ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ទីតាំង​ថ្មី​សំណូមពរ​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​៤​ចំណុច

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​រៀបចំ​ឱ្យ​មាន​សោភ័ណ​ភាព សណ្តាប់ធ្នាប់ នៅ​មុខ​ផ្សារ​ក្រោម​ក្នុង​ក្រុង​កំពង់ឆ្នាំង ក្នុង​គោលបំណង​កែ​លំអ​ទីក្រុង​ស្អាត ចូលរួម​ប្រលងប្រណាំង និង​ដើម្បី​រៀបចំ​ពី​ធី​បុណ្យ​អំ​ទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្ដែតប្រទីប​ក្នុង​ពេល​ខាង​មុខ​នេះ ដោយ​បាន​បណ្តេញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្តែត​ទឹក​មុខ​ផ្សារ​ក្រោម​ឱ្យ​ចាកចេញ​ទៅ​នៅ​ទីតាំង​ថ្មី ដែល​មាន​ចម្ងាយ​ជាង​២​គីឡូម៉ែត្រ​ពីមុខ​ផ្សារ​ក្រោម​រួច​មក បញ្ហា​ជា​ច្រើន​ត្រូវ​ចោទ​ឡើង លើ​ប្រជាពលរដ្ឋ​ខ្មែរ វៀតណាម និង​ខ្មែរឥស្លាម ដែល​បាន​ទៅ​តាំងទី​លំនៅ​ថ្មីទាំង​នោះ ។

ដោយសារ​តែ​ជួប​បញ្ហា​ជា​ច្រើន​បែប​នេះ​ហើយ ទើប​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ទីតាំង​ថ្មី​បាន​សំណូមពរ​ដល់​អាជ្ញាធរ​ខេត្ត​មេត្តា​គិតគូរ​ដល់​ពួក​គាត់​ផង ហើយ​បញ្ហា​ទាំង​អស់នេះ​មិនដឹង​ថា អាជ្ញាធរ​ខេត្ត​នឹង​ជួយ​បាន​ក្នុង​កម្រិត​ណា​នោះ​ទេ ? តែ​នេះ​ជា​សំណូមពរ​របស់​ពួក​គាត់​តែ​ប៉ុណ្ណោះ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ជា​សំណូមពរ​ថា ទី​១-​ពួក​គាត់​ត្រូវការ​លើក​ផ្លូវ​មួយ​ខ្យែ​លើ​ផ្លូវ​ដែល​មាន​ស្រាប់​ពី​ចំណុច​ភូមិ​ចុង​កោះ​មក​ដល់ទី​តាំង​ដែល​ពួក​គាត់​រស់នៅ ដើម្បី​អាច​ទៅ​ផ្សារ​តាម​ផ្លូវ​នេះ​បាន​, ​ទី​២-​ពួក​គាត់​ត្រូវការ​ឱ្យ​មាន​ចរន្តអគ្គិសនី​មក​ដល់​តំបន់​ដែល​គាត់​រស់នៅ​, ទី​៣-​បើ​អាច​ប្តូរ​បាន ពួក​គាត់​ចង់ទៅ​រស់នៅ​ប៉ែក​ខាងក្រោម​នៃ​វត្ត​លោក​យួន គឺ​ទៅ​ប៉ែក​ខាងត្បូង​មុខ​ផ្សារ​ក្រោម​វិញ ព្រោះ​នៅ​ទីនោះ​មានទឹក​ជ្រៅ​អាច​ឱ្យ​ពួក​គាត់​ចិញ្ចឹម​ត្រី និង​ប្រកប​របរ​ចិញ្ចឹមជីវិត​បាន និង​ទី​៤-​គឺ​ពួក​គាត់​ត្រូវការ​មាន​សមត្ថកិច្ច​នគរបាល​ការពារ ព្រោះ​សព្វថ្ងៃ​ពួក​គាត់​ព្រួយ​បារ​ម្ភខ្លាំង​ណាស់​ពី​សុវត្ថិភាព​របស់​ពួក​គាត់ ម៉្យាង​ទៀត​​ប៉ុន្មាន​ថ្ងៃមុន​នេះ​មាន​ក្រុម​ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ជិះ​កាណូត​មក​ដេញ​វ៉ៃ​គ្នា​ឡើង​ដល់​លើ​ផ្ទះ​ពួក​គាត់​រស់នៅ​ ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ភ័យ​រត់​ពួន​អស់ ។

ជុំវិញ​បញ្ហា​នេះ លោក​ ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​ថា ទី​១-​បញ្ហា​ធ្វើ​ផ្លូវ យើង​មាន​គម្រោង​រួច​ហើយ ដែល​នៅ​ក្នុង​ខែវិច្ឆិកា​នេះ​នឹង​មាន​គម្រោង​ជាមួយ ADB ថា​នឹង​ត្រូវ​លើក​លើ​ទំនប់​ធ្វើ​ជា​ផ្លូវ និង​កសាង​ច្រាំង​ទន្លេ​ពីមុខ​វត្ត​យាយ​ទេព ដល់​ហួស​ទំនប់​អាន​កូ ដែល​មាន​ចម្ងាយ​ជាង​៤​គីឡូ​មែ​ត្រ ក្នុង​នោះ​នឹង​កសាង​សួនច្បារ​តាម​នោះ​ផង​ដែរ​, ទី​២-​រឿង​អគ្គិសនី​វិញ​កំពុង​ឱ្យ​គេ​សិក្សា តើ​គួរ​ដាក់​តាម​ណា​ឱ្យ​បាន​ល្អ​, ទី​៣-​រឿង​ចិញ្ចឹម​ត្រី​គឺ​មិន​ហាមឃាត់​ទេ ហើយ​កំពុង​ឱ្យ​ខាង​ជំនាញ​សិក្សា​រឿង​បូម​ដី​ឱ្យ​ទឹក​ជ្រៅ ដើម្បី​ពួក​គាត់​អាច​ចិញ្ចឹម​ត្រី​បាន ប៉ុន្តែ​រឿង​ផ្ទះ​នៅ​លើ​ទឹក ថ្ងៃ​មុខ​នឹង​លែងឱ្យ​មាន​ទៀត​ហើយ រួម​ទាំង​អាជីវកម្ម បញ្ចូល​អា​គុយ ជួសជុល​ម៉ាស៊ីន​ជាដើម ព្រោះ​បរិស្ថាន​ន​គឺជា​រឿង​សំខាន់​ខ្លាំង​ណាស់ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​គ្រួ​សារបាន​ប្រើប្រាស់​ទឹកទន្លេ និង​ទី​៤-​ដោយឡែក​រឿង​សន្តិ​សុខ​វិញ គឺ​បាន​គិតគូរ​ខ្លាំ​ណាស់ បញ្ហា​នេះ​គឺ​បាន​គិត​ពី​ដំបូង​មក​ម៉្លេះ ពេល​នេះ​កំពុង​មាន​ផែនការ​ហើយ គឺ​ក្រៅពី​កម្លាំង​សមត្ថកិច្ច​នគរបាល យើង​នឹង​រើស​ប្រជា​ការពារ​ទៀត ទោះជា​ជនជាតិ​វៀតណាម​ក៏​ដោយ ក៏​យក​ធ្វើ​ប្រជា​ការពារ​បាន​ដែរ ព្រោះ​ដើម្បី​ការពារ​ទីកន្លែង​របស់​គាត់​រស់នៅ ៕