អ៊ីរ៉ង់​និយាយ​ថា តេស្ត​មីស៊ីល​មិន​រំលោភ​បំពាន​សេចក្តី​សម្រេច​អ.ស.ប

អ៊ីរ៉ង់​និយាយ​ថា តេស្ត​មីស៊ីល​មិន​រំលោភ​បំពាន​សេចក្តី​សម្រេច​អ.ស.ប

រដ្ឋមន្រ្តី​ក្រសួងការបរទេស​អ៊ីរ៉ង់​លោក Mohammad Javad Zarif (ទីបី​ពី​ខាង​ឆ្វេង) ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​រដ្ឋមន្រ្តី​ការបរទស​អាល្លឺម៉ង់​លោក Frank-Walter Steinmeier (ទី​បី​ពី​ខាង​ស្តាំ) នៅ​ក្រុង​តេរ៉ង់ នា​ថ្ងៃ​ទី១៧ ខែ​តុលា ឆ្នាំ​២០១៥។

ប្រទេស​អ៊ីរ៉ង់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់​សហរដ្ឋអាមេរិក​ និង​បារាំង​ថា ​ការ​សាកល្បង​កាំជ្រួច​មីស៊ីល​កាល​ពី​ពេល​ថ្មី​ៗ​នេះ​របស់​ខ្លួន​បាន​រំលោភ​សេចក្តី​សម្រេច​របស់​អ.ស.ប​ដោយ​និយាយ​ថា ការ​រឹតត្បិត​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប ​អនុវត្ត​តែ​ទៅ​លើ​កាំជ្រួច​មីស៊ីល​ ដែល​រចនា​ឡើង​ដើម្បី​ផ្ទុក​ក្បាល​នុយក្លេអ៊ែរ​តែ​ប៉ុណ្ណោះ។

ថ្លែង​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​រដ្ឋ​ធានី​តេរ៉ង់ ​លោក Mohammad Javad Zarif រដ្ឋ​មន្រ្តី​ការ​បរទេស​អ៊ីរ៉ង់ ​បាន​និយាយ​ថា «​គ្មាន​កាំជ្រួ​ច​មីស៊ីល​របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ​បាន​ត្រូវ​រចនា​ឡើងសម្រាប់​ផ្ទុក​ក្បាល​នុយក្លេអ៊ែរ​នោះ​ទេ‍»។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ Zarif និយាយ​ថា​ «​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​បាន​បង្ហាញរួច​មកហើយ ​និង​បាន​បង្ហាញ​ម្តង​ទៀត​ថា ​អាវុធ​នុយក្លេអ៊ែរ​មិនមាន​ទី​កន្លែង​នៅ​ក្នុង​ទ្រឹស្តី​វិស័យការពារ​ប្រទេស​របស់​យើង​ទេ ​ហើយ​យើង​ក៏​មិន​ឲ្យ​មាន​ទី​កន្លែង​នៃ​ទ្រឹស្តី​នេះ​ដែរ ដូច្នេះ​កាំជ្រួច​មីស៊ីល​របស់​យើង​មិន​បាន​រចនា​ឡើង​ ដើម្បី​ផ្ទុក​ក្បាល​កាំជ្រួច​នុយក្លេអ៊ែរ​ទេ ​ពីព្រោះយើង​មិន​ដែល​មាន​ផែនការបង្កើត​ក្បាល​អាវុធ​នុយក្លេអ៊ែរ​ ហើយក៏​មិន​ចង់​មាន​ដែរ‍»។

អត្ថាធិប្បាយ​របស់​លោក Zarif បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ ​បន្ទាប់​ពី​លោកស្រី Samantha Power ឯក​អគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​អ.ស.ប បាន​និយាយ​សំដៅ​ដល់​ការ​បាញ់​បង្ហោះ​កាំជ្រួច​វង់​ប្រតិបត្តិការ​វែងនៅ​ថ្ងៃ​ទី​១០ ​ខែ​តុលា​នេះ។​ លោកស្រី​ឯកអគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ​កាំជ្រួច​មីស៊ីលនោះ ​អាច​មាន​សមត្ថភាព​ផ្ទុកអាវុធ​នុយក្លេអ៊ែរ ​ហើយ​លោកស្រី​ឯក​អគ្គរដ្ឋ​ទូត ​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​នឹង​ឆ្លើយ​តប​ដោយ​មាន​ចំណាត់​ការ​សមរម្យនៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​របស់​អ.ស.ប។

នៅ​ក្បែរ​លោករដ្ឋ​មន្រ្តី​ការបរទេស​អ៊ីរ៉ង់ Zarif ​កាល​ពី​ថ្ងៃ​សៅរ៍​គឺ​ លោក Frank – Walter Steinmeier រដ្ឋ​មន្រ្តី​ការ​ប្រទេស​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​មិន​ប្រើប្រាស់​សេចក្តី​រាយការណ៍​របស់​បណ្តាញ​ព័ត៌មាន ​ដើម្បី​សម្រេច​ថាតើ​ការ​រំលោភ​ច្បាប់​អន្តរជាតិ​មាន​ដែរ​ឬទេ​នោះ​ឡើយ៕