អ​ផ្លូវ​នេះ បានបញ្ចប់​គម្រោង​កាល​ពី​ក្នុង​ឆ្នាំ​២០០៩ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១០​។ មកដល់​បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា​បាន​អនុវត្ត​យក​ថ្លៃ​សេវា​ពី​ប្រភេទ​យានយន្ត​មួយចំនួន​តាម​ការសម្រេច​របស់​រាជរដ្ឋាភិបាល​។ ចំណូល​ដែល​ទទួល​បានជា​រៀងរាល់ឆ្នាំ​ត្រូវបាន​ចំណាយ​ផ្ទាល់​ក្នុងការ​ថែទាំ​ជួសជុល​ផ្លូវ​ជាប្រចាំ និង​ជា​ខួប ព្រមទាំង​ទៅលើ​បៀវត្សរ៍​បុគ្គលិក និង​ការងារ​ផ្សេងៗ​ទៀត ដែល​ចំណូល​ទាំងនេះ​នៅមានកម្រិត​ទាប​ជាង​ចំណាយ​ប្រចាំឆ្នាំ​នៅឡើយ​។​
​    ​
​ខ្លឹមសារ​ពិភាក្សា​រវាង​លោក​ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​អប្សរា ជាមួយ​លោក​ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប អំពី​លទ្ធភាព​ផ្ទេរ​ផ្លូវ​នេះ​ឲ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ខេត្ត ដោយ​ត្រូវ​លុបចោល​ទាំងស្រុង​នូវ​ការយកថ្លៃ​សេវា​ពី​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ហើយ​ការងារ​ថែទាំ និង​ជួសជុល​ជា​បន្ទុក​របស់​សាលាខេត្ត​សៀមរាប​។

​លោក​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀ​មា​ប បាន​ឯកភាព​ទាំងស្រុង​លើ​លទ្ធភាព​ផ្ទេរ​នេះ ជាមួយនឹង​ការគាំទ្រ​ពី​សំណាក់​លោក​ឧបនាយករដ្ឋមន្ត្រី​ទៀ បាញ់ ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ ជួយ​ខេត្តសៀមរាប ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស​ទី​៣ របស់​ក្រុមការងារ​ថ្នាក់ជាតិ​កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៥​កន្លងមក​។​

​ក្នុង​បរិបទ​ខាងលើ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​អគ្គនាយក​នៃ​អាជ្ញាធរ​អប្សរា បាន​ព្រមព្រៀងគ្នា​ដូចខាងក្រោម​៖ ទី​១.​ប្រគល់​ផ្លូវ​វាង​ខាងត្បូង​ក្រុង​សៀមរាប ដែលមាន​ប្រវែង​១៥​គីឡូម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ ចាប់ពី​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ បេនឡាន​ចុង​កៅស៊ូ ស្ថិតនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប រហូតដល់​ចំណុច​ផ្លូវបំបែក​ផ្លូវជាតិ​លេខ​៦ ទីស្នាក់ការ​គយ​និង​រដ្ឋាករ ស្ថិតនៅ​ភូមិ​សណ្តាន់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​បាន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ជូន​សាលា​ខេត្តសៀមរាប ដើម្បី​គ្រប់គ្រង​ថែរក្សា និង​ជួសជុល និង​ទី​២ លុបចោល​ទាំងស្រុង​នូវ​រាល់​ការយកថ្លៃ​សេវា​ពី​មធ្យោបាយ​ដឹកជញ្ជូន​គ្រប់​ប្រភេទ ដែល​ចរាចរ​នៅតាម​ផ្លូវ​នេះ​៕

​រូបភាព​៖ ផ្លូវ​វាង​ក្រុង​១៥​គីឡូម៉ែត្រ​ដែល​អាជ្ញាធរ​អប្សរា សំរេច​ប្រគល់​ឲ្យ​សាលា​ខេត្តសៀមរាប​គ្រប់គ្រង​និង​ឈប់​យក​សេវា​