ព្រះមហាក្សត្រ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​ថ្ងៃ​ទី​១៩-២២​តុលា

ព្រះមហាក្សត្រ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​នឹង​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​ទី​២២ ខែ​តុលា។

សម្ដេច​ព្រះ​នរោត្តម សីហមុនី មាន​ព្រះរាជ​បន្ទូល​នៅ​ក្នុង​ព្រះរាជសារ​របស់​ព្រះអង្គ ចុះ​ថ្ងៃ​ទី​១៨ ខែ​តុលា ថា ព្រះអង្គ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​សម្រាក​ព្រះ​កាយ​នៅ​ទីក្រុង​វ៉េ (Hue) និង​ទីក្រុង​ដាឡាត (Dalat) ប្រទេស​វៀតណាម ទៅ​តាម​សំណើ​សូម​យាង​របស់​រដ្ឋាភិបាល​វៀតណាម។

ព្រះអង្គ​មាន​ព្រះរាជ​បន្ទូល​ថា នៅ​ក្នុង​ឱកាស​អវត្តមាន​របស់​ព្រះអង្គ ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ នឹង​ទទួល​ជួយ​ព្រះអង្គ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​ស្តីទី។

ព្រះរាជ​បំពេញ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ ទៅ​កាន់​ប្រទេស​វៀតណាម គឺ​ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង ដឹក​នាំ​គណៈ​ប្រតិភូ​ខ្មែរ​ចូលរួម​កិច្ច​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា-វៀតណាម ស្ដីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហូជីមិញ (Ho Chi Minh) ប្រទេស​វៀតណាម ចាប់​ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​១៩ ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។