កម្មករ​ត្អូញត្អែរ​ថា​តម្លៃ​រថយន្ត​ឈ្នួល​ជិះ​ត្រឡប់​ចូល​ក្រុង​ភ្នំពេញ​ថ្លៃ​លើស​ធម្មតា

កម្មករ​កម្មការិនី​ភាគ​ច្រើន វិល​ចូល​ក្រុង​វិញ​នៅ​ថ្ងៃ​ទី​១៨ តុលា ដើម្បី​បន្ត​ការងារ​បន្ទាប់​ពី​បាន​ឈប់​សម្រាក​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ​ជាង​មួយ​សប្ដាហ៍​កន្លង​មក។ ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​តាម​រថយន្ត​ឈ្នួល​តូចៗ ដឹក​ទំនិញ​សំពីងសំពោង​ចូល​មក​ទីក្រុង​ភ្នំពេញ​តាម​ផ្លូវ​ជាតិ​នានា ប៉ុន្តែ​តម្លៃ​រថយន្ត​ឈ្នួល​ពេល​ជិះ​វិល​ត្រឡប់​មក​នេះ គឺ​ថ្លៃ​លើស​ពី​ថ្ងៃ​ធម្មតា។

កម្មករ​កម្មការិនី​ដែល​នាំ​គ្នា​សម្រុក​ចូល​រាជធានី​ភ្នំពេញ​វិញ នៅ​ថ្ងៃ​អាទិត្យ ទី​១៨ តុលា ដែល​ជា​ថ្ងៃ​ឈប់​សម្រាក​ចុង​ក្រោយ បន្ទាប់​ពី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​បាន​បញ្ចប់ ពួក​គាត់​ភាគ​ច្រើន​ជិះ​ឡាន​ប្រជ្រៀត​គ្នា។

ស្រប​ពេល​ដែល​កម្មករ​កម្មការិនី​វិល​មក​កាន់​ផ្ទះ​ជួល​រៀងៗ​ខ្លួន​វិញ​នេះ ពួក​គាត់​ខ្លះ​ត្អូញ​ថា ម្ចាស់​រថយន្ត​ឆ្លៀត​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ប្រាំ​ពាន់​រៀល ឬ​មួយ​ដុល្លារ​ម្ភៃ​ប្រាំ​សេន​ក្នុង​មនុស្ស​ម្នាក់ លើស​តម្លៃ​ធម្មតា។

កម្មករ​សំណង់​មួយ​រូប​មក​ពី​ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង លោក ភិន ផាន មាន​ប្រសាសន៍​ថា ការ​ដំឡើង​ថ្លៃ​រថយន្ត​ឈ្នួល​ប្រាំ​ពាន់​រៀល​នេះ ហាក់​ច្រើន​គួរ​សម​សម្រាប់​កម្មករ​ដូចជា​រូប​លោក ដែល​ទទួល​បាន​ប្រាក់​ខែ​ទាប​នៅ​ឡើយ​នេះ៖ «គេ​ឡើង​ថ្លៃ​ប្រាំ​ពាន់​រៀល។ ធម្មតា​ត្រឹម​តែ​មួយ​ម៉ឺន​ប្រាំ​ទេ ហើយ​ឥឡូវ​គេ​ឡើង​ដល់​ពីរ​ម៉ឺន មិន​ដឹង​មូលហេតុ​ដែរ​ទេ។ តម្លៃ​ដូច​ឡាន​នៅ​ស្រុក​គេ ទោះ​បី​ជា​បុណ្យ​ទាន​យ៉ាង​ម៉េច ក៏​នៅ​តម្លៃ​ដដែល អត់​មាន​ឡើង​ថ្លៃ​ទេ ថ្ងៃ​ធម្មតា​យ៉ាង​ម៉េច គឺ​អ៊ីចឹង។ ដល់​យើង​ឡើង​អ៊ីចឹង សម្រាប់​ពួក​ខ្ញុំ​កម្មករ (ប្រាំ​ពាន់​រៀល) ច្រើន​ដែរ​បង!»

លោក ភិន ផាន បន្ត​ថា ទោះ​ជា​ម្ចាស់​ឡាន​ដំឡើង​ថ្លៃ​ដូច្នេះ​ក្ដី ក៏​លោក​ត្រូវ​តែ​បង្ខំ​ចិត្ត​ជិះ ពីព្រោះ​លោក​មិន​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ណា​ផ្សេង​ដែល​ប្រសើរ​ជាង​នេះ​ទេ។

ទន្ទឹម​គ្នា​នឹង​ការ​ត្អូញត្អែរ​នេះ​ដែរ មាន​កម្មការិនី​ជា​អ្នក​ដំណើរ​ខ្លះ​ទៀត ដូចជា កញ្ញា យី វី និង​អ្នកស្រី ខៃ សូត ចាត់​ទុក​ថា ការ​ដំឡើង​ថ្លៃ​ឈ្នួល​រថយន្ត​ប្រាំ​ពាន់​រៀល​នេះ សម្រាប់​ពួក​គាត់​អាច​ទទួល​យក​បាន។ កម្មករ​ម្នាក់​ទៀត គឺ​លោក ផន ឈាន បន្ទរ​ថា តម្លៃ​នេះ​សម​ល្មម ព្រោះ​នៅ​ថ្ងៃ​អាទិត្យ ដែល​ជា​ថ្ងៃ​សម្រាក​ចុង​ក្រោយ​នេះ មាន​អ្នក​ដំណើរ​វិល​មក​វិញ​ច្រើន ដើម្បី​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ តុលា៖ «និយាយ​រួម​ទៅ មនុស្ស​វា​ច្រើន​អ៊ីចឹង បើ​យើង​មិន​ជិះ វា​អត់​បាន​ជិះ​មក។ វា​អត់​ជម្រើស ព្រោះ​យើង​ត្រូវ​ដល់​ថ្ងៃ​ធ្វើ​ការ​ហើយ ស្អែក​ថ្ងៃ​ច័ន្ទ។ បើ​តម្លៃ​មួយ​ម៉ឺន​ប្រាំ (១៥.០០០) រៀល អាច​ត្រឹម​បេន ឬ​ត្រឹម​ក្បាល​ថ្នល់ អា​ហ្នឹង​តម្លៃ​ធម្មតា​មួយ​ម៉ឺន​ប្រាំ។ បើ​ទៅ​ដល់​ផ្ទះ គេ​យក​ពីរ​ម៉ឺន​ជូន​ទៅ​ដល់​ផ្ទះ។ ផ្ទះ​យើង​នៅ​ទួលសង្កែ ដាក់​ដល់​ទួលសង្កែ។ ពេល​មក ក៏​គេ​ជូន​ដល់​ផ្ទះ ជូន​មក​ដល់​នេះ ក៏​ជូន​ដល់​ផ្ទះ​ដែរ។ តម្លៃ​ពីរ​ម៉ឺន​ជា​តម្លៃ​សមរម្យ»

កាល​ពី​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ​បិណ្ឌ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ដល់​ម្ចាស់​រថយន្ត​ឈ្នួល កុំ​ឲ្យ​ដំឡើង​ថ្លៃ​ឈ្នួល​ខ្ពស់​ហួសហេតុ ពេល​កម្មករ​សម្រុក​ចូល​ក្រុង ដើម្បី​មក​ធ្វើ​ការ​វិញ។ ការ​អំពាវនាវ​របស់​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ទប់ស្កាត់​កុំ​ឲ្យ​ម្ចាស់​រថយន្ត​ឈ្នួល​ដំឡើង​ថ្លៃ​ពេល​ពិធី​បុណ្យ​ភ្ជុំ​នេះ ត្រូវ​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា ជា​ការ​អំពាវនាវ​គ្មាន​ប្រសិទ្ធភាព​ឡើយ ព្រោះ​រដ្ឋាភិបាល​គ្មាន​យន្តការ​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់ ពោល​គឺ​ការ​អំពាវនាវ​នេះ​មិន​មែន​ជា​បញ្ជា ឬ​មិន​មែន​ជា​ច្បាប់​នោះ​ឡើយ។

ឆ្លើយ​តប​នឹង​ការ​យក​ថ្លៃ​លើស​តម្លៃ​ធម្មតា​នៅ​ពេល​កម្មករ​សម្រុក​ចូល​មក​រាជធានី​ភ្នំពេញ​នេះ ម្ចាស់​រថយន្ត​ឈ្នួល​មក​ពី​ខាង​ខេត្ត​ស្វាយរៀង គឺ​លោក ដួង សារ៉ុម បញ្ជាក់​បន្ថែម​ថា ដោយសារ​តែ​លោក​ត្រូវ​ទៅ​ទទួល និង​ដាក់​អ្នក​ដំណើរ​ដល់​ទី​កន្លែង គួប​ផ្សំ​នឹង​តម្លៃ​សាំង​នៅ​តែ​ថ្លៃ ទើប​លោក​សម្រេច​ចិត្ត​ដំឡើង​បែប​នេះ៖ «ហួស​ស្វាយរៀង ចុះ​ទៅ​តាម​ផ្លូវ​លំ​ទៀត ឆ្ងាយ។ ពីរ​ម៉ឺន ខ្ញុំ​ដើរ​ជូន​ដល់​ឆ្ងាយៗ​ណាស់ ដល់​គីឡូម៉ែត្រ​លេខ​៦ លេខ​៩ អី មិន​ដូច​គេ​បេន​ទេ។ នេះ​យើង​ដើរ​ជូន​ដល់​កន្លែង ដល់​ផ្ទះ»

រហូត​មក​ដល់​ថ្ងៃ​ទី​១៨ តុលា រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ និង​ស្បែក​ជើង​ភាគ​ច្រើន​បំផុត នៅ​មិន​ទាន់​បើក​ដំណើរ​ការ​វិញ​ទេ បន្ទាប់​ពី​បាន​អនុញ្ញាត​ឲ្យ​កម្មករ​កម្មការិនី ឈប់​សម្រាក​សម្រាប់​បុណ្យ​ភ្ជុំ​បិណ្ឌ​កាល​ពី​ដើម​សប្ដាហ៍​មុន។ កម្មករ​កម្មការិនី​រោងចក្រ​ឈប់​សម្រាក​ពី​ការងារ​រយៈពេល​ជាង​មួយ​សប្ដាហ៍ គឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១១ តុលា មក។

ការ​ដំឡើង​តម្លៃ​ថ្លៃ​ឈ្នួល​ដឹក​ជញ្ជួន​នេះ ជាទូទៅ​ត្រូវ​គេ​មើល​ឃើញ​ថា ម្ចាស់​រថយន្ត​ឈ្នួល​តែង​តែ​ដំឡើង​ថ្លៃ​នៅ​រៀង​រាល់​ពិធី​បុណ្យ​ទាន​ធំៗ ដូចជា​ពិធី​បុណ្យ​ភ្ជុំ ពិធី​ចូល​ឆ្នាំ និង​ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។