ប្លន់​អា​រក​ដ៏​សាហាវ ពីរ​ករណី​មុន​ភ្ជុំបិណ្ឌ​នៅ​ខេត្តសៀមរាប ពេលនេះ​ប៉ូលិស​ងងឹត​សូន្យឈឹង​

សៀមរាប:  ប្លន់​អា​រក​ដ៏​សាហាវ​ផ្អើល​ពេញ​ក្រុង​សៀមរាប មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដែល​កើតមាន​ពីរ​ករណី​ផ្ទួនៗ​គ្នា​រហូតដល់​ពេលនេះ ប៉ូលិស​នៅ​ងងឹត​សូន្យឈឹង ដោយ​ប្រជាពលរដ្ឋ​អស់ជំនឿ ដោយ​ពួកគាត់​និយាយថា ភូមិ​ឃុំ​មាន​សុវត្ថិភាព​នៅ​ខេត្ត សៀមរាប មិនមាន​ប្រសិទ្ធភាព​ទេ​។​
​    ​
​ហេតុការណ៍​ប្លន់​ទី​១ កើតឡើង​នៅវេលា​ពាក់​កណ្តាលយប់ ថ្ងៃទី​៩​ខែតុលា​ឆ្នាំ ២០១៥ ស្ថិ​នៅក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណីនេះ គឺជា​ករណី​ប្លន់​ម៉ូតូ Zommer មួយគ្រឿង ស៊េរី​ឆ្នាំ​២០១៤ ពណ៌​សលាយ​ខៀវ ដោយ​ជនរងគ្រោះ​មានឈ្មោះ សឿន សុ​ឃីម ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជា​អ្នកបម្រើ​ការងារ​នៅ​ខារ៉ាអូខេ​មួយ​នៅក្នុង​ក្រុង​សៀមរាប និង​ស្នាក់​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណី​ប្លន់​នេះ​បង្កឡើង​ដោយ​ជនសង្ស័យ​ជា​បុរស​ចំនួន​២​នាក់ ប្រើប្រាស់​កាំបិត​ខ្វែវ អា​រក​និង​កាប់​ចំ​គុម្ពត្រចៀក​និង​ដៃ របួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​ដោយ​សុវត្ថិភាព​។​
​    ​
​ករណី​ប្លន់​ទី​២ កើតឡើង​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៥ ស្ថិត នៅ​ចំណុច​ក្រោយ​វត្ត​លើ ក្បែរ​កន្លែង​លក់​ទឹកត្នោតជូរ  ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។ ករណី​ប្លន់​នេះ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ឈ្មោះ ហួត ហុង​លី ភេទ​ប្រុស អាយុ ៣២​ឆ្នាំ អ្នក​បើកហាង​អ៊ុតសក់ ស្ថិតនៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ត្រូវ​ជនដៃដល់​កាប់​ជាច្រើន កាំបិត​មកលើ​ផ្ទៃមុខ​និង​បែក​ភ្នែក​ខាងឆ្វេង បណ្តាល​ឲ្យ​រងរបួស​ជា​ទម្ងន់ ហើយ​ជនល្មើស​បាន​ប្លន់​យក​ម៉ូតូ​ម៉ាក Dream 012 មាន​ស្លាក​លេខ ក្រចេះ ៣៦៣២ ដោយ​សុវត្ថិភាព​។​
​    ​
​ករណី​ប្លន់​ទាំងពីរ​ខាងលើ គឺ​បានធ្វើ​ឲ្យ​កក្រើក​និង​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប ព្រោះ​ករណី​ប្លន់​នេះ វា​មាន​សភាព​ផ្ទួនៗ​គ្នា​ហើយ​សាហាវ ដែល​ប្រជាពលរដ្ឋ​យល់ថា ករណីនេះ ជនដៃដល់​គឺជា​ក្រុម​តែមួយ​។​
​    ​
​ប្រភពពី​ប៉ូលិស​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា រហូតមកដល់​ពេលនេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ហើយ​ពួកគេ​អះអាងថា កំពុងស្ថិត​ក្នុង​ភាព​ងងឹត​សូន្យឈឹង​នៅឡើយ​។ ប៉ុន្តែ​មន្ត្រីប៉ូលិស​ផ្នែក​ជំនាញ​ខ្លះ​អះអាងថា ការស៊ើបអង្កេត​វា មាន​ពន្លឺ​វិជ្ជមាន​ច្រើន​។​
​    ​
​ដោយឡែក​ប្រជាពលរដ្ឋ​បាន​និយាយថា ករណី​ប្លន់ លួច​ម៉ួ​តូ ឆក់​កាបូប​ភ្ញៀវ គាបស៊ី​ភ្ញៀវ បានកើត​ឡើងជា​ហូរហែ ហើយ​សមត្ថកិច្ច​បង្ក្រាប​បាន​តិចតួច​ណាស់ ដែល​ករណីនេះ​ធ្វើ​ឲ្យ​មានការ​បាត់បង់​ជំនឿ មកលើ​សមត្ថកិច្ច​ហើយ​ពួកគាត់​ថា ភូមិ​ឃុំ​មាន​សុវត្ថិភាព ដែល​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ តែង​ផ្សព្វផ្សាយ​គ្រប់​មូលដ្ឋាន​មិនមាន​ប្រសិទ្ធភាព​ទេ​៕

                                                                                                             
​រូបភាពៈ  ប្លន់​អា​រក​ដ៏​សាហាវ ពីរ​ករណី​មុន​ភ្ជុំបិណ្ឌ​នៅ​ខេត្តសៀមរាប ពេលនេះ​ប៉ូលិស​ងងឹត​សូន្យឈឹង