ពលរដ្ឋ​​អស់ជំនឿ​លើ​សមត្ថកិច្ចខេត្តស្ទឹងត្រែង ព្រោះ​បាត់​ម៉ូតូ​រក​មិន​ដែល​ឃើញ

ខេត្តស្ទឹងត្រែង ៖ ប្រជាជន​រស់នៅ​ខេត្តស្ទឹងត្រែង​កំពុង​តែ​ភ័យ​ព្រួយ​អំពី​សកម្មភាព​របស់​ក្រុម​ចោរ​ដែល​តែងតែបាន​លួច​កាច់​សោ​ម៉ូតូ​ទាំងថ្ងៃទាំងយប់​យក​ទៅ​បាត់​ស្រមោល​គ្មាន​ចោល​ដាន​អ្វី​សោះ ខណៈ​ដែល​ខេត្ត​តូច​មួយ​នេះ​មាន​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​រាប់​ពាន់​នាក់ ។

ប្រ​ព​ភ​ព័ត៌មាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​រស់នៅ​ខេត្តស្ទឹងត្រែង​ខ្លះ​មាន​ជំនឿ​តិចតួច ខ្លះ​ទៀត​អស់ជំនឿ​ទៅ​លើ​សមត្ថកិច្ច​ហើយ គ្រា​ដែល​ម៉ូតូ​ស៊េរី​ទំនើប និង​ម៉ូតូ​គ្រប់​ស៊េរី​នាំ​ចូល​អត់​ពន្ធ​រាប់​សិប​គ្រឿង​ត្រូវ​បាន​ចោរលួច​ទៅ​បាត់ ហើយ​ពុំ​មាន​លទ្ធភាព​រក​ឃើញ​មក​វិញ​ឡើយ ។ ប្រភព​ដដែល​បន្ត​ថា ម៉ូតូ​របស់​ពួក​គាត់​ក្រោយ​ពេល​បាត់​ដោយ​ចោរលួច ពួក​គាត់​ភាគច្រើន​មិន​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ទេ ដោយសារ​តែ​ការ​ជូនដំណឹង​ហើយ​ពុំ​មាន​ចំណាត់ការ ឬ​ដាក់​កម្លាំង​ស្ទាក់​រុករក​ឡើយ ដែល​ផ្ទុយ​ពី​មុន​គ្រាន់តែ​ជូនដំណឹង​កម្លាំង​ចេញ​ស្ទាក់​ស្កេ​ក​ស្កាស់​ស្ទើរ​គ្រប់​ផ្លូវ ហើយ​សកម្មភាព​មុន និង​ក្រោយ​នោះ​គេ​មិនដឹង​ថា​មាន​អ្វី​កើតឡើង​សម្រាប់​កម្លាំង​សមត្ថកិច្ច​នោះ​ទេ ។

ប្រភព​ពី​សមត្ថកិច្ច​សុំ​មិន​បញ្ចេញ​ឈ្មោះ​បានឱ្យ​ដឹង​ថា ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​តាម​បណ្តា​ស្រុក​ទាំង​៤ រួម​មាន​ស្រុក​សៀម​បូក ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ា​ង ព្រមទាំង​ក្រុង​ស្ទឹង​ត្រែង មាន​ករណី​ចោរលួច​ម៉ូតូ​ញឹកញាប់​ណាស់ ហើយ​រក​មិនឃើញ​រាប់​សិប​គ្រឿង​ហើយ ចាប់ពី​ដើម​ខែមករា​ដល់​ពាក់កណ្តាល​ខែតុលា​ ២០១៥នេះ ។ ប្រភព​ដដែល​បន្ត​ថា ពាក់ព័ន្ធ​រឿង​អវិជ្ជមាន​ខាងលើ​ កម្លាំង​នគរបាល​ក៏​បាន​បង្ក្រាប និង​ដកហូត​ម៉ូតូ​មក​វិញ​បាន​ចំនួន​៧​គ្រឿង និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​៨​នាក់​បញ្ជូន​ទៅ​ពន្ធនាគារ​ដែរ នេះ​បើ​តាម​របាយការណ៍​របស់​នគរបាល តែ​ពាក់ព័ន្ធ​នឹង​បាត់​ម៉ូតូ​គឺ​ពុំ​ទទួល​បាន​ច្បាស់លាស់​នោះ​ទេ ដោយ​មាន​លេចឮ​ថា របាយការណ៍​បាត់​ម៉ូតូ​ដែល​កើត​មាននៅ​ខេត្តស្ទឹងត្រែង​ត្រូវ​គេ​បិទ​បាំង​មិន​ឱ្យ​បញ្ចេញ​ទៅ​អ្នកកាសែត និង​ថ្នាក់លើ​ឡើយ ។

ប្រភព​ព័ត៌មាន​ដែល​បង្ហើប​ចេញពី​សមត្ថកិច្ច​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​នោះ​បាន​បញ្ជាក់​បន្ថែម​ថា ម៉ូតូ​ដែល​បាត់​ចេញពី​ខេត្តស្ទឹងត្រែង​ទាំងមូល​គិត​ចាប់​ពី​​ដើម​ខែមករា​ដល់​ពាក់កណ្តាល​ខែតុលា​ ២០១៥​នេះ​ មាន​ជាង​៤០​គ្រឿង នេះ​មិន​បូក​បញ្ចូល​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​រាប់​សិប​គ្រឿង​ទៀត​ដែល​បាត់​ទៅ​ហើយ​មិន​រាយការណ៍​ប្រាប់​សមត្ថកិច្ចផង ។

លោក ហម ប៊ុ​ន​ធែ​ល ស្នងការ​រង​ទទួល​បន្ទុក​ការិយាល័យ​កណ្តាល​នគរបាល​យុត្តិធម៌​បាន​ប្រាប់​«​កោះសន្តិភាព​»​ថា​ ពាក់ព័ន្ធ​ករណី​ចោរកម្ម​នៅ​ខេត្តស្ទឹងត្រែង​គឺ​មានការ​កើតឡើង​តិចតួច ហើយ​ភាគច្រើន​ប្រជាពលរដ្ឋ​ដែល​បាន​បាត់​ម៉ូតូ​ពួក​គាត់​មិនសូវ​ផ្តល់​ដំណឹង ឬ​រាយការណ៍​ដល់​សមត្ថកិច្ច​ទេ ហើយ​ប្រជាពលរដ្ឋ​ខ្លះ​គាត់​មិន​មានការ​ប្រុង​ប្រយ័ត្ន និង​ច្រឡំ​ដោយ​ខ្លួនឯង រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​បាត់​ម៉ូតូ ពេល​ឃើញ​ដោយ​ខ្លួនឯង​វិញ​មិន​បាន​ប្រាប់​មក​សមត្ថកិច្ច​វិញ​ទេ ហើយ​ពាក់ព័ន្ធ​នឹង​របាយការណ៍​បាត់​ម៉ូតូ​មិនដឹង​ថា​ប៉ុន្មាន​គ្រឿង​នោះ​ទេ ទាល់តែ​ឆែក​ក្នុង​កុំព្យូទ័រ​ទើប​ដឹង ៕